បុណ្យភ្ជំបិណ្ឌ-ធម្មវិភាគបរាភវសូត្រគាថា

ធម្មវិភាគបរាភវសូត្រគាថាទី១ បិណ្ឌ១

ថ្ងៃ១រោច ខែភទ្របទ  គឺជាថ្ងៃដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ទីកន្លែងប្រារព្ធធ្វើពិធីកាន់បិណ្ឌ
វេនទី១ ឬហៅថាបិណ្ឌមួយ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងដែលបានធ្វើតៗមកតាំងពី
បុរាណកាលមក ដើម្បីឧទ្ទិសនូវភាគផលកុសលទៅដល់ញាតកាទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោក។

ពិធីបុណ្យកាន់បិណ្ឌនេះមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែភទ្របទ ដល់ថ្ងៃ ១៤រោច ខែភទ្របទ ចំណែក
ថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំ ឬហៅថាភ្ជុំបិណ្ឌ ។ ក្នុងរយៈពេលកន្លះខែនៃបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ បុរាណា ចារ្យរបស់យើងបានរៀបចំអោយមានពិធីសូត្រនូវធម៌បរាភវសូត្រ (គឺព្រះពុទ្ធោវាទដែលសំដែងអំពីសេចក្តីវិនាស)
ជារៀងរាល់ព្រឹក ក្នុងនោះមានព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទដែលជាអ្នកចេះធ្វើបែបបទបឋ្យាវត្ត
ចូលរួមសូត្រ បញ្ចេញសូរសៀងលន្លង់លន្លោចគួរស្រងេះស្រងោចសង្វេគពេកក្រៃ រហូតដល់មានពុទ្ធបរិស័ទមួយ
ចំនួនមានការយល់ប្រឡំថា ការសូត្រនេះគឺសូត្រដើម្បីអោយប្រេតដែលមកទទួលភាគផលកុសលក្នុងពេលនោះ
បានស្តាប់ ។ តាមការពិតធម៌បរាភវសូត្រនេះ មិនមែនសូត្រសម្រាប់អោយប្រេតស្តាប់ទេ គឹសូត្រសម្រាប់អោយ
អ្នកដែលនៅរស់ស្តាប់ហើយវៀវចាកអំពីហេតុនៃសេចក្តីវិនាសនោះ ព្រោះពពួកប្រេតទាំងឡាយដែលបានទៅយោន
យកកំណើតជាសត្វប្រេតនោះក៏ព្រោះតែប្រព្រឹត្តនូវហេតុនៃសេចក្តីវិនាសទាំងនោះ។ ហេតុនេះ ធម៌បរាភវសូត្រ
គឺសូត្រសម្រាប់អោយអ្នកមានជីវិតរស់នៅបានស្តាប់ហើយពិចារណា និងចៀសវៀងអោយផុតពីហេតុដែលនាំ
ទៅកាន់បេតវិស័យ។

បរាភវសូត្រនេះមានសេចក្តីដូចតទៅៈ

(សូត្រនេះឈ្មោះបរាភវសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ) បានស្តាប់មកហើយយ៉ាងនេះថា សម័យមួយព្រះដ៏មានព្រះ
ភាគ ទ្រង់គង់នៅក្នុងវត្តជេតពនជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ លំដាប់នោះឯង ទេវតា
មួយអង្គ កាលដែលវេលារាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្មមញ៉ាំងវត្តជេតពនជុំវិញទាំងអស់អោយ
ភ្លឺស្វាង ហើយព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទីណាក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយទើបថ្វាយបង្គំ
ចំពោះព្រះដ៏មានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបទូលសួរ
ព្រះដ៏មានព្រះភាគដូច្នេះថា៖

បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ, ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ មកសូមទូលសួរ នូវហេតុដែលគួរ ចម្រើនវិនាស
ប្រុសស្រីក្នុងលោ- កសន្និវាស ដែលនឹងវិនាស សាបសូន្យចាកគុណ
ឆ្ពោះព្រះគោត្តម ព្រះអង្គមានបុណ្យ សូមទ្រង់និមន្ត សម្តែងឲ្យទាន
ធម្មជាតដូចម្តេច ដែលជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស ។

(ព្រះសាស្តាឆ្លើយតបនឹងទេវតាថា)


