រឿង អា​សុខ​ស្លូត អា​សុខ​កាច

កាលពីព្រេងនាយ​មាន​ក្មេង​ប្រុស​ពីរ​នាក់ នៅ​ភូមិ​ជាមួយគ្នា មួយ​ឈ្មោះ អា​សុខ​ស្លូត មួយ​ឈ្មោះ​អា​សុខ​កាច ។ ឯ​អា​សុខ​កាច​ចិត្តអាក្រក់ បើ​លេងល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា រក​តែ​រឿង​ឈ្លោះ​ជេរ​វាយ​គេ​មិន​ដែល​ខាន ។ ម្តាយ​ឪពុក​អា​សុខ​កាច​នោះ​ជា​អ្នកគ្រាន់បើ មាន​ស៊ី​មាន​ចាយ កាន់ជើង​អា​សុខ​កាច​ជា​កូន​ណាស់ បណ្តាជន​ក្នុងភូមិ​ខឹង​ស្អប់​អា​សុខ​កាច​ពន់ពេក ។ ឯ​អា​សុខ​ស្លូត​កំព្រា​ឥត​មាតាបិតា មានតែ​ជីដូនៗ​ក៏​ចាស់ជរា​ក្រលំបាក​ពេក​ព្រៃ ។ អា​សុខ​ស្លូត​នោះ​បើ​លេងល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា​ក្នុងភូមិ​នោះ ពុំ​ដែល​ឈ្លោះប្រកែក​ដល់​ម្តង​ឡើយ ។
បណ្តាជន​ ក្នុងភូមិ​នោះ​អាណិត​ស្រឡាញ់​ឲ្យចំ​ណី​ស៊ី ខុស​អ្នកនេះ​ខុស​អ្នកនោះ ឲ្យ​មិន​ដែល​លោះ​ខាន ម្ល៉ោះហើយ​អា​សុខ​កាច​នោះ ច្រណែន​និង​មួរ​ម៉ៅ​ក្តៅចិត្ត​រិត​តែ​កា​ចឡើង​ជេរ​វាយ​កូន​គេ​ឥត​ញញើត ចាស់​នឹង​ចាស់​ឈ្លោះ​គ្នា ព្រោះតែ​កាន់ជើង​កូន​រៀងខ្លួន ។ លុះ​អា​សុខ​ស្លូត និង​អា​សុខ​កាច​ចម្រើន​អាយុ​ធំ​ឡើង អា​សុខ​កាច​និយាយ​បបួល​អា​សុខ​ស្លូត​ថា “​វ៉ឺ​យើង​ចង់​នាំគ្នា​ទៅ​កាប់​ឫស្សី​លួសរនាប ដ្បិត​ផ្ទះ​អា​សុខ​ស្លូត​ឯង​បាក់​ពុក​អស់ហើយ​” អា​សុខ​ស្លូត​ថា “​អញ​គ្មាន​ប្រដាប់​កាំបិត​ឲ្យ​មុត​មាំទេ ទាំង​អង្ករ​ត្រី​សាច់ ថ្នាំជក់​ក៏​គ្មាន​ផង សព្វថ្ងៃ​រកបាន​ព្រឹក​ខ្វះ​ល្ងាច​” ។ អា​សុខ​កាច​ថា “​កុំ​បាច់​យក​ម្ហូបចំណី​ថ្នាំជក់ កាំបិត​គ្រប់​ប្រដាប់​ទៅ​ឡើយ ធានា​លើ​អញ​ទាំង​អស់ឯង​មាន​តែ​ខ្លួន​ចុះ​” ថា​ហើយ ក៏​បណ្តើរគ្នា​ទៅដល់​ផ្ទះ​អា​សុខ​ស្លូត ហើយ​អា​សុខ​ស្លូត​និយាយប្រាប់​ជីដូន​ថា “​បង​សុខ​គេ​បបួល​ខ្ញុំ​ទៅ​កាប់​ឫស្សី​លួស​រនាប ប្រដាប់ប្រដា​អាហារ​ភោជន