មួយ​ឆាក​ជីវិត​មាន​មិត្ត​យល់ចិត្ត​ប៉ុន្មាន​នាក់?



មិត្ត​ជា​បំណែក​ដ៏​ធំ​នៃ​ជីវិត​របស់​យើង។ យើង​មិន​អាច​រស់​នៅ​សុខសាន្ត​ដោយ​គ្មាន​មិត្ត​នោះ​ទេ។ មនុស្ស​គ្រប់​រូប​ត្រូវ​ការ​មិត្តភ័ក្ដិ​ដើម្បី​ ចែក​រំលែក​សេចក្ដី​សុខ ទុក្ខ​ព្រួយ​ ចម្ងល់​ និង​ការ​ព្រួយ​បារម្ភ​ជា​ដើម។ ជីវិត​យើង​នឹង​ខ្វះ​អត្ថន័យ​ បើ​ខ្វះ​មិត្ត​ល្អ។ យើង​ដឹង​ថា​មិត្ត​ល្អ​សំខាន់​ តែ​អ្នក​ខ្លះ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​មាន​មិត្ត​ល្អ​នោះ​ទេ។ ហើយ​អ្នក​ខ្លះ​ទៀត​នោះ​មិន​ដែរ​មាន​មិត្ត​យល់​ចិត្ត​សោះ​ក្នុង​មួយ​ឆាក​ជីវិត។ ដើម្បី​មាន​មិត្ត​ល្អ​រាប់​អាន​ លុះ​ត្រា​តែ​យើង​ធ្វើ​ខ្លួន​ជា​មិត្ត​ល្អ​ជា​មុន​សិន។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ក្លាយ​ខ្លួន​ជា​មិត្ត​ល្អ៖

បើ​ចិត្ត​ទូលាយ
អ្នក​ផង​ទាំង​ពួង​នឹង​ចូល​មក​ជិត​ បើ​អ្នក​ជា​មនុស្ស​ដែល​រួសរាយ​រាក់ទាក់​និង​មាន​អធ្យាស្រ័យ​ល្អ​។ ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​យល់​ថា​មាន​អារម្មណ៍​កក់ក្ដៅ​ និង​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល។
សម្ដី​មាន​ន័យ
កត្តា​ដែល​ទាក់ទាញ​មនុស្ស​បំផុត​គឺ​របៀប​ដែល​អ្នក​និយាយ។ ការ​និយាយ​ស្ដី​អាច​ឆ្លុះ​បញ្ចាំង​នូវ​អត្តចរិត​និង​ចំណេះដឹង​។ និយាយ​យ៉ាង​ណា​កុំ​បែកជាអូរហូរជាស្ទឹង​ឲ្យ​សោះ ត្រូវ​លើក​ពី​ប្រធាន​បទ​ប្លែកៗ​មក​ពិភាក្សា​ដើម្បី​ឲ្យ​គេ​យល់​ថា​ជជែក​ជាមួយ​អ្នក​មាន​អារម្មណ៍​រីករាយ​និង​ទទួល​បាន​ចំណេះដឹង​ច្រើន។

កុំ​បង្ហាញ​ការ​ត្រួត​ត្រា
ដើម្បី​ទទួល​បាន​មិត្ត​ភាព​ល្អ​ភាគី​ទាំង​សងខាង​ចាំបាច់​ត្រូវ​ស្វែង​យល់​ពី​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​វាយឫក​ ភាព​ក្រអឺតក្រទម​ និង​ចរិត​ចង់​ត្រួតត្រា​ ជា​ដើមចម​ដែល​ធ្វើ​ឲ្យ​មាន​គំលាត​រវាង​គ្នា​និង​គ្នា។ ទោះ​បី​ជា​ពេល​ខ្លះ​ អ្នក​ដទៃ​បញ្ចេញ​សម្ដី​មិន​សម​គួរ​ឬ​មិន​ត្រឹមត្រូវ​ តែ​អ្នក​គួរ​តែ​រក្សា​ភាព​ថ្លៃថ្នូរ​ មិន​ស្ដី​បន្ទោស​ហួស​ទំនង​ឡើយ។

ធ្វើ​កិច្ចការ​រួម​គ្នា
អ្នក​ត្រូវ​ចាំ​ថា​កាន់​តែ​មាន​ទំនាក់ទំនង​ កាន់​តែ​ស្និទ្ធស្នាល។ អ្នក​ត្រូវ​ព្យាយាម​សាង​អនុស្សាវរីយ៍​និង​ធ្វើ​អ្វី​ៗ​រួម​គ្នា​ឲ្យ​បាន​ច្រើន ដូច​ជា ទៅ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា មើល​កុន ហាត់​ប្រាណ​ ឬ​ចូល​រួម​ជួយ​កិច្ច​ការ​សង្គម​ជា​ដើម។

ជឿ​ទុក​ចិត្ត
ទំនាក់ទំនង​ល្អ​ដាច់​ខាត​ត្រូវ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅមក។ ការ​ជឿជាក់​ធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​អស់​ពី​ចិត្ត។ បើ​គ្មាន​ការ​ទុក​ចិត្ត​ មាន​តែ​ការ​សង្ស័យ​ នោះ​ភាព​រីករាយ​និង​ទុក្ខ​ព្រួយ​នឹង​មិន​ត្រូវ​បាន​ចែក​រំលែក​ឲ្យ​គ្នា​ឡើយ។

ការ​លើក​ទឹក​ចិត្ត
នៅ​ពេល​ដែល​មិត្ត​ធ្វើ​អ្វី​មួយ មិន​ខ្វល់​ថា​ធ្វើ​សម្រាប់​អ្នក​ឬ​អ្នក​ដទៃ​នោះ​ទេ អ្នក​ត្រូវ​បង្ហាញ​នូវ​ភាព​ពេញ​ចិត្ត​ និង​ផ្ដល់​ពាក្យ​​សរសើរ​សម្រាប់​គេ។ បើ​យក​ល្អ នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​ អ្នក​គួរ​តែ​ប្រើ​ឲ្យ​រត់​មាត់​នូវ​ពាក្យ​អរគុណ​និង​ពាក្យ​សរសើរ។ ការ​លើក​ទឹក​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​មាន​កម្លាំង​ចិត្ត​ និង​យល់​ថា​ខ្លួន​មាន​ទី​ពំនាក់។

កុំ​រំពឹង​ខ្ពស់
មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុស​គ្នា គិត​ខុស​គ្នា​ ដូច្នេះ​អ្នក​មិន​ត្រូវ​រំពឹង​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​ដូច​បំណង​អ្នក​នោះ​ទេ។ ការ​រំពឹង​ខ្ពស់​តែ​លទ្ធផល​មិន​សម​ដូច​បំណង​ នឹង​ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត​ជា​មិន​ខាន។ ហេតុ​នេះ​ហើយ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ធ្វើ​ដូច​ធម្មតា​ កុំ​ឲ្យ​ទំនាក់ទំនង​មាន​ភាព​ស្មុគស្មាញ​ឲ្យ​សោះ។