សុវិជ្ជានោ ភវំ ហោតិ សុវិជ្ជានោ បរាភវោ, ធម្មកាមោ ភវំ​ ហោតិ ធម្មទេស្សី បរាភវោ៕

អ្នកដែលចម្រើន គេក៏អាចស្គាល់ងាយ អ្នកដែលអន្តរាយ គេក៏អាចស្គាល់ពិត
អ្នកប្រាថ្នាធម៌ ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្ត នឹងបានចម្រើន ។
អ្នកដែលទ្រុស្តធម៌ ស្អប់ធម៌ឥតកើន ឥតកើនចម្រើន វិនាសទៅមុខ ។

ធម្មវិភាគបរាភវសូត្រគាថាទី២ បិណ្ឌ២

នៅថ្ងៃ២រោច ខែភទ្របទ  គឺជាថ្ងៃកាន់បិណ្ឌទី២ ស្ទើរតែគ្រប់វត្តអារាម តែងតែលើក
យកធម៌បរាភវសូត្រគាថាទី២មកសំដែងពន្យល់ដល់ពុទ្ធបរិស័ទ។ ខាងក្រោមនេះគឺគាថាទី២នៃបរាភវសូត្រ។


ទេវតាបានទូលសួរព្រះសាស្តាថា៖

ឥតិ ហេតំ វិជានាម បឋមោ សោ បរាភវោ, ទុតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាទ្រង់ត្រាស់តបទៅទេវតាថា៖

អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ, អសតំ ធម្មរោចេតិ តំ បរាភវតោ មុខំ។
អ្នកដែលស្រឡាញ់ ពេញចិត្តសេ្នហា តែនឹងមនុស្សណា អសប្បុរស
តែងមិនស្រឡាញ់ ពេញចិត្តទាំងអស់ នឹងអ្នកសប្បរស មកធ្វើជាមិត្រ។
សេចក្តីស្រឡាញ់ ពេញចិត្តគំនិត ហើយទៅគប់មិត្រ អសប្បុរស
គាប់ចិត្តក្នុងធម៌ ឬមួយរបស់ ហេតុនោះទាំងអស់ នាំឲ្យវិនាស។

ធម្មវិភាគបរាភវសូត្រគាថាទី៣ បិណ្ឌ៣

ថ្ងៃ៣រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌវេនទី៣ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់
អំពីបរាភវសូត្រគាថាទី៣ ដូចតទៅ៖

ទេវតាទូលសួរព្រះសាស្តាតទៅទៀតថា៖

ឥតិ ហេតំ វិជានាម ទុតិយោ សោ បរាភវោ, តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី២ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៣ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាទ្រង់ត្រាស់តបទៅទេវតាថា៖

និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ, អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ។
អ្នកដេកច្រើន១ និយាយច្រើន១ និងអ្នកឥតព្រួយ ឥតគិតប្រឹងប្រែង
អ្នកខ្ជិលប្រអូស មិនមានខ្នះខ្នែង ខឹងច្រើនសម្តែង ឲ្យគេឃើញបាន។
ហេតុធម៌ទាំងនោះ មិនជាកល្យាណ នាំឲ្យខកខាន ខាតខូចប្រយោជន៍
មានជាប្រធាន តិចច្រើនដោយហោច នាំបង់ប្រយោជន៍ ហើយឲ្យវិនាស។

ធម្មវិភាគបរាភវសូត្រគាថាទី៤ បិណ្ឌ៤

 ថ្ងៃ៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌវេនទី៤ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់
អំពីបរាភវសូត្រគាថាទី៤ ដូចតទៅ៖

ទេវតាទូលសួរព្រះសាស្តាថា៖

ឥតិ ហេតំ វិជានាម តតិយោ សោ បរាភវោ, ចតុត្ថំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៣ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៤ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាទ្រង់ត្រាស់តបទៅទេវតាថា៖

យោ មាតរំ បិតរំ វា ជិណ្ណតំ គតយោព្វនំ, បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ។
នរជនណា មានទ្រព្យធនធាន ហើយខ្លួនមិនបាន ចិញ្ចឹមរក្សា
មាតាបិតា ដែលចាស់ជរា ហេតុនោះទៅជា នាំឲ្យវិនាស។