នៅ​លើ​គេ​ទាំងអស់​ខ្ញុំ​មាន​តែ​ខ្លួន​ទៅ​” ។ ជីដូន​ឃាត់​ថា “​ចៅ​កុំទៅ​ព្រៃ​ឫស្សី​នោះ​ស្ងាត់​ណាស់​” ។ អា​សុខ​កាច​ថា “​មិន​អី​ទេ​យាយ ផ្ទះ​យាយ​ពុក​បាក់​អស់​ហើយ បាន​រនាប​មក​គ្រាន់​នឹង​ជួសជុល​កុំឲ្យ​ផុង​យាយ​” យាយ​ផ្តែផ្តាំ​ថា “​ចៅ​ទៅ​ក៏​ទៅ​ចុះ តែ​ចៅ​ទៅ​មើល​ថែ​ទាំង​ប្អូន​ផង​” ។ អា​សុខ​ស្លូត អា​សុខ​កាច វេចបាយ​សំណុំ​គ្រប់​ប្រដាប់​សម្រាប់​កាប់​ឫស្សី​លួស​រនាប ចេញ​ទាំង​ពីរ​នាក់​ទៅ​ដល់​ព្រៃ​ឫស្សី​កាប់​បាន​ហើយ​លួស​រនាប ។ អា​សុខ​កាច បាន​រនាប​តិច អា​សុខ​ស្លូត​បាន​រនាប​ច្រើន ហើយ​ឈប់​សំរាក​ស៊ី​បាយ​ទាំង​ពីរ​នាក់ អង្គុយ​ទល់មុខ​គ្នា អា​សុខ​កាច​គិតថា “​ជីវិត​អាឯង​មុខ​ជា​ស្លាប់​នឹង​ដៃ​អញ​ឥឡូវនេះ​” គិត​ហើយ​ក៏​ចាប់​កាំបិតបន្ទោះ​ចាក់​ចំ​ភ្នែក​អា​សុខ​ស្លូត​កំពុង​ស៊ី​បាយ អា​សុខ​ស្លូត​ស្រែកយំ​ថា “​ហេតុម្តេច​ក៏​មក​ចាក់​ខ្ញុំ​” ។ អា​សុខ​កាច​ឆ្លើយថា “​អាឯងរ​ករបរ​របស់​ឯង ហើយ​មក​ស៊ី​បាយ​អញ ទាំង​រនាប​ក៏បាន​ច្រើន​ជាង​អញ​” ។ អា​សុខ​ស្លូត​ឆ្លើយថា “​កាល​បង​បបួល​ខ្ញុំ​មក​កាប់​ឫស្សី​លួសរនាប​ខ្ញុំ​ប្រកែក​ថា​ខ្ញុំ​គ្មាន​អី ​ទេ បង​ឯង​ធានាថា បាយ​ម្ហូប​គ្រប់​ប្រដាប់​នៅលើ​បង​ឯង​ទាំងអស់ បានជា​ខ្ញុំ​មក ឥឡូវ​បង​ឯង​ចង់​យក​រនាប​ទាំងអស់​ក៏​យក​ចុះ​កុំ​តែ​សម្លាប់​ខ្ញុំ​” ។ អា​សុខ​កាច​ឆ្លើយថា “​អាឯង​នេះ​មាត់រឹង​ណាស់​អា​ភាវនា​ទៅ​” ។ ថា​ហើយ​អា​សុខ​កាច​ក៏​ចាក់​កាំបិតបន្ទោះ​ចាក់​ភ្នែក​អា​សុខ​ស្លូត​ម្ខាង​ទៀត ឈាម​បាញ់​ហូរ​ស្រក់​ជោគ​មុខ ជោគ​ដើមទ្រូង​ងងឹត​ភ្នែក​ទាំង​ពីរ​ខាង ឈឺចាប់​ពើត​ជាខ្លាំង ណា​ស្តាយ​ជីវិត​ខ្លួន ណា​គិតដល់​ជីដូន​ចាស់ជរា​កំព្រា​នៅ​ផ្ទះ​តែ​ម្នាក់ឯង ។
