ប្រវត្តិ​ពិធី​ស្រង់​ព្រះ​ពុទ្ធ​បដិមា​នៅ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ពុទ្ធ​សាសនិក​ទាំង​ព្រះសង្ឃ​និង​គ្រហស្ថ តែង​ជួប​ជុំ​គ្នា​រៀប​ចំ​ពិធី​ស្រង់​ទឹក​ព្រះ​ពុទ្ធ​បដិមា​តូច​ធំ​នៅ​តាម​ទី​វត្ត​អារាម​នានា។

សៀវភៅ​«ព្រះរាជ​ពិធី​ទ្វារ​ទសមាស» ច្បាប់​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ ១៩៦៩ ដែល​និពន្ធ​ចង​ក្រង​ដោយ​លោក​ឧកញ៉ា ទេពពិទូរ ក្រសេម, បណ្ឌិត​ទី​១ នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​សរសេរ​កត់​ត្រា​ថា ព្រះរាជ​ពិធី​ផ្សេងៗ ជា​ពិធី​សម្រាប់​ប្រចាំ​ខែ​ទាំង​១២ តាម​ទំនៀម​ក្នុង​ព្រះបរម​រាជ​វាំង​នា​ជំនាន់​ដើម មើល​ទៅ​សុទ្ធ​តែ​ជា​ពិធី​ដែល​ប្រារព្ធ​ធ្វើ​តាម​លទ្ធិ​ព្រាហ្មណ៍​ទាំង​អស់។  លុះ​ក្រោយ​មក​នៅ​ពេល​ដែល​ខ្មែរ​ត្រឡប់​ចូល​កាន់​ពុទ្ធ​សាសនា ហើយ​ក៏​បាន​នាំ​យក​ពិធី​នានា​មក​រួប​រួម​ធ្វើ​ជា​មួយ​គ្នា​នឹង​ទំនៀម​ការ​ កុសល​ក្នុង​ព្រះពុទ្ធ​សាសនា រួម​មាន​ទាំង​ព្រះរាជ​ពិធី​សង្រ្កាន​ឆ្នាំ​ថ្មី​ផង​នោះ ដោយ​លំដាប់​តាំង​ពី​ខែ​ចែត្រ​ជាដើម​ទៅ។


ភិក្ខុ គូ សុភាព វជិរប្បញ្ញោ គង់​នៅ​វត្ត​«និគ្រោធវ័ន» ក្នុង​ឃុំ​ព្រែក​ថ្មី ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល បាន​មាន​ថេរដីកា​ទាក់​ទង​នឹង​ពិធី​ស្រង់​ព្រះ​តាម​ប្រពៃណី​ពុទ្ធ​សាសនា ដែល​ព្រះ​មហាក្សត្រ​ខ្មែរ បាន​ប្រារព្ធ​ធ្វើ​តៗ​ជំនាន់​តាំង​ពី​សម័យ​មហា​នគរ​មក។

ភិក្ខុ គូ សុភាព វជិរប្បញ្ញោ មាន​ថេរដីកា​ដូច្នេះ ៖ «ក្នុង​កម្មវិធី​ បុណ្យ​ចូល​ឆ្នាំ​ហ្នឹង ពិធី​ស្រង់​ព្រះ​ហ្នឹង​ជា​ពិធី​មួយ​សំខាន់ ហើយ​តាម​ពិត​ពិធី​ស្រង់​ព្រះ​នេះ បរម​បុរាណ​យើង​ធ្វើ​តាំង​ពី​សម័យ​យូរ​យារ​ណាស់​មក​ហើយ។ ឯកសារ​សៀវភៅ​ទំនៀម​ទម្លាប់​ខ្មែរ​បញ្ជាក់​ថា​នៅ​សម័យ​មហា​នគរ ព្រះបាទ​ជយវរ្ម័ន​ទី​៧ បាន​អារតនា​នូវ​ព្រះពុទ្ធ​រូប ព្រះ​ពុទ្ធ​បដិមា ២៥​អង្គ ជា​តំណាង​ខេត្ត​នីមួយៗរបស់​មហា​នគរ​ហ្នឹង​ចូល​មក​ក្នុង​រាជធានី​អង្គរ​ ដើម្បី​ធ្វើ​ពិធី​ស្រង់​ព្រះ​នៅ​ក្នុង​ពេល​ចូល​ឆ្នាំ​នេះ​ផង​ដែរ ដើម្បី​បាន​នូវ​សិរី​សួស្ដី​កម្មវិធី​ចូល​ឆ្នាំ។ ហើយ​ពេល​ដែល​ចប់​កម្មវិធី​បុណ្យ​ស្រង់​ព្រះ​នេះ​ហើយ ក៏​អារតនា​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះអង្គ​តាម​បណ្ដា​ខេត្ត​មួយៗ​ហ្នឹង​ត្រឡប់​ ទៅ​កាន់​ខេត្ត​នីមួយៗ​វិញ»