ធម្មវិភាគបរាភវសូត្រគាថាទី៥ បិណ្ឌ៥

 ថ្ងៃ៥រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌវេនទី៥ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់ អំពីបរាភវសូត្រគាថាទី៥ ដូចតទៅ៖

ទេវតាទូលសួរព្រះសាស្តាថា៖

ឥតិ ហេតំ វិជានាម ចតុត្ថោ សោ បរាភវោ, បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៤ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៥ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាឆ្លើយតបទៅទេវតាថា៖
យោ ព្រាហ្មណំ សមណំ វា អញ្ញំ វាបិ វនិព្វតំ, មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ។
ជនបញ្ឆោតព្រាហ្មណ៍ ឬពួកសមណៈ ពួកស្មូមជជក ឬអ្នកដទៃៗ
ដោយមុសាវាទ ឃ្លាតពាក្យប្រពៃ នោះប្រធាននៃ សេចក្តីវិនាស។

ធម្មវិភាគបរាភវសូត្រគាថាទី៦ បិណ្ឌ៦

 ថ្ងៃ៦រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌវេនទី៦ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់ អំពីបរាភវសូត្រគាថាទី៦ ដូចតទៅ៖

ទេវតាទូលសួរព្រះសាស្តាថា៖
ឥតិ ហេតំ វិជានាម បញ្ចមោ សោ បរាភវោ,​ ឆដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៥ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៦ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាទ្រង់ត្រាស់តបទៅទេវតាថា៖
បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ, ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ។
បុរសអ្នកមាន ទ្រព្យធនធានច្រើន មាសប្រាក់ចម្រើន និងគ្រឿងអាហារ
លបលាក់របស់ ដែលឆ្ងាញ់ពិសា ស៊ីម្នាក់ឯងជា សេចក្តីវិនាស។

ធម្មវិភាគបរាភវសូត្រគាថាទី៧ បិណ្ឌ៧

 ថ្ងៃ៧រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌវេនទី៧ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់ អំពីបរាភវសូត្រគាថាទី៧ ដូចតទៅ៖

ទេវតាទូលសួរព្រះសាស្តាថា៖
ឥតិ ហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ, សត្តមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៦ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៧ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាឆ្លើយតបទៅទេវតាថា៖
ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ, សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ។
អ្នកដែលប្រកាន់ ជាតិទ្រព្យត្រកូល ហើយមិនប្រមូល សាច់ញាតិសន្តាន
មើលងាយញតិខ្លួន ដោយអាងខ្លួនមាន នោះជាប្រធាន សេចក្តីវិនាស។

ធម្មវិភាគបរាភវសូត្រគាថាទី៨ បិណ្ឌ៨

 ថ្ងៃ៨រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌវេនទី៨ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់ អំពីបរាភវសូត្រគាថាទី៨ ដូចតទៅ៖

ទេវតាទូលសួរព្រះសាស្តាថា៖
ឥតិ ហេតំ វិជានាម សត្តមោ សោ បរាភវោ, អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៧ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៨ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាត្រាស់តបទៅទេវតាថា៖
ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ, លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ។
ជនអ្នកប្រព្រឹត្ត ល្បែងបីប្រការ ល្បែងស្រីល្បែងស្រា ល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមាន ឲ្យអន្តរាយ ការល្បែងទាំងឡាយ នោះនាំវិនាស។

ធម្មវិភាគបរាភវសូត្រគាថាទី៩ បិណ្ឌ៩

 ថ្ងៃ៩រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌវេនទី៩ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់ អំពីបរាភវសូត្រគាថាទី៩ ដូចតទៅ៖

ទេវតាទូលសួរព្រះសាស្តាថា៖
ឥតិ ហេតំ វិជានាម អដ្ឋមោ សោ បរាភវោ, នវមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៨ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៩ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាទ្រង់ត្រាស់តបទៅទេវតាថា៖
សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ, ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ។
ប្រុសមិនត្រេកអរ នឹងប្រពន្ធខ្លួន ហើយទៅជាប់ជួន នឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធ កូនជននានា ហេតុនោះទៅជា នាំឲ្យវិនាស។

ធម្មវិភាគបរាភវសូត្រគាថាទី១០ បិណ្ឌ១០

 ថ្ងៃ១០រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌវេនទី១០ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់ អំពីបរាភវសូត្រគាថាទី១០ ដូចតទៅ៖

