កឋិនទានបវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា“កឋិន“ជាភាសាបាលី សំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“ ។
បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើវត្តនៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់។ កាលខ្ញុំនៅកុមារភាពស្រុកយើង ពុំទាន់មាន ការរីកចំរើនខាងផ្លូវគមនាគមន៍នៅឡើយ យានយន្ដទៀតសោតក៏ពុំសូវមាន ខ្ញុំច្រើនឃើញពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ ដោយប្រើដំរីជាយានជំនិះ ក្នុងពិធីហែអង្គកឋិនដោយដំរីនេះ មើល
ទៅគួរអោយសប្បាយរីករាយខ្លាំងណាស់ មានដំរីជាច្រើន រហូតដល់ ២០ ទៅ ៣០ដំរី ដើរដង្ហែជាជួរ ដំរីនិមួយៗគេ តុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌ នៅលើខ្នងដំរី គេចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេមានប្រគំភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។ លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។ គេនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់ក្ដៅរាក់ទាក់រីករាយជាពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គកថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ។ ចៅអធិការវត្ដ បានចាត់អោយភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ។ ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ។
អត្ថន័យនៃបុណ្យកឋិន
តាមអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវ រូបធម៌ និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺៈ
1. រស់បានដោយកម្រសមដូចវិគ្គហៈថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“។ ប្រែថា “សភាវៈឯណារស់បានដោយកម្រ សភាវៈនោះហៅថាកឋិនព្រោះលោកប្រៀបប្រដូចជាឈើស្នឹង ដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់ឬរស់នៅបានដោយកម្រយ៉ាងណា ឯកិច្ច ដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ក៏យ៉ាងនោះដែរ“។
2. ពោលសរសើរព្រោះចីវរទាន ដែលយើងកសាងជាកឋិននោះ ជាទានវិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធ ជាប្រធានតែងពោលសរសើរថាជាទានដ៏វិសេសអាចរួបរួម ឬក៏សង្គ្រោះនូវអានិសង្ស៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រងមិនឱ្យទៅ គ្រងនៅទីដទៃបាន។ សមដូចវិគ្គហៈថា“បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“។ ប្រែថា“ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥យ៉ាងមិន ឱ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថាកឋិន“។
កឋិននេះអាចឱ្យសម្រេចដល់បុគ្គលទាំងពីរផ្នែកគឺៈ
* ទាយក ឬទាយិកា គឺជាអ្នកឱ្យ។ ជននោះរមែងទទួលអានិសង្សច្រើន ទទួលផលច្រើន ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិក្នុងឋានទេវលោកជាដើម។
* បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជាអ្នកទទួលក្រាលគ្រង និងអនុមោទនាកឋិនត្រូវបានសម្រេចនូវអានិសង្ស ៥យ៉ាងពេញលេញ គ្រប់គ្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។