ភិក្ខុ គូ សុភាព វជិរប្បញ្ញោ ដែល​ព្រះអង្គ​បាន​ស្ម័គ្រ​បម្រើ​ការ​ជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស នៃ​ពុទ្ធិក​បណ្ឌិត្យ​សភា នៃ​សកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គម្រោង​កម្មវិធី​នានា​ផ្នែក​ ព្រះពុទ្ធ​សាសនា តាម​រយៈ​ការ​បោះ​ពុម្ព​សៀវភៅ​និង​ផ្សព្វផ្សាយ​តាម​វិទ្យុ​ជា​ដើម​នោះ បាន​មាន​សង្ឃ​ដីកា​បន្ថែម​អំពី​ប្រវត្តិ​នៃ​ពិធី​ស្រង់​ព្រះ​ក្នុង​ទិវា​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។

ភិក្ខុ គូ សុភាព វជិរប្បញ្ញោ​មាន​សង្ឃ​ដីកា​បន្ថែម​ដូច្នេះ ៖ «ក្នុង​ សាស្រ្តា​ស្លឹក​រឹត​និង​សៀវភៅ​ទំនៀម​ទម្លាប់​ខ្មែរ​ដែល​យើង​ដក​ស្រង់​មក​ ហ្នឹង បាន​រៀប​រាប់​ប្រាប់​ថា ព្រះ​បាទ បសេន ទីកោសល ដែល​សោយ​រាជ្យ​នៅ​ក្នុង​ជំនាន់​ព្រះ​សម្មា​សម្ពុទ្ធ ក្នុង​ពេល​ដែល​ចូល​ឆ្នាំ​មក​ដល់​ហ្នឹង ក៏​អារតនា​ព្រះ​សម្មា​សម្ពុទ្ធ​ជាមួយ​នឹង​ព្រះភិក្ខុ​សង្ឃ ស្រង់​ព្រះ និង​ស្រង់​ព្រះ​ភិក្ខុ​សង្ឃ​ផង​ដែរ ដើម្បី​បាន​សិរី​សួស្ដី​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ហ្នឹង។ ឯ​ក្នុង​ឯកសារ​ដើម​ទាក់​ទង​នឹង​គម្ពីរ​ព្រះ​ត្រៃ​បិដក​នោះ ដែល​មាន​ចារ​ជា​ភាសា​ខ្មែរ​យើង​ចំនួន ១១០​ពាក្យ​ហ្នឹង ខ្ញុំ​ករុណា​អាត្មាភាព​ស្វះ​ស្វែង​រក​ជា​គោលការណ៍​សំខាន់​ដែរ ប៉ុន្តែ​ដូច​ជា​មិន​ទាន់​ឃើញ​ច្បាស់​លាស់​ថា​មាន​នៅ​ក្នុង​ព្រះ​សូត្រ​មួយ​ ណា ព្រះ​វិន័យ​មួយ​ណា ឬ​ក៏​ព្រះ​អភិធម្ម​មួយ​ណា​ទេ»

