រឿង គ្រូ និង សិស្ស

មានរឿង ១ ដំណាល​ថា : មាន​ភិក្ខុ​មួយអង្គ​គង់នៅ​វត្ត មាន​កូនសិស្ស​តែ​ម្នាក់​ឈ្មោះ អា​ផ្លូញ ។ អា​ផ្លូញ ខិល​ណាស់ គ្រូ​ល្ងង់​ណាស់ ឆោត​ច្រើន គ្មាន​ឧបាសក ឧបាសិកា​ណា​រាប់អាន​យក​ចង្ហាន់​ស្លា​បារី ទៅ​ប្រគេន ឬ និមន្ត​លោក​នោះ​មក​ឆាន់​ផ្ទះ​ដល់​ម្តង​ឡើយ លោក​នោះ​ក្រលំបាក​ពន់ពេក តែ​លោក​មាន​ដំរី​មួយ ។
ថ្ងៃ​មួយ​លោក​នោះ​ពិចារណា​ថា “​សព្វថ្ងៃ​នេះ​គ្មាន​ឧបាសក ឧបាសិកា គេ​ប្រគល់​វត្ថុ​អ្វី​ឆាន់​សោះ បើដូច្នោះ​គួរ​អញ​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុក​ឆាន់​កុំ​ឲ្យ​លំបាក​” ។ គិត​ដូច្នោះ​ហើយ​ក៏​ប្រាប់​កូនសិស្ស​ថា “​អា​ផ្លូញ​ឯង​ចាប់ដំរីមក ហើយ​ឯង​ទៅ​ផ្សារ​នឹង​អញ រក​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុក​ឆាន់​” ។ កូនសិស្ស​ទៅ​ចាប់​ដំរី​បានមក គ្រូ​និង​សិស្ស​ក៏​ឡើង​ជិះ​ដំរី​ទៅ​ផ្សារ ។ លុះ​ទៅដល់​គ្រូ​ប្រាប់​កូនសិស្ស​ថា “​ឯង​ទិញ​វត្ថុ​អ្វីដែល​ទុក​បាន​យូរ​មិន​ខូច​” ។ អា​ផ្លូញ​ជា​សិស្សក៏​ទិញអំបិល​មួយ​ចុង​ច្រក​កា​រុងស្រេច ។ គ្រូ​ឃើញ​សួរថា “​ហេតុដូចម្តេច​ក៏​ឯង​ទិញ​តែ​អំបិល មិន​ទិញ​ត្រីឆ្អើរ ត្រីងៀត​ផង​?” ។ កូនសិស្ស​ទូល​ថា “​អំបិល​ទុក​បាន​យូរ មិនចេះ​ខូច បានជា​ខ្ញុំ​ព្រះករុណា​ទិញ​” ។ គ្រូ​ឆោតល្ងង់​ណាស់​ក៏​ស្ងៀម ។

គ្រូ​ឡើង​បរដំរី​មកវិញ សិស្ស​រែក​អំបិល​ដើរ​ពីក្រោយ ដល់​ពាក់កណ្តាល​ផ្លូវ​គ្រូ​មើល​ទៅ​សិស្ស ឮសូរ​ដងរែក​ដូចជា​ស្រួល​ក៏​សួរថា “​អា​ផ្លូញ អញ​មើលទៅ​ឯង​រែក​អំបិល​ដូច​ជា​ស្រួល​ឬ​យ៉ាងណា​?” ។ សិស្ស​ទូល​ថា “​ព្រះករុណា​! ស្រួល​ណាស់​ហើយ​ស្រាល​ផង​” ។ លោកគ្រូ​ប្រាប់​សិស្ស​ថា “​ឯង​ជិះ​ដំរី​អញ​រែក​អំបិល​ដើរ​ក្រោយ​” ។ លោកគ្រូ​ថា​ហើយ ចុះ​ពីលើ​ដំរី​មក សិស្ស​ក៏​ឡើង​ជិះ​ដំរី​ទៅ ។ លោកគ្រូ​ប្រាប់ថា “​ឯង​បរដំរី​ទៅ​ចាំ​អញ​ម្លប់ឈើ​មុខ​” ។ សិស្ស​បរដំរី​ទៅដល់​ម្លប់ឈើ​ក៏​មិន​ឈប់​ចាំ​គ្រូ បរ​រហូត​ដល់​វត្ត ។
