បរាភវសូត្រ» ជា​អ្វី?

បរាភវសូត្រ គឺ​ជា​ធម៌​​សម្ដែង​នូវ​វិនាស​ទាំង​១២​ប្រការ ដែល​ជា​ការ​​ទូល​សួរ​របស់​ទេព្ដា និង​ការ​ឆ្លើយ​តប​​របស់​ព្រះ​សាស្ដា។ ព្រះ​ធម៌​នេះ ត្រូវ​បាន​ខ្មែរ​យើង​​យក​មក​សូត្រ​ជា​បទ​បឋ្យាវត្ត មាន​ភាគ​អន្លង់​អន្លូច​គួរ​ស្ដាប់​ក្រៃលែង ហើយ​​មាន​សូត្រ​តែ​រង្វង់​ពេល​ព្រឹក​នៃ​ទេសកាល​បិណ្ឌ​ភ្ជុំ​ទាំង​១៥​ថ្ងៃ​ នេះ​ទេ។

បរាភវសូត្រ
(បទបឋ្យាវត្ត)


បរាភវន្តំ បុរិសំ មយំ បុច្ឆា… មគោតមំ
ភវន្តំ បុដ្ឋុមាគម្ម កឹ… បរា…ភវតោ មុខំ។

យើងខ្ញុំទាំងឡាយ មកសូមទូលសួរ នូវហេតុដែលគួរ ចម្រើនវិនាស
ប្រុសស្រីក្នុងលោ កសន្និវាស ដែលនឹងវិនាស សាបសូន្យចាកគុណ។

ឆ្ពោះព្រះគោតម ព្រះអង្គមានបុណ្យ មេត្តានិមន្ត សម្តែងឲ្យទាន
ធម្មជាតដូចម្តេច ដែលជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

(ព្រះសាស្តា ឆ្លើយតបនឹងទេព្តាថា)
សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ
ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី បរាភវោ។

អ្នកដែលចម្រើន គេក៏អាចស្គាល់ងាយអ្នកដែលអន្តរាយ គេក៏អាចស្គាល់ពិត
អ្នកប្រាថ្នាធម៌ ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្ត នឹងបានចម្រើន។

អ្នកដែលទ្រុស្តធម៌ ស្អប់ធម៌ឥតកើន ឥតកើនចម្រើន វិនាសទៅមុខ។

ឥតិ ហេតំ វិជានាម បឋមោ សោ បរាភវោ
ទុតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ
អសតំ ធម្មរោចេតិ តំ បរាភវតោ មុខំ។

អ្នកដែលស្រឡាញ់ ពេញចិត្តសេ្នហា តែនឹងមនុស្សណា អសប្បុរស
តែងមិនស្រឡាញ់ ពេញចិត្តទាំងអស់ នឹងអ្នកសប្បរស មកធ្វើជាមិត្រ។

សេចក្តីស្រឡាញ់ ពេញចិត្តគំនិត ហើយទៅគប់ពិត អសប្បុរស
គាប់ចិត្តក្នុងធម៌ ឬមួយរបស់ ហេតុនៅទាំងអស់ នាំឲ្យវិនាស។

ឥតិ ហេតំ វិជានាម ទុតិយោ សោ បរាភវោ
តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី២ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៣ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ
អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ។

អ្នកដេកចម្រើន១ និយាយចម្រើន១ និងអ្នកឥតព្រួយ ឥតគិតប្រឹងប្រែង
អ្នកខ្ជិលប្រអូស មិនមានខ្នះខ្នែង ខឹងច្រើនសម្តែង ឲ្យគេឃើញបាន។

ហេតុធម៌ទាំងនោះ មិនជាកល្យាណ នាំឲ្យខកខាន ខាតខូចប្រយោជន៍
មានជាប្រធាន តិចច្រើនដោយហោច នាំបង់ប្រយោជន៍ ហើយឲ្យវិនាស។

ឥតិ ហេតំ វិជានាម តតិយោ សោ បរាភវោ
ចតុត្ថំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៣ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៤ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

យោ មាតរំ បិតរំ វា ជិណ្ណតំ គតយោព្វនំ
បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ។