ចំណែក​ភិក្ខុ​មួយ​អង្គ​ទៀត​ព្រះ​នាម អ៊ឹម ឡុង លង្កិសរធម្មោ ដែល​ជា​ព្រះ​វិន័យ​ធរ និង​ព្រះគ្រូ​ធម្មាចារ្យ​ ខាង​ផ្នែក​វិបស្សនា​ធុរៈ គង់​នៅ​វត្ត​«នន្ទមុនី» ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​មាន​ថេរដីកា​អំពី​គោល​គំនិត​របស់​ដូន​តា​ចាស់​ទុំ និង​អ្នក​ប្រាជ្ញ​បណ្ឌិត​ខាង​ពុទ្ធ​សាសនា​ខ្មែរ ដែល​រៀប​ចំ​ដាក់​បញ្ចូល​ពិធី​ស្រង់​ព្រះ​ពុទ្ធ​បដិមា​ទៅ​ក្នុង​ទិវា​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​របស់​ជាតិ។

ភិក្ខុ​ព្រះ​នាម អ៊ឹម ឡុង លង្កិសរធម្មោ មាន​ថេរដីកា​ដូច្នេះ ៖ «ពិធី​ ស្រង់​ព្រះ​ពុទ្ធ​បដិមា​ក្នុង​បុណ្យ​ប្រពៃណី​ជាតិ​ចូល​ឆ្នាំ​នេះ ធ្លាប់​ចូល​ទៅ​ក្នុង​ធម៌​កតញ្ញូ​កតវេទី។ ពាក្យ​ថា​កតញ្ញូ​កតវេទី​ហ្នឹង​មាន​សេចក្ដី​ថា​បុគ្គល​ហ្នឹង​អ្នក​ដឹង ដឹង​នូវ​ឧបការគុណ អ្នក​ដែល​ធ្វើ​ពី​មុន​ហើយ បាន​ធ្វើ​តប​ទៅ​វិញ។ ហើយ​ចំណែក​ខាង​ដូច​ជា​មាតា​បិតា ឬ​ក៏​ព្រះសម្មា​សម្ពុទ្ធ​អ៊ីចឹង គឺ​ជា​ឧបការី​ជន ជន​ដែល​មាន​គុណ​បំណាច់​មក​លើ​យើង​ទាំង​អស់​គ្នា​ខាង​ដើម។ ដល់​អ៊ីចឹង​ហើយ​បុគ្គល​ត្រូវ​ដឹង​គុណ​ដល់​អ្នក​ដែល​មាន​គុណ ក៏​ដូច​ជា​នៅ​ក្នុង​សង្គម​មនុស្ស​ទាំង​មូល​ហ្នឹង​ដើម្បី​ឲ្យ​បាន​ការ​ សាមគ្គី​គ្នា ឲ្យ​ជា​អ្នក​ដឹង​គុណូបការៈ​របស់​បុព្វការី​ជន​ហ្នឹង អាហ្នឹង​បាន​ប្រយោជន៍​នៅ​ត្រង់​ហ្នឹង​ឯង ហើយ​ក៏​ជា​ការ​សង្រ្គោះ​ទៅ​ដល់​គ្នា​និង​គ្នា​ឲ្យ​កើត​មហា​សាមគ្គី​ហ្នឹង»

ភិក្ខុ អ៊ឹម ឡុង លង្កិសរធម្មោ បាន​មាន​សង្ឃ​ដីកា​បញ្ជាក់​បន្ថែម​អំពី​អត្ថន័យ​នៃ​ពិធី​ស្រង់​ព្រះ ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រតិបត្តិ​ថែ​ទាំ​ផ្គត់ផ្គង់​លោក​អ្នក​មាន​គុណ គឺ​មាតា​បិតា​ដែល​ជា​ព្រះ​រស់ នៃ​កូន​ចៅ​ប្រុស​ស្រី​ដែល​បុត្រ​ធីតា​គប្បី​ធ្វើ​ជា​ប្រចាំ។