ពិធីដែលទាយក-ទាយិកា នាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា អស់មួយត្រីមាស (៣ខែ) ក្នុងអាវាស (វត្ត) ណាមួយ និងនៅពេលណាមួយក្នុងកំណាត់ ២៩ថ្ងៃ (ចាប់ពីថ្ងៃ ១រោច ខែអស្សុជរហូតដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក) ឱ្យលោកក្រាលគ្រងមានឈ្មោះថា“បុណ្យកឋិន“ ឬ “កឋិនទាន“។
បុព្វហេតុកឋិន
វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែងអំពីបុព្វហេតុនៃបុណ្យកឋិនថា“ក្នុងសម័យពុទ្ធកាល ព្រះសម្ពុទ្ធ ទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុប្រើប្រាស់ តែបង្សុកូលចីវរ ព្រះអង្គពុំទាន់បានពុទ្ធានុញ្ញាតឱ្យប្រើគហបតីចីវរនៅឡើយ“ ។
នាសម័យមួយនោះនៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះសម្ពុទ្ធទ្រង់កំពុងតែចាំព្រះវស្សាក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី សាងថ្វាយនៅទៀបក្រុងសាវត្ថី។ គ្រានោះមានភិក្ខុ៣០អង្គ”ភទ្ទវគ្គិយត្ធេរ“ ក្នុងដែនបាឋេយ្យ ជាអ្នកប្រព្រឹត្តធម៌ធុតុង្គរុក្ខមូលនៅក្នុងព្រៃបាននាំគ្នានិមន្ត ចេញពីទីនោះមកកាន់ក្រុងសាវត្ថី ដើម្បីនឹងចូលក្រាបបង្គំគាល់ព្រះសម្ពុទ្ធ។ ប៉ុន្តែពេលភិក្ខុទាំងអស់បានមកដល់តែត្រឹមសាកេត (ភូមិមួយនៅជាប់នឹងក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹងស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ នាទីនោះតែម្ដងទៅ។
ភិក្ខុសង្ឃទាំង៣០អង្គនោះមានសេចក្ដីអផ្សុកកើតទុក្ខតូចព្រះទ័យ យ៉ាងខ្លាំង ដោយគិតឃើញថាព្រះសម្ពុទ្ធទ្រង់គង់នៅទីនោះចម្ងាយត្រឹមតែ៦យោជន៍ (៩៦គីឡូម៉ែត្រ) ទៀតសោះ មិនសមយើងទាំងឡាយស្កុនដំណើរមិនបានចូលគាល់បម្រើព្រះអង្គដូចបំណង។
លុះដល់ថ្ងៃចេញវស្សាបវារណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលកាន់ក្រុងសាវត្ថី។ លុះដល់ហើយ ភិក្ខុទាំង៣០អង្គ ក៏បានចូលទៅក្រាបថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក។ ព្រះសម្ពុទ្ធ ក៏មានព្រះភាគទ្រង់មានព្រះបន្ទូលរួសរាយរាក់ទាក់ និងត្រាស់សួរសុខទុក្ខភិក្ខុទាំងនោះថា “ម្នាលភិក្ខុទាំងឡាយ! តើសរីរយន្តរបស់អ្នកទាំងឡាយ ល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះស្មើឥតមានវិវាទទាស់ទែងគ្នា ទេឬ?“។
ភិក្ខុទាំងឡាយនោះក៏ក្រាបបង្គំទូលនូវសេចក្ដីលំបាកខ្លាំងរបស់ ខ្លួនក្នុងការធ្វើដំណើរ ដែលមានមកតាមផ្លូវ ដោយសព្វគ្រប់ប្រការ។
លំដាប់នោះ ព្រះសម្មាសម្ពុទ្ធសម្ដែងនូវធម្មកថាប្រារព្ធអំពីសង្សារវដ្ដមិនមាន ទីបំផុតប្រោសប្រទានដល់ភិក្ខុទាំងនោះ។ លុះចប់ធម៌ហើយ ភិក្ខុទាំងឡាយនោះបានសម្រេចព្រះអរហត្តផលគ្រប់ៗអង្គរួចហើយក៏ នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធចៀសចេញទៅ។
លំដាប់តអំពីនោះមកព្រះសម្ពុទ្ធទ្រង់ព្រះពុទ្ធចិន្ដាថា “ប្រសិនបើតថាគតបានអនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយទុក រួចពីគ្រាមុនមកម៉្លេះសមភិក្ខុទាំង៣០អង្គនេះបានលះចីវរមួយទុក នៅកន្លែង ហើយយកជាប់មកជាមួយខ្លួន តែស្បង់មួយប៉ុណ្ណោះមានអត្ថិភាពស្រាលមិនលំបាកតាមផ្លូវយ៉ាងនេះ សោះឡើយ។ រីឯកឋិនត្ថារកិច្ចនេះសោត ព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គក៏ធ្លាប់បានអនុញ្ញាតទុកដល់សាវកពុំ ដែលលះបង់ផង“។