នរជនណា មានទ្រព្យធនធាន ហើយខ្លួនមិនបាន ចិញ្ចឹមរក្សា
មាតាបិតា ដែលចាស់ជរា ហេតុនោះទៅជា នាំឲ្យវិនាស។

ឥតិ ហេតំ វិជានាម ចតុត្ថោ សោ បរាភវោ
បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៤ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៥ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

យោ ព្រាហ្មណំ សមណំ វា អញ្ញំ វាបិ វនិព្វតំ
មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ។

ជនបញ្ឆោតព្រាហ្មណ៍ ឬពួកសមណៈ ពួកស្មូមជជក ឬអ្នកដទៃ
ដោយមុសាវាទ ឃ្លាតពាក្យប្រពៃ នោះប្រធាននៃ សេចក្តីវិនាស។

ឥតិ ហេតំ វិជានាម បញ្ចមោ សោ បរាភវោ
ឆដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៥ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៦ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ
ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ។

បុរសអ្នកមាន ទ្រព្យធនធានច្រើន មាសប្រាក់ចម្រើន និងគ្រឿងអាហារ
លបលាក់របស់ ដែលឆ្ងាញ់ពិសា ស៊ីម្នាក់ឯងជា សេចក្តីវិនាស។

ឥតិ ហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ
សត្តមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៦ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៧ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ
សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ។

អ្នកដែលប្រកាន់ ជាតិទ្រព្យត្រកូល ហើយមិនប្រមូល សាច់ញាតិសន្តាន
មើលងាយញតិខ្លួន ដោយអាងខ្លួនមាន នោះជាប្រធាន សេចក្តីវិនាស។

ឥតិ ហេតំ វិជានាម សត្តមោ សោ បរាភវោ
អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៧ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៨ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ
លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ។

ជនអ្នកប្រព្រឹត្ត ល្បែងបីប្រការ ល្បែងស្រីល្បែងស្រា ល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមាន ឲ្យអន្តរាយ ការល្បែងទាំងឡាយ នោះនាំវិនាស។

ឥតិ ហេតំ វិជានាម អដ្ឋមោ សោ បរាភវោ
នវមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៨ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៩ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ
ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ។

ប្រុសមិនត្រេកអរ នឹងប្រពន្ធខ្លួន ហើយទៅជាប់ជួន នឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធ កូនជននានា ហេតុនោះទៅជា នាំឲ្យវិនាស។

ឥតិ ហេតំ វិជានាម នវមោ សោ បរាភវោ
ទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៩ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១០ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ
តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ។

បុរសមានវ័យ ដែលចាស់ហួសពេក ហើយមានតម្រេក ដោយក្តីតណ្ហា
នាំយកស្រីក្មេង មកធ្វើភរិយា ហេតុនោះទៅជា នាំឲ្យវិនាស។

ឥតិ ហេតំ វិជានាម ទសមោ សោ បរាភវោ
ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១០ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១១ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ឥត្ថឹ សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ
ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ។

បុរសតាំងស្រី អ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយ តាំងបុរសនោះ
ដែលជាអ្នកលេង ខ្ជះខ្ជាយដូច្នោះ អំពើទាំងនោះ នាំឲ្យវិនាស។

ឥតិ ហេតំ វិជានាម ឯកាទសមោ សោ បរាភវោ
ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១១ទាន់ហន់។

បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ
សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ។

ជនណាកើតក្នុង ត្រកូលជាក្សត្រ អ្នកក្សត់សម្បតិ ហើយប្រាថ្នាធំ
ចង់បានជាស្តេច សោយរាជ្យស្តុកស្តម្ភ ហេតុនោះនឹងនាំ ឲ្យដល់វិនាស។

ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ
អរិយទស្សនសម្បន្នោ ស លោកំ ភជតេ សិវំ៕

ជនជាបណ្ឌិត គំនិតប្រសើរ បានឃើញដំណើរ នៃហេតុវិនាស
ដល់សត្វក្នុងលោ កសន្និវាស គេចពីវិនាស គប់រកចម្រើន៕

បរាភវសុត្តំ និដ្ឋិតំ
(បរាភវសូត្រ ចប់)