ភិក្ខុ​ព្រះ​នាម អ៊ឹម ឡុង លង្កិសរធម្មោ មាន​សង្ឃដីកា​បន្ថែម​ដូច្នេះ ៖  «ពិធី ​ស្រង់​ព្រះ​ហ្នឹង​គឺ​ជា​ការ​មួយ​ដែល​ត្រូវ​សម្អាត ត្រូវ​តប​គុណ ត្រូវ​សង​គុណ។ តាម​ពិត​មិន​ចាំ​បាច់​ដល់​ទៅ​ពេល​ចូល​ឆ្នាំ​ហ្នឹង​បាន​ធ្វើ​ទេ ត្រូវ​តែ​សម្អាត​ជា​រៀង​រហូត​ព្រោះ​ជា​ទី​សក្ការៈ​ដែល​ត្រូវ​រំឭក​ដល់​គុណ​ ហ្នឹង​ដូច​ជា​មាតា​បិតា​ហ្នឹង សូម្បី​តែ​គាត់​នៅ​រស់​ក្ដី គាត់​នៅ​ក្មេង​ក្ដី​ក៏​ត្រូវ​តែ​ធ្វើ​ត​អ៊ីចឹង។ ប៉ុន្តែ​ដោយសារ​តែ​ទំនៀម​ទម្លាប់​យក​ទៅ​ភ្ជាប់​នឹង​ខាង​ចូល​ឆ្នាំ​មួយ​ឆ្នាំ ​ម្ដង​អ៊ីចឹង ក៏​យក​ពេល​ហ្នឹង​ធ្វើ​ពិធី​ស្រង់​ព្រះ ហើយ​ព្រះ​អង្គ​ទ្រង់​សម្ដែង​ដូច​ជា​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ដល់​មាតា​ បិតា​អ៊ីចឹង គឺ​យក​ពិធី​ស្រោច​ទឹក​ហ្នឹង ដែល​ពាក្យ​ថា​អភិសេក។ ហើយ​ភិសេកៗ​ហ្នឹង​ប្រែ​ថា​ពិធី​ស្រោច​ស្រព​តម្កុំ​តម្កើង​លើក​ឡើង​ប្រសិទ្ធី ​ឲ្យ​មាន​តម្លៃ លើក​ឡើង​ជា​ទី​សក្ការៈ ទី​គោរព​អ៊ីចឹង​ទៅ​មក»

នៅ​ក្នុង​សៀវភៅ​«ព្រះរាជ​ពិធី​ទ្វារ​ទសមាស» ដែល​ជា​ការ​បោះ​ពុម្ព​ផ្សាយ​លើក​ទី​១៣ របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ខ្មែរ លោក​ឧកញ៉ា ទេពពិទូរ ក្រសេម បាន​សរសេរ​បង្ហាញ​អំពី​ទំនៀម​ជា​រាជកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ​ជា​ ច្រើន​ជំនាន់ ដែល​តែង​តែ​ប្រារព្ធ​ពិធី​ស្រង់​ទឹក​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុង​បរិវេណ​ ព្រះបរម​រាជ​វាំង​នា​វេលា​ម៉ោង​ប្រមាណ ២ រសៀល ក្នុង​ថ្ងៃ​ទី​២ នៃ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី។
ក្រៅ​ពី​នោះ លោក​ឧកញ៉ា ទេពពិទូរ ក្រសេម ក៏​បាន​ដក​ស្រង់​ពី​គម្ពីរ​បុរាណ​ទាក់​ទង​នឹង​ពុទ្ធសាសនា ដែល​មាន​ចែង​រហូត​ដល់​ការ​ផ្ងូត​ទឹក​ជូន​មាតា​បិតា គ្រូ​ឧបជ្ឈាយ៍ និង​គ្រូ​អាចារ្យ​ជាដើម ក្នុង​ឱកាស​នៃ​ពិធី​សង្ក្រាន្ត​នៃ​ការ​ផ្តាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ ថ្មី​នោះ ដែល​ចាត់​ទុក​ថា​ជា​ការ​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ជា​បុណ្យ​កុសល ជា​ការ​សង្គ្រោះ​ដ៏​ប្រពៃ ដោយ​ការ​បរិច្ចាគ​ទាន​ជា​ទឹក ដែល​ជីវិត​មនុស្ស​សត្វ​ត្រូវ​ការ​ជា​ចាំបាច់៕

ដកស្រង់ៈ​សៀវភៅ​«ព្រះរាជ​ពិធី​ទ្វារ​ទសមាស»