អា​សុខ​កាច​ថា “​អាឯង​ទៅឲ្យ​ត្រី​ស៊ីទៅ​” ថា​ហើយ​ច្រាន​អា​សុខ​ស្លូត​ទៅ​ជិត​មាត់​បឹង ហើយ​ធាក់​ទម្លាក់​ទៅក្នុង​ទឹកស្ទឹង​កំពុង​ហូរ អា​សុខ​កាច​ក៏​គិតថា “​អា​សុខ​ស្លូត​មុខជា​ស្លាប់​ហើយ​” ក៏​ប្រមូល​រនាប​ទាំងអស់​ចងបាច់​វិល​មក​ផ្ទះ​វិញ ដាក់​រនាប​ហើយ​ហួស​ទៅ​និយាយ​ក្លែង​កុហក​ប្រាប់​ជីដូន​អា​សុខ​ស្លូត​ថា “​ចៅ​យាយ​ខ្លាខាំ​ស៊ី​ទៅហើយ​” ។
យាយ​ឮ​អា​សុខ​កាច​ប្រាប់ថា ខ្លាខាំ​ស៊ី​ចៅ ក៏​ទួញ​យំសោក​បោក​ខ្លួន​ហៀបនឹង​ក្ស័យ​ជីវិត ។ អា​សុខ​កាច​រីករាយ​សប្បាយចិត្ត ហើយ​ក៏​ដើរ​លេង​ជិតៗ​ផ្ទះ ដូច​ធម្មតា​ចិត្ត​ក្លាហាន​រក​តែ​រឿង​ឈ្លោះ​នឹង​គេ ។
ត​ពី​នេះ​ដំណាល​ពី​អា​សុខ​ស្លូត គ្រា​ដែល​អា​សុខ​កាច​ចាក់​ឆ្កៀល​គ្រាប់​ភ្នែក​ទាំង​ពីរ​ខាង ហើយ​វា​ធាក់​ទម្លាក់​ទឹកស្ទឹង​ហូរ​នោះ អា​សុខ​ស្លូត​ប្រហែល​បណ្តែត​ខ្លួន​តាម​ខ្សែទឹក​ហូរ​ទៅ ក៏​ភាវនា​រក​តែ​ពុទ្ធោៗ​ពុំ​ដាច់​ពី​មាត់ ។ គ្រា​នោះ​មាន​អាស្រម​អ្នកតា ១ នៅក្នុង​ព្រៃរំលោង​ជិត​មាត់​ស្ទឹង​នោះ​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​ណាស់ មាន​ក្រពើ​ធំ​មួយ​តំណែង​ជា​មនុស្ស​បាន​ដេក​នៅ​ក្រោម​អាស្រម​អ្នកតា ជា​ក្រពើ​អ្នកតា ក្រពើនោះ​ដល់​ឃ្លាន​អាហារ​ក៏​វារ​ចេញមក​ក្នុង​ស្ទឹង​ស្វែងរក​អាហារ វា​ហែល​ច្រាស​ទឹក ហែល​ទៅៗ​ប្រទះ​អា​សុខ​ស្លូត​ហែល​បណ្តែត​ខ្លួន​តាម​ខ្សែទឹក​មក ក្រពើ​ថា “​លាភ​ធំ​ណាស់ អញ​មករក​អាហារ​ថ្ងៃនេះ​ប្រទះ​បាន​មនុស្ស​ស៊ី​” ក្រពើ​ស្ទុះ​ហែល​ទៅជិត​ឮមាត់​ថា​ពុទ្ធោៗ​ក៏​សង្ស័យ​ក្នុង​ចិត្ត មើល​ទៅ​ភ្នែក​ទាំង​ពី​រឃើញធ្លុះ​រក​ប្រស្រី​គ្មាន ក្រពើ​គិតថា “​គួរ​អញ​យកទៅ​ថ្វាយ​លោក​តា​អញ អញ​កុំ​ស៊ី​មនុស្ស​នេះ​” ហើយ​ក៏​មុជ​កៀង​អា​សុខ​ស្លូត​ឲ្យនៅ​ពី​លើ​ខ្នង ហែល​ត្រឡប់​មក​ដល់​អាស្រម​វិញ ហើយ​ដំណែង​ខ្លួន​ជា​មនុស្ស ដឹកនាំ​នាំខ្លួន​អា​សុខ​ស្លូត​ទៅ​ថ្វាយ​អ្នកតាៗ​សួរ​អា​សុខ​ស្លូត​នោះ ក៏​ថ្វាយបង្គំ​រាយ​រឿង​តាម​ដំណើរ​គ្រប់ប្រការ​ប្រាប់​អ្នកតា​សព្វគ្រប់ ហើយ​មាន​ចិត្តមេត្តា​អា​សុខ​ស្លូត​នោះ​ពន់ពេក