ប្រវត្តិរបាំត្រុដិ ​(របាំប្រពៃណីខ្មែរ)​ Robam Trot

ការស្ដាប់ភ្លេងគឺជាការពិរោះម៉្យាងហើយ ប៉ុន្តែបើគេធ្វើកាយវិការទៅតាមចង្វាក់ភ្លេងនោះ គេនឹងបានល្អមើលផងហើយពិរោះស្ដាប់ផង ។ ដូចនេះហើយបានជាគេបង្កើតឲ្យមានជារបាំឡើង ។
របាំប្រជាប្រិយគឺជារបាំដែលប្រជាជនស្រឡាញ់ ឬនិយមរាប់អាន ។

ប្រវត្តិរបាំត្រុដិ
ភាសាសំស្ក្រិត “ត្រុដិ” មានន័យថា “ផ្ដាច់” ។
របាំត្រុដិជារបាំប្រជាប្រិយដែលគេលេងតែពេលចូលឆ្នាំខ្មែរដើម្បី ផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី និងដើម្បីប្រសិទ្ធិសព្ទសាធុការពរដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំ ថ្មីនោះផង ។ ប៉ុន្តែអ្នកស្រុកអាចយករបាំងត្រុដិនេះមកលេងម្ដងមួយកាលដែរ ដើម្បីបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងឫសជាយូរហើយ ។ សព្វថ្ងៃរបាំត្រុដិមាននៅសល់តែក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបងតែប៉ុណ្ណោះ ។

តាមសេចក្ដីរាយការណ៍ លោក មាស ហាំម បានឲ្យដឹងថា ត្រុដិជារបាំរបស់សាសន៍សំរែ (សព្វថ្ងៃរស់នៅភូមិភាគខាងជើងបឹងទន្លេសាប) ដែលតែងតែនាំយករបាំត្រុដិមកលែងថ្វាយពរដល់ព្រះមហាក្សត្រក្នុង ឱកាសបុណ្យចូលឆ្នាំ កាលដែលព្រះអង្គគង់នៅអង្គរ ។ ដូចនពហើយបានជារបាំត្រុដិមាននៅសល់ក្នុងខេត្តសៀមរាប ។

តាមសេចក្ដីរាយការណ៍ពីលោក ឡុង សាន់ នៅខេត្តបាត់ដំបងបានឲ្យដឹងថាយូរៗម្ដងរមែងមានសត្វព្រៃចូលមក ក្នុងភូមិស្រុក ។ អ្នកស្រុកតែងមានជំនឿថានឹងកើតមានឧបទ្រុពចង្រៃបែបណាមួយជាមិនខាន ឡើយ អ្នកស្រុកក៏នាំគ្នាប្រោះព្រំប្រេងម្សៅឲ្យសត្វនោះ ហើយសុំពរជ័យពីសត្វនោះវិញ ។ អាស្រ័យដោយមានជំនឿបែបនេះហើយទើបគេរៀបចំឲ្យមានជារបាំត្រុដិ ឡើង ដោយត្រូវមានសត្វ ប្រើស ទន្សោង ក្ងោក ដែលសុទ្ធសឹងជាសត្វព្រៃមកបង្ហាញខ្លួន អ្នកស្រុកក៏នាំគ្នាប្រោះព្រំប្រេងម្សៅ ចងដៃនឹងអំបោះព្រមទាំងឲ្យទានជាលុយកាក់ទៅធ្វើបុណ្យរំដោះគ្រោះ ឲ្យស្រេចតែម្ដងទៅប្រសិនបើមានសត្វព្រៃចូលមកម្ដងទៀត ។

តាមឯកសាររបស់លោក សុក មេភូមិគោកក្រសាំង (ខេត្តសៀមរាប) ថារបាំត្រុដិទាក់ទងទៅនឹងរឿងនិទានមួយដែលដំណាលថា កាលដែលព្រះពុទ្ធមិនបានត្រាស់ ទ្រង់ចេញទៅសាងព្រះផ្នួសពេលនោះមានមារបានកលែងខ្លួនជាប្រើសមក ស្ទាក់ដំណើរ ព្រះពោធិសត្វក៏តាំងអធិដ្ឋានឡើង ។ ពេលនោះពួកទេវតាទាំងឡាយក៏នាំគ្នាចុះមក ដោយក្លែងខ្លួនជាងោះ ហើយក៏បាញ់ប្រើសក្លែងខ្លួននោះស្លាប់ទៅ ។

អាស្រ័យដោយមានរឿងរ៉ាវហេតុនេះហើយ បានជាគេរៀបចំឲ្យមានជារបាំត្រុដិនេះឡើង ដែលត្រូវមាន ៖

    * ដងកញ្ឆាៈ ដំណាងក្លោះ ឬឆ័ត្រសម្រាប់បាំងព្រះពោធិសត្វ

    * សម្លេងស្គរៈ តំណាងឲ្យពួកទេវតា

    * ពួកនាងរាំៈ តំណាងឲ្យទេពអប្សរហែរហម

    * ព្រាន ឬមនុស្សព្រៃៈ តំណាងងោះ

    * សត្វប្រើស ទន្សោងៈ តំណាងមារ ។

តាមអ្នកស្រី ហ្គ ប៉ូរេ បាននិយាយថា ជនជាតិអាស៊ីយើងនិយមទុកសត្វក្ងោកជាតំណាងព្រះអាទិត្យដែលតាមជំនឿ ជាន់ដើម គេចាត់ទុកព្រះអាទិត្យជាអាទិទេពមួយដែរ ។ ការរាំរបាំត្រុដិដោយមានកន្ទុយក្ងោកពីព្រោះអ្នកស្រុកត្រូវការ បួងសួងបន់ស្រន់ដល់ព្រះអាទិត្យដើម្បីសុំទឹកភ្លៀងឲ្យបានគ្រប់ គ្រាន់សម្រាប់ធ្វើស្រែចម្ការ ។ ហេតុនេះហើយបានជាគេលេងរបាំត្រុដិនៅពេលចូលឆ្នាំដើម្បីជុនពរ ដល់អ្នកស្រុកផង និងដើម្បីសុំភ្លៀងពីដើមឆ្នាំផង៕


អត្ថបទៈរបាំប្រពៃណីខ្មែរ