ទេវតាទូលសួរព្រះសាស្តាថា៖
ឥតិ ហេតំ វិជានាម នវមោ សោ បរាភវោ, ទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៩ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១០ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាត្រាស់តបទៅទេវតាថា៖
អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ, តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ។
បុរសមានវ័យ ដែលចាស់ហួសពេក ហើយមានតម្រេក ដោយក្តីតណ្ហា
នាំយកស្រីក្មេង មកធ្វើភរិយា ហេតុនោះទៅជា នាំឲ្យវិនាស។

ធម្មវិភាគបរាភវសូត្រគាថាទី១១ បិណ្ឌ១១

 ថ្ងៃ១១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌវេនទី១១ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់ អំពីបរាភវសូត្រគាថាទី១១ ដូចតទៅ៖

ទេវតាទូលសួរព្រះសាស្តាថា៖
ឥតិ ហេតំ វិជានាម ទសមោ សោ បរាភវោ, ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១០ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១១ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាទ្រង់ត្រាស់តបទៅទេវតាថា៖
ឥត្ថឹ សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ, ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ។
បុរសតាំងស្រី អ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយ តាំងបុរសនោះ
ដែលជាអ្នកលេង ខ្ជះខ្ជាយដូច្នោះ អំពើទាំងនោះ នាំឲ្យវិនាស។

បរាភវសូត្រគាថាទី១២​ ក្នុងថ្ងៃកាន់បិណ្ឌទី១២

 ថ្ងៃ១២រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌវេនទី១២ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់ អំពីបរាភវសូត្រគាថាទី១២ ដូចខាងក្រោម៖

ទេវតាទូលសួរព្រះសាស្តាថា៖
ឥតិ ហេតំ វិជានាម ឯកាទសមោ សោ បរាភវោ, ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១១ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។

ព្រះសាស្តាទ្រង់ត្រាស់តបទេវតាថា៖
អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ, សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ។
ជនណាកើតក្នុង ត្រកូលជាក្សត្រ អ្នកក្សត់សម្បតិ ហើយប្រាថ្នាធំ
ចង់បានជាស្តេច សោយរាជ្យស្តុកស្តម្ភ ហេតុនោះនឹងនាំ ឲ្យដល់វិនាស។

