មាននិទានមួយថា អណ្តើក និងស្វា វាសុំធ្វើដន្លងនឹងគ្នា តែគ្មានកូនចៅទៅចងព័ន្ធអ្វីទេ គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង ហើយស្រលាញ់រាប់អានគ្នាដូចដន្លងអ្នកទាំងពួងនោះដែរ ។ លុះចំណេរយូរទៅ ដន្លងខាងស្វានោះគេមានកូនត្រូវរៀបការ គេហៅភ្ញៀវពួកស្វាសន្មត់ថ្ងៃនឹងស៊ីការ ទើបនឹកឃើញអណ្តើកជាដន្លងថា “យើងការកូននេះហៅភ្ញៀវអស់ហើយ នៅតែអណ្តើកជាដន្លងមិនទាន់បានទៅប្រាប់ ឥឡូវថ្ងៃការជិតណាស់មកហើយ បើដូច្នេះឲ្យបំរើទៅអញ្ជើញគាត់ផង បំណាច់យើងរាប់អានគ្នាយូរណាស់មកហើយ” ។ ក៏ចាត់បំរើឲ្យទៅអញ្ជើញ ។ ថ្ងៃ ដែលគេប្រជុំញាតិស៊ីការនោះ អណ្តើកក៏ទៅដល់ដែរ តែនឹងទៅស៊ីផឹកនឹងគេមិនរួច ។ ពួកស្វាបានឃើញក៏ប្រាប់ទៅដន្លងស្វាថា “ត្បិតដន្លងអណ្តើកមកដល់ហើយនៅឯក្រោមដើមឈើ” ។ ដន្លងស្វាចុះមកឃើញអណ្តើកក៏ប្រាប់ថា “ដន្លងឯងឡើងមិនរួចនឹងគេ មានតែដន្លងឯងខាំវល្លិ៍នេះចុះ យើងនឹងស្រាវឡើង ប៉ុន្តែបើមិនទាន់ទៅដល់កន្លែងដែលយើងឲ្យអង្គុយទេ ដន្លងឯងកុំនិយាយឲ្យសោះ ទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយធ្លាក់មកស្លាប់ហើយ” ។ អណ្តើកទទួលបណ្តាំដន្លងនោះសព្វគ្រប់ហើយ ក៏ទទួលខាំវល្លិ៍ ។ ពួកស្វាទាំងប៉ុន្មានក៏ស្រាវវល្លិ៍នោះឡើងនាំអណ្តើកទៅឯថ្នាក់លើ ។
លុះទៅជិតដល់កន្លែងដែលគេនឹងដាក់នោះ ជួនជាដន្លងស្រីស្វាឃើញអណ្តើកក៏សួរដោយរាប់អានថា “ដន្លងសុខសប្បាយទេឬ ?” អណ្តើកភ្លេចពាក្យបណ្តាំ ហាមាត់ស្តីទៅនឹងដន្លង ក៏របូតមាត់ធ្លាក់ខ្លួនខ្ពោកដល់ដី បែកស្នូកដូចចិញ្ច្រាំនឹងកាំបិត ស្លាប់នៅវេលានោះខានស៊ីការនោះទៅ ៕