លោក​ថា “​ឱ​អា​សុខ​កាច​អើយ ចិត្ត​អី​អាក្រក់​ម្ល៉េះ ណ្ហើយ​ចៅ​សុខ​ស្លូត​ឯង​កុំ​ភ័យ​សឹម​តា​ជួយ​សង្គ្រោះ​ឲ្យ​ចៅរ​ស់​ជីវិត​ភ្នែក ​ក៏​ឲ្យ​ភ្លឺ​ដូចដើម បាន​ទៅ​ជួប​ជីដូន​ឯ​ផ្ទះ​វិញ​” ថា​ហើយ​ក៏​ផ្សំ​ថ្នាំ​ដាក់​ភ្នែក​សូត្រ​ទិព្វមន្ត​ផ្លុំ​ភ្នែកៗ ចៅ​សុខ​ស្លូត​នោះ​ក៏​បាន​ភ្លឺ​ដូចដើម ទើប​អ្នកតា​ក្តាប់​ដីខ្សាច់​មួយ​ដៃ សែក​ទិព្វមន្ត​ផ្លុំ​ដីខ្សាច់​ដាក់​ដៃ​ចៅ​សុខ​ផ្តាំ​ថា “​ចៅ​ក្តាប់​ឲ្យ​ជាប់កុំ​លាដៃ បើ​ទៅ​ដល់​ផ្ទះ​ចៅៗ​ប្រាប់​ជីដូន​ឲ្យ​ក្រាលកន្ទេល​ក្នុងផ្ទះ ហើយ​សឹម​ចៅ​ដាក់​ដីខ្សាច់​នោះ​ទៅ​លើ​កន្ទេល​” ។ អ្នកតា​ផ្តាំ​ហើយ ហៅ​ក្រពើ​មក​ឲ្យ​ចៅ​សុខ​ស្លូត​ជិះ​លើ​ខ្នង ហែល​តាម​ស្ទឹង​ទៅដល់​ទឹកន្លែង​ដែលអា​សុខកា​ចធាក់​ទម្លាក់​ក្នុង​ទឹកនោះ ចៅ​សុខ​ឃើញ​ព្រៃ​ឫស្សី​ដែល​កាប់​លួសរនាប​ក៏​ចាំ​ជាក់​ក្រពើ​ដាក់​ចៅ​សុខ​ឲ្យ ​ឡើង លើគោក​ចៅ​សុខ​ក៏​លា​ក្រពើ​ដើរ​តាម​ដរាប​ទៅដល់​ផ្ទះ ហើយ​ចូល​ទៅ​យំ សំពះ​ជីដូនៗ ឃើញ​ចៅ​ហើយ​ស្ទុះ​ទៅ​យំ​ខ្សឹប​ខ្សួល​និយាយប្រាប់​ទៅ​ចៅ​ថា “​គេ​ប្រាប់​យាយ​ថា ចៅ​ខ្លាខាំ​ស្លាប់​ទៅហើយ ម្ចាស់​ជីដូន​អើយ ដូន​យំសោក​បោក​ខ្លួន​អាសូរ​ចៅ​ហៀបនឹង​ខ្ស័យជីវិត ឥឡូវ​ចៅ​មិន​ស្លាប់​ជីដូន​អរ​ណាស់​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​” ។
ឯ​ចៅ​សុខ​និយាយប្រាប់​ជីដូន តាំង​ពី​ទៅ​កាប់​ឫស្សី​លួស​រនាប អា​សុខ​កាច​វា​ចាក់​ភ្នែក​ធាក់​ទម្លាក់​ទឹក មាន​ក្រពើ​នាំ​ទៅ​ថ្វាយ​អ្នកតា​រៀបរាប់​រឿង​ប្រាប់​ជីដូន​គ្រប់ប្រការ ជីដូន​រឹង​រិត​តែ​អាណិត​ចៅ​ពេក ហើយ​ប្រាប់​ជីដូន​ថា “​យាយ​ក្រាលកន្ទេល​ក្នុង​ផ្ទះ​ទៅ​” ជីដូន​ក្រាល​តាម​ពាក្យ​ចៅ ចៅ​សុខ​ស្លូត​ក៏​លាដៃ​ដាក់​ដីខ្សាច់​លើ​កន្ទេល​កើតជា​ប្រាក់​គរ​ក្នុងផ្ទះ អរ​ណាស់​តែ​ពីរ​នាក់​ជីដូន​នឹង​ចៅ បាន​ចាត់ចែង​ទិញ​សំលៀកបំពាក់​គ្រប់​ប្