យុទ្ធសាស្ត្រនាំឲ្យវិនាសដល់ជីវិត

 គណៈប្រតិភូទេវតាដែលដឹកនាំដោយសក្កទេវរាជក្រោយពីបានស្តាប់វិធីសាស្ត្រនាំឲ្យរីកចម្រើនដល់ជីវិតហើយ ក៏ ផុសគំនិតគិតឃើញថា ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់តែពីយុទ្ធសាស្ត្រនាំឲ្យរីកចម្រើនតែម្យ៉ាង មិនទាន់បាន ត្រាស់ពីយុទ្ធសាស្ត្រនាំឲ្យវិនាសនៅឡើយទេ បើដូច្នេះមានតែពួកយើងទៅទូលសួរព្រះសម្មាសម្ពុទ្ធជាម្ចាស់ ម្តងទៀតអំពីយុទ្ធសាស្ត្រនាំឲ្យវិនាសដល់ជីវិត លុះដល់ថ្ងៃទី ២ បន្ទាប់ពីត្រាស់មង្គលសូត្រហើយ ពពួកទេវតាក៏ នាំគ្នាទៅវត្តជេតវ័នម្តងទៀត ទេវតា ១ អង្គដែលជាតំណាងទទួលបញ្ជាពីសក្កទេវរាជបានទូលសួរ ព្រះសម្មាសម្ពុទ្ធជាម្ចាស់អំពីហេតុនាំឲ្យវិនាសដល់ជីវិត ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបត្រាស់បរាភវសូត្រមាន ១២ យ៉ាងដូចតទៅនេះ
១.អ្នកចម្រើនក៏ដឹងបានងាយ អ្នកវិនាសក៏ដឹងបានងាយ អ្នកស្រឡាញ់ចូលចិត្តធម៌(កុសលកម្មបថ ១០) ជាអ្នក ចម្រើន អ្នកស្អប់ធម៌ជាអ្នកវិនាស ។
២.បុគ្គលមានអំពើអាក្រក់ជាទីស្រឡាញ់(ស្រឡាញ់បាប) មិនសាងអំពើល្អឲ្យជាទីស្រឡាញ់(មិនចូលចិត្តធ្វើ បុណ្យ) នេះជាផ្លូវនាំឲ្យវិនាស ។
៣.បុគ្គលដែលចូលចិត្តដេកច្រើន ព្រោកប្រាជច្រើន មិនខ្នះខ្នែង ខ្ជិលច្រអូស ឆាប់ខឹង នេះជាផ្លូវនាំឲ្យវិនាស ។
៤.បុគ្គលណាថ្វីបើមានលទ្ធភាព ប៉ុន្តែមិនចិញ្ចឹមឪពុកម្តាយរបស់ខ្លួនដែលចាស់ជរា នេះជាផ្លូវនាំឲ្យវិនាស ។
៥.បុគ្គលណាបោកបញ្ឆោតសមណៈព្រាហ្មណ៍ ឬ សូម្បីស្មូមវនិព្វកដោយសម្តីមិនពិត នេះជាផ្លូវនាំឲ្យវិនាស ។
៦.បុគ្គលដែលស្តុកស្តម្ភ មានគ្រឿងឧបភោគបរិភោគច្រើន ប៉ុន្តែបរិភោគចំណីឆ្ងាញ់តែម្នាក់ឯង នេះជាផ្លូវនាំឲ្យ វិនាស ។
៧.បុគ្គលណាឆ្មើងឆ្មៃព្រោះជាតិកំណើត ទ្រព្យសម្បត្តិ ឬ វង្សត្រកូល មើលងាយញាតិរបស់ខ្លួន នេះជាផ្លូវនាំ ឲ្យវិនាស ។
៨.បុគ្គលណាជាអ្នកលេងស្រី អ្នកលេងស្រា(មនុស្សប្រមឹក) អ្នកលេងល្បែភ្នាល់(ជើងល្បែង) តែងបង្ហិនទ្រព្យ ដែលរកមកបាន នេះជាផ្លូវនាំឲ្យវិនាស ។
៩.មនុស្សដែលមិនពេញចិត្តនឹងគូគ្រងខ្លួន ប្រព្រឹត្តខុសចំពោះគូគ្រងរបស់អ្នកដទៃ នេះជាផ្លូវនាំឲ្យវិនាស ។
១០.ប្រុសចាស់បានប្រពន្ធក្មេង តែងដេកលក់មិនពេញភ្នែក ព្រោះប្រចណ្ឌប្រពន្ធក្មេងនោះ នេះជាផ្លូវនាំឲ្យ វិនាស ។
១១.ប្រុសណាជាអ្នកលេងស្រី ចាយវាយខ្ជះខ្ជាយ ឬ តែងតាំងប្រុសបែបនោះឲ្យកាន់តំណែងធំ នេះជាផ្លូវនាំ ឲ្យវិនាស ។
១២.បុគ្គលណាកើតក្នុងត្រកូលក្សត្រមានភោគទ្រព្យតិច ប៉ុន្តែមានមហិច្ឆតាលោភលន់ ចង់បានរាជសម្បត្តិ នេះជាផ្លូវនាំឲ្យវិនាស ។
បរាភវសូត្រ ប្រែថា ខ្សែរឿងស្តីពីហេតុនាំឲ្យវិនាស ហិនហោច លិចលង់
ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងខ្សែរឿង ២ ខ្សែ ដែលមនុស្សអាចជ្រើសរើសយកទៅអនុវត្តបាន បើត្រូវការសេចក្តីរីកចម្រើនដល់ជីវិត ក៏អនុវត្តតាមមង្គលសូត្រ បើត្រូវការសេចក្តីវិនាសក៏អនុវត្តតាម បរាភវសូត្រ សិទ្ធិសេរីភាពបានបើកជូនដល់មនុស្សជាតិគ្រប់ៗគ្នាស្រេចតែលើជម្រើសរបស់មនុស្ស្មម្នាក់ៗ ដែលជាអ្នកសម្រេចជោគវាសនារបស់ខ្លួន ។
អានបន្ថែមក្នុងព្រះត្រៃបិដកខ្មែរ ក្បាលទី ៥៤ សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ សូត្រទី ៦ ទំព័រ ៣៦

អត្ថបទ: ដកស្រងចេញពី ព្រះពុទ្ធសាសនាខ្មែរ