លោកគ្រូ​រែក​អំបិល​ដើរ​តាម​ក្រោយ ដោយ​អំបិល​នោះ​ធ្ងន់​ណាស់ លោកគ្រូ​រែក​ឈប់ៗ បែរ​មើលទៅ​សិស្ស​មិនឃើញ​ក៏​គិត​ថា “​ចាំ​ក្រោយ​សឹម​នាំយក​សិស្ស​មក​យក​” ហើយ​យក​អំបិល​ទៅ​លាក់​ក្នុងព្រៃ មុន​នឹង​លា​ក់លោក​គិតថា “​ទី​នេះ​បើ​ប្រសិន​ជា​មាន​គេ​ដើរ​មក​ចំ​រកឃើញ គេ​នឹង​យក​អំបិល​នេះ​អស់​មិន​ខាន គួរតែ​រក​ទីណា​ដែល​កំបាំង​ភ្នែក​អ្នក​ទាំងពួង គឺមាន​តែ​ក្នុង​ទឹក​ទើប​គេ​មើល​មិនឃើញ​” ហើយ​ក៏​យក​អំបិល​ទាំង​ពីរ​ការុង​ទៅ​លាក់ទុក​ក្នុង​ទឹក ហើយ​ដើរ​ទៅ លុះ​ដល់​សួរ​សិស្ស​ថា “​ហេតុដូចម្តេច​ក៏​ឯង​មិន​ចាំ​អញ​?” ។ សិស្ស​ទូល​ថា “​ខ្ញុំ​ព្រះករុណា​បរដំរី​មក​ប្រុង​ចាំ​លោកគ្រូ​ដែរ តែ​ដំរី​មិន​ព្រម​ចាំ​សោះ អង្វរ​ដូច​ម្តេច​ក៏​វា​មិន​ព្រម វា​ប្រឹង​ដើរ​ដល់​វត្ត​ទើប​ឈប់​” ។ សិស្ស​សួរ​គ្រូ​ថា “​លោកគ្រូ​ទុក​អំបិល​ឯណា​?” ។ គ្រូ​ប្រាប់ថា “​អញ​លាក់ទុក​នៅ​ទី​ឯណោះ អញ​កាច់​ដើម​ឈូក​ដោត​ជា​សំគាល់​” ។ ព្រឹក​ឡើង​នាំ​កូនសិស្ស​ទៅ​យក​អំបិល​វិញ លុះ​ដល់​ប្រាប់​សិស្ស​ថា “​អញ​លាក់ទុក​ក្នុង​ត្រពាំង​នេះ​” ។ សិស្ស​លាន់មាត់​ថា “​ម៉ែអើយ​! វា​រលាយ​អស់​ហើយ​!” ។ អា​ផ្លូញក៏​ចុះ​ទៅ​យក​អំបិល​លើក​ការុង​ទាំងពីរ​ឡើង​រលាយ​អស់​គ្មាន​សល់ ចំណង​ដែល​ចង​មាត់​ការុង​ដាច់​អស់ ឃើញ​ឯ​ត្រី​កញ្ជុះ​មួយ​នៅក្នុងកា​រុងនោះ ។ សិស្ស​ទូល​លោកគ្រូ​ថា “​មាន​ត្រី​កញ្ជុះ​មួយ​នៅ​ក្នុង​ការុង​វា​ស៊ី​អំបិល​អស់​ទៅហើយ​” ។ “​យក​ត្រី​និង​ការុង​ប្រគេន​គ្រូ​មើល​” ។ លោកគ្រូ​ឃើញ​ត្រី​ខឹង​ណាស់ ក៏​ទះកំផ្លៀង​មុត​ដៃ​នឹង​ធ្មង់​ត្រី​ជាប់ ។ ពិស​ត្រី​ចាប់​ពើត​ឈឺ​ខ្លាំងពេក លោកគ្រូ​ថា “​ឯង​ចាប់​ត្រី​ដកធ្មង់​វា​ឆាប់ ដ្បិត​អញ​ឈឺ​ណាស់​” ។ សិស្ស​ក៏​ចាប់ដក​ទាញ​ស្ទើរតែ​មិន​រួច ។ លុះ​ដក​រួច​ឈាម​ហូរ​ជាខ្លាំង ពិស​ត្រី​រិត​តែ​ឈឺ​ខ្លាំង​ឡើង លោកគ្រូ​នាំ​កូនសិស្ស​ទៅ​វត្ត​វិញ​យក​ទាំង​ការុង និង​ត្រី​កញ្ជុះ​ទៅ​ផង ដល់​ទៅ​វត្ត​ប្រាប់​កូនសិស្ស​ថា “​អា​ផ្លូញ ឯង​ដាំបាយ​មួយ​ឆ្នាំង អាំងត្រី​កញ្ជុះ​នេះ​ឲ្យ​ឆ្អិន​ជា​ឆាប់​អញ​នឹង​ឆាន់​” ។ លុះ​ពិស​អន់​ចាប់​ពើត លោក​គ្រូ​ក៏​សំងំ​សឹង​លក់​ទៅ ។
ឯ​អា​ផ្លូញក៏​ដាំបាយ​អាំងត្រី​ឆ្អិន ហើយ​បរិភោគ​អស់​ទុក​តែ​បាយ​មួយ​ពំនូក និង​ឆ្អឹង​ត្រី​ក្នុង​ចាន​គ្រប តែ​វា​គ្រប​មិន​ឲ្យ​ជិត ។ លោកគ្រូ​ភ្ញាក់ឡើង​ប្រាប់​សិស្ស​ថា “​ឯង​យក​បាយ និង​ត្រី​មក​ឆាន់​” អា​ផ្លូញក៏​ធ្វើ​ជា​កិរិយា​ដូច​ជា​ទៅ​យក​បាយ​ប្រគេន​គ្រូ ចេញ​មក​វិញ​ទូល​ថា “​បាយ​និង​ត្រី​រុយ​ស៊ី​អស់​ទៅហើយ នៅសល់​តែ​មួយ​ពំនូក និង​ឆ្អឹង​ត្រី​” លោកគ្រូ​ជឿ​ឥត​សង្ស័យ ដោយ​ឆោតល្ងង់​ក៏​ឲ្យ​រំពាត់ផ្តៅ​មួយ​មក​សិស្ស​ថា “​ឯង​វាយ​រុយ​កុំឲ្យ​វា​នៅ​លើ​កុដិ​” អា​ផ្លូញ​ជា​សិស្ស​ក៏វាយ​រុយ​មិន​ឈប់ ។ គ្រា​នោះ​មាន​រុយ​ទំ​ច្រមុះ​គ្រូ វាយ​ទៅៗ​មិន​ត្រូវ​រុយ ត្រូវ​ច្រមុះ​គ្រូ​បែក​ឈាម​ហូរ​ខ្ចាយ ។ សិស្ស​ភ័យ​ណាស់​រត់​ទៅ​ដល់​ផ្ទះ​និយាយ​ប្រាប់​ឪពុក​ម្តាយ​តាម​រឿង ។ ឪពុក​ម្តាយ​ប្រាប់​កូន​ឲ្យមក​វត្ត​វិញ កូន​ប្រកែក​មិន​ព្រម​មក ។ លោកគ្រូ​ទៅតាម​ក៏​មិន​ហ៊ាន​មក​ដោយ​ខ្លាច​គ្រូ​វាយ ។