លុះព្រះសម្ពុទ្ធ ទ្រង់ព្រះតម្រិះយ៉ាងដូច្នេះហើយ ទើបទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយរួចហើយ ទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយថា “អនុជានាមិ ភិក្ខវេវស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“។ ប្រែថា “ម្នាលភិក្ខុទាំងឡាយ! តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិនបាន។ ម្នាលភិក្ខុទាំងឡាយ! អានិសង្ស៥ប្រការនឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលជាអ្នកបានក្រាលគ្រង និងបានអនុមោទនាកឋិនរួចហើយនោះ“។
កឋិនកាល (កាលទាន)
ចីវរកឋិនមិនខុសប្លែកគ្នាអំពីចីវរទានដទៃទៀតទេ គ្រាន់តែការធ្វើបុណ្យកឋិនចីវរមានកំណត់កាលបរិច្ឆេទច្បាស់លាស់ និងមានប្រជាប្រិយភាពច្រើន ដែលហៅថា “កឋិនកាល ឬកាលទាន“។
ព្រះសម្ពុទ្ធទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃទទួលស្បង់ចីវរអំពី ពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ១រោច ខែអស្សុជដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក (ការរវាងពាក់កណ្ដាលខែតុលាដល់ពាក់កណ្ដាលខែវិច្ឆិកា)។ ព្រះសម្ពុទ្ធទ្រង់ព្រះមេត្តាប្រោសអនុញ្ញាត ដល់ភិក្ខុសង្ឃ ជាអ្នកក្រាលគ្រង និងអនុមោទនាកឋិននោះបានទទួលអានិសង្ស៥ប្រការ។
ជនមានសទ្ធាដែលបានធ្វើកឋិនទានឈ្មោះថាជាអ្នកបានគោរពនូវ ព្រះពុទ្ធដីកា ដែលទ្រង់បានពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃ បានទទួលអានិសង្ស៥ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរ ចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាសនោះផង និងជាអ្នកតអាយុព្រះពុទ្ធសាសនា អស់កាលជាយូរអង្វែងទៅផង។
ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងជាគាថាយ៉ាងនេះថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“។ ប្រែថា “ជនដ៏មានប្រាជ្ញា (ណាមួយ) បានធ្វើនូវសេចក្ដីសុខស្រួល (ដល់អ្នកដទៃ) ជននោះឯងរមែងបានជួបប្រទះនឹងសេចក្ដីសុខស្រួល (ជាពិតប្រាកដពុំដែលខានឡើយ)“។
សេចក្ដីអធិប្បាយជាយ៉ាងនេះថា “ជនណាបានធ្វើកឋិនទាន ដែលនាំឱ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥យ៉ាងក្នុងរវាង៥ខែបាន ឈ្មោះថាជាអ្នកឱ្យសេចក្ដីសុខស្រួលដល់អ្នកដទៃក្នុងបច្ចុប្បន្ន ជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោក ក្នុងអនាគត។
ដោយអំណាចផលានិសង្សនៃកឋិននោះក្នុងអនាគតកាល ជននោះនឹងបានជាឯហិភិក្ខុ ឬឯហិភិក្ខុនីមានត្រៃចីវរកើតឡើងឯកឯងដោយឫទ្ធិនៅពេលបព្វជ្ជាជា បព្វជិតនៅក្នុងសាសនា ព្រះពុទ្ធអង្គណាមួយហើយក៏នឹងបានសម្រេចមគ្គផលនិព្វានក្នុងពេល បព្វជ្ជានោះពុំខានឡើយ“។
តាំងពីពេលនោះតរៀងមកបុណ្យកឋិនបានក្លាយជាបុណ្យទំនៀមមួយរបស់ពួក ពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេចក្ដីត្រូវការស្បង់ចីវរដ៏វិសេសនេះ៕
ស្តាប់ ឆាយយាំ
ឯកសារយោង
* ដកស្រង់ពីកាសែតកោះសន្តិភាព
Subscribe to:
Post Comments
(
Atom
)