រឿង ច​ចក

កាលពីព្រេងនាយ​មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែលំ​ហើយ​វា​ដើររក​ត្រពាំង​បឹងបួ ដែល​រីង​ទឹក​ដើម្បី​ចាប់​ត្រី​ស៊ី ។ លុះ​ទៅដល់​ត្រពាំង​មួយ រីង​ទឹក​អស់​នៅ​តែ​ប្រឡង់​មួយ ឃើញ​សុទ្ធតែ​ភក់ មាន​ត្រី​កំពឹស បង្កង​ក្តាម​ជាច្រើន​ណាស់ ។ ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេកអរ​រីករាយ​គិតថា “​ថ្ងៃនេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចំឡែក​ជាង​សព្វថ្ងៃ​” ។ ឯ​កំពឹស​មាន​ប្រាជ្ញ ឮ​ចចក​ថា ដូច្នេះហើយ ក៏​និយាយ​លួង​លោក​ចចក​ថា “​យើង​ទាំងអស់គ្នា​សុទ្ធតែ​ជា​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ​មិន​ឆ្ងាញ់​ពិសា​ទេ​” ចចក​ឆ្លើយថា “​ធ្វើ​ដូចម្តេច​នឹង​ឆ្ងាញ់​ពិសា​?” ។ កំពឹស​ឆ្លើយថា “​ត្រូវ​បង​ចចក​ឯង យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត ហើយ​សឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា​” ។ ចចក​ថា “​ធ្វើ​ដូចម្តេច​នឹង​យក​ទៅ​លាង​ទឹក​បាន បើ​ច្រើន​ដល់​ម្ល៉េះ​?” ។ កំពឹស​ថា “​បង​ចចក​កុំ​ព្រួយចិត្ត ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ​” ។
ចចក​ឆ្លើយ​ឡើង​ថា “​បង​ឯង​ធ្វើ​ដូច​ម្តេច​ក៏​ខ្ញុំ​តាម​ទាំងអស់​” ។ បើ​ដូច្នេះ​ចូរ​បងឯង​ចុះ​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​ទាំងអស់គ្នា​នឹង​បាន​តោង​ខំ​រោម​បង​ឯងៗ នាំ​យើង​ទៅរក​ស្ទឹង​បឹងបួ​ឯណា​មាន​ទឹកថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​បង​ឯង​ស៊ី​ឲ្យ​ឆ្ងាញ់​ពិសា​តាមចិត្ត​ចុះ​” ។ ឯ​ចចក​ជា​សត្វ​ល្មោភ​ហើយ​ល្ងង់ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។ កំពឹស និង​ត្រី​បបួល​គ្នា​តោង​រោម​ចចក​ទៅ លុះ​ទៅដល់​បឹង​មួយ​ធំ​វែង មាន​ទឹកថ្លា​ល្អ​ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក អស់​ត្រី និង​កំពឹស​លោត​ទៅ​ក្នុង​ទឹក​បឹង​ប្រាប់ថា “​បង​ចចក​ឯង​ទៅ​ជញ្ជូន​មកឲ្យ​អស់​សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែម្តង យើង​នៅ​ចាំ​បង​នៅទីនេះ​” ។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី និង​កំពឹស​មក លុះត្រា​តែង​អស់​ពី​ត្រពាំង​នោះ ។
ពួក​ត្រី កំពឹស ក្តាម ខ្យង ដឹងថា ចចក​ជញ្ជូន​អស់ហើយ នាំគ្នា​មុជ​ក្នុង​ទឹក​ជ្រៅ​បាត់អស់ ។ ឯ​ចចក​ដឹងថា កំពឹស​បញ្ឆោត​ដូច្នេះហើយ ខឹង​ណាស់​ដើរ​ទៅ​បបួល​អស់សត្វ​ធំ​តូច ដំរី រមាស ខ្លា គ្រប់​ភាសាសត្វ ទាំង​ពស់ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេសសល់​ដល់​តិច បបួលគ្នា​មក​បាចទឹក​បឹង​នោះ​ឲ្យ​រី​ង នឹង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី​ឲ្យអស់ បាន​ឲ្យ​ពសថ្លាន់​ធ្វើជា​ទំនប់​ទឹក​អស់សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច ។ សត្វ​ក្នុង​បឹង​ដឹងថា ចចក​បបួល​គ្នា​បាចទឹក​ឲ្យ​រីងទាំ​ង​បឹង ភ័យ​ណាស់​ក៏​គិត​គ្នា​ថា “​យើង​ធ្វើ​មេ្តចនឹងបាន​ឲ្យអស់​ស​ត្វ​ទាំងនោះ​លែង​បាចទឹក​” ។ កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយថា “​ខ្ញុំ​ឮ​គេ​និយាយថា បង​សុភា​ទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង​ជាច្រើន​ណាស់ បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ​ឲ្យមក​ជួយ​ដោះ​ទុក្ខ​អស់​យើង​” ពួក​ត្រី​គិត​គ្នា​ហើយ​ក៏​ប្រើ​ត្រី​ក្រាញ់​ឲ្យទៅ​អញ្ជើញ​សុភា​ទន្សាយ ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ លុះដល់​ថ្ងៃ​ក្រៀម​ស្រកា​អស់ ដល់​យប់​សុភា​ទន្សាយ​ចេញ​មក​រកស៊ី បានឃើញ​ត្រី​ក្រាញ់ននៀល​ដូច្នោះ ក៏​សួរ​ថា “​បង​ត្រី​ក្រាញ់​ទៅណា​?” ត្រី​ក្រាញ់​ឃើញ​សុភា​ទន្សាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​ណាស់​និយាយអង្វ​រថា “​បង​សុភា​ទន្សាយ​អាណិត​ខ្ញុំ ដ្បិត​ត្រី​ទាំងអស់​ក្នុង​បឹង គេ​ប្រើ​ខ្ញុំ​ឲ្យមក​អញ្ជើញបងសុ​ភា​ទៅ ដ្បិត​ឮ​ទាំង​មនុស្ស​និយាយថា បង​ជា​អ្នក​មាន​ប្រាជ្ញា​ចេះ​កាន់​សេចក្តី​ដោះ​ទុក្ខ​គេ បើ​អ្នកណា​កើតទុក្ខ​បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី ក្របី​គោ រមាស រមាំង ជ្រូក ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើយ គី គុក ត្រៀ​ល ចង្ក្រៀល​ខ្យង ទុង ទោ​ម ក្អែក​ទឹក ប្រវឹក​ស្មោញ ទាំង​ប៉ុន្មាន​បាន​បបួលគ្នា​មក​បាចទឹក​បឹង​ឲ្យ​រី​ង នឹង​បាន​ចាប់​អស់​ត្រី អណ្តើក កន្ធា​យ ស៊ី​ជា​ចំណី​ឲ្យអស់​ពី​ក្នុង​បឹង​នេះ គេ​ឲ្យ​ពស់ថ្លាន់ ពស់​តូច ធ្វើ​ជា​ទំនប់ ទប់​នឹង​នោះឯង បើ​ដូច្នេះ បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បងប្អូន​ខ្ញុំ ឲ្យបាន​រួច​ពីភ័យ​ម្តងនេះ​បឹង​បាន​ល្បី​កេរ្តិ៍ឈ្មោះ​តទៅ អស់​យើង​នឹង​តបគុណ​បង​សុភា​ទន្សាយ​ឯង យើង​មិន​ភ្លេចគុណ​ដរាប​ដល់​អស់​ជី​វិត​” ។ ឯ​ទន្សាយ​ឮ​ត្រី​ក្រាញ់​និយាយអង្វរ​ដូច្នោះ​ក៏​ឆ្លើយថា “​បង​ត្រី​ក្រាញ់ ទៅមុន​ចុះ ទៅ​ប្រាប់​បងប្អូន​កុំឲ្យ​ភិយភ័យ​ចាំ​ឲ្យជួយ​ដោះ​ឲ្យ​រួច​កុំ​បារម្ភ​ឡើយ​” ។ ត្រី​ក្រាញ់​ក៏​ត្រឡប់​ទៅវិញ ។ ឯ​ទន្សាយ​លុះ​ព្រឹក ព្រហាម​ឡើងទៅ​មាត់​បឹង​ឃើញ​អស់សត្វ​កំពុងតែ​បាច​ទឹក ក៏​យក​សឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ឆ្លុះៗ មក​ធ្វើជា​សំបុត្រ ហើយ​ស្រែកហៅ​សត្វ អស់​សត្វ​ទាំងនោះ​ថា “​នែ​! បងប្អូន​ទាំងអស់​គ្នា ចាំ​ស្តាប់​ខ្ញុំ ដ្បិត​ព្រះ​ឥន្ទ្រឲ្យ​ខ្ញុំ​នាំ​សំបុត្រ​មក​ប្រាប់​គ្រប់គ្នា​ថា ព្រះឥន្ទ្រ​លោក​នឹង​មក កាច់​ជើង​ត្រុំ ប្រមុំ​ជើង​អ​ក កាច់​ក្បាល​ច​ចក ដក​ភ្លុក​ដំរី​ស​” ។ អស់សត្វ​ឮថា សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់ ផ្អើល​បោល​ជាន់​លើ​គ្នា ដំរី ក្របី រមាស រមាំង ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់ថ្លាន់ ជា​ទំ​បន់ដាច់​ខ្លួន​ជា​ពីរ បី​កំណាត់ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់ ។ សត្វ​ទាំងនោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ ។
តាំងពី​ថ្ងៃ​នោះ​មក អស់សត្វ​ទាំងពួង​កោត​ប្រាជ្ញា​សុភា​ទន្សាយ សុភា​ទន្សាយ​ជា​គ្រូ​​អាចារ្យ​ទាំងអស់គ្នា ៕