ថ្ងៃ​មួយ​លោកគ្រូ តាំង​ពិធីសូត្រមន្ត​អាគម​ស្នេហ៍​បន្ទន់ចិត្ត​សិស្ស​ឲ្យមក ។ អា​ផ្លូញ​ជា​សិស្ស​បាន​ដឹងថា គ្រូ​តាំង​ពិធីសូត្រមន្ត​អាគ​ម​ស្នេហ៍​ដូច្នោះ ក៏មកវត្ត​វិញ ដើម្បី​ឲ្យ​គ្រូ​ជឿថា ស្នេហ៍​ពូកែ ។ លុះ​ដល់​វត្ត​វិញ ដើរ​លបៗ​ចូល​ទៅ​ឃើញ​គ្រូ​កំពុងតែ​អង្គុយ​សូត្រមន្ត​អាគម​ស្នេហ៍ ក៏​សួរ​លោក​ថា “​លោក​គ្រូ​ធ្វើ​អ្វី​?” ។ គ្រូ​កុហកថា “​អញ​សូត្រមន្ត​អាគម​កំបាំង​ខ្លួន ព្រោះ​អញ​ទើប​រៀន​ពី​គេ​” ។ ហើយ​លោកគ្រូ​គិតថា “​ស្នេហ៍​អញ​ពូកែ​មែន​បាន​ជា​សិស្ស​អញ​វា​មក​” ។ លុះ​ព្រឹក​ឡើង​សិស្ស​ដាំបាយ​ធ្វើ​ម្ហូប​ស្រេច ទូល​ថា “​ចង្ហាន់​ឆ្អិន​ហើយ​” ។ លោកគ្រូ​ថា “​បើ​ដូច្នេះ​ឯង​លើក​យក​ឲ្យ​អញ​ឆាន់​” ។ អា​ផ្លូញក៏​លើក​មក​ប្រគេន ធ្វើ​ជា​មើលមិនឃើញ ដាក់​ថា​ស​ទៅ​លើ​ក្បាល​គ្រូៗ ស្រែកថា “​អា​ផ្លូញ​! ហេតុដូចម្តេច​ក៏​យក​ថាស​មក​ដាក់​លើ​ក្បាល​អញ​?” ។ សិស្ស​ទូល​ថា “​ខ្ញុំ​ព្រះករុណា​មើលមិនឃើញ​” ។ លោកគ្រូ​ងាក​ចេញ អា​ផ្លូញក៏​ដាក់​លើ​ក្បាល​គ្រូ​ទៀត ។ លោកគ្រូ​ថា “​អាឯង​ដាក់​ថាស​លើ​ក្បាល​អញ​ទៀតហើយ​” ។ សិស្ស​ថា “​ខ្ញុំ​ព្រះករុណា​សូមទោស ព្រោះ​មើលមិនឃើញ​” ។ លោកគ្រូ​ជឿថា​អញ​រៀន​ស្នេហ៍ៗ ពូកែ​ប្រាកដ ឥឡូវ​អញ​កុហក​វា​ថា តាំង​ពិធី​មន្តអាគម​បំបាំង​ខ្លួន​វិញ ក៏​ទៅ​ជា​ពូកែ​គេ​មើលមិនឃើញ​ប្រាកដ​មែន គួរ​ទន្ទេញ​ឲ្យ​ចាំ​កុំឲ្យ​ភ្លេច ។
អា​ផ្លូញ​លុះ​ប្រគេន​ចង្ហាន់​គ្រូៗ​ឆាន់​រួចហើយ វា​លើក​មក​បរិភោគ​ខ្លួន​វា ។
ថ្ងៃ​ក្រោយ​មាន​ឧបាសក​គេ​និមន​លោកគ្រូ​ទៅ​ឆាន់ឯ​ផ្ទះ ។ អា​ផ្លូញ​ទូ​លថា “​បើ​លោកគ្រូ​និមន្ត​ទៅ​ឆាន់​ផ្ទះ​គេ កុំ​ស្លៀក​ស្បង់​ឲ្យ​ចាស់​ខូច​ឥតអំពើ ឃ្លុំ​តែ​ចីពរ​បាន​ហើយ គេ​មើល​មិនឃើញ​ទេ ដ្បិត​លោកគ្រូ​ចេះ​មន្តអាគម​បំបាំង​ខ្លួន​ពូកែ​ណាស់ អ្នក​ណា​នឹង​មើលឃើញ​” គ្រូ​ជឿ​ក៏​ធ្វើ​តាម​ពាក្យ​សិស្ស ។
លុះ​ព្រឹក​ឡើង​លោកគ្រូ​ប្រាប់​សិស្ស​ថា “​ឯង​តាម​អញ​ទៅ​ឆាន់​ឯ​ផ្ទះ​ឧបាសក​” រួច​លោក​ឃ្លុំ​តែ​ចីពរ​មិន​ស្លៀក​ស្បង់​ដោយ​គិត​ថា “​ឃ្លុំ​តែ​ចីពរ​បាន​ហើយ ព្រោះ​មន្តអាគម​អញ​ពូកែ​ណាស់ នរណា​នឹង​មើល​កេរ្តិ៍ខ្មាស់​ឃើញ​” រួច​នាំ​កូនសិស្ស​ទៅ ។
លុះ​ទៅដល់​ឧបាសក​និមន្ត​ឡើង​លើ​ផ្ទះ​ហើយ​គេ​លើក​ចង្ហាន់​មក ដើម្បី​ប្រគេន​លោក​ឆាន់ ដោយ​លោក​មិន​បាន​ស្លៀក​ស្បង់ អង្គុយ​មិន​ស្រួល​ងាកឆ្វេង​ស្តាំក៏​លេច​កេរ្តិ៍ខ្មាស់​កណ្តាលវាល ។ ឧបាសក​ឃើញ​ដូច្នោះ​គេ​ក៏​នាំគ្នា​សើច​ហ៊ោ​លាន់ ។ លោកគ្រូ​ពុំទាន់​បាន​ឆាន់ចង្ហាន់ មានចិត្ត​ខ្មាស់គេ​ណាស់ ក៏​ចុះ​ពី​ផ្ទះ​ត្រឡប់​មក​វត្ត​វិញ ជេរ​បន្ទោស​សិស្ស​ថា “​អាឯង​មិន​ឲ្យ​អញ​ស្លៀក​ស្បង់ ឥឡូវ​អញ​ខ្មាស់​គេ​ណាស់​” អា​ផ្លូញ​ទូ​លថា “​លោកគ្រូ​កុំ​ខ្ញាល់​នឹង​ខ្ញុំ​ព្រះករុណា រឿង​នេះ​ប្រហែល​ខុស​ត្រណម​ទេ​ឬ​?” ។ លោកគ្រូ​សួរថា “​ឯង​ឃើញ​អញ​ខុស​ត្រណម​ដូចម្តេច​?” ។ អា​ផ្លូញ​សួរថា “​កាល​លោក​គ្រូ​និមន្ត​ទៅ​ឆាន់​ផ្ទះ​ឧបាសក និមន្ត​ទៅ​ផ្លូវ​ណា​?” ។ លោកគ្រូ​ប្រាប់ថា “​អញ​កាល​ទៅ​ចេញ​ផ្លូវ​កើត​” ។ សិស្ស​ថា “​ឱ​! ច្បាស់​ជា​លោកគ្រូ​ខុស​ត្រណម​ហើយ​” ។ ថ្ងៃមុន​លោកគ្រូ​ប្រាប់​ខ្ញុំ​ព្រះករុណា​ថា “​បើ​រៀន​មន្តអាគម​ទាំងពួង​ត្រូវ​ឲ្យ​តម​ស៊ី​ផ្លែ​ស្តី សូម្បី​តែ​មុជ​ក្រោម​ដីស្តីក៏​មិនបាន វា​សាប​មន្តអាគម ឥឡូវ​លោក​មុជ​ក្រោម​ដើម​ស្តី​បានជា​ខុសត្រណម សាប​អាគម​អស់ ហេតុនេះ​បាន​ជា​គេ​ឃើញ​កេរ្តិ៍ខ្មាស់​លោកគ្រូ​” ។ លោក​គ្រូ​បាន​ស្តាប់​ដូច្នោះ​ហើយ​ក៏​ថា “​ឱ​! អា​ផ្លូញ អញ​ភ្លេច​តម​បានជា​យ៉ាង​ហ្នឹង ឯង​ថា​នោះ​ពិតប្រាកដ​ហើយ​” ។ លោកគ្រូ​នោះ​ដោយ​ឆោតល្ងង់​ក៏​ជឿជាក់​ឥត​សង្ស័យ ។ តាំងពី​នោះ​មក​អា​ផ្លូញ​ជា​សិស្ស​នៅ​បម្រើ​គ្រូ​ដោយ​សុខ​សប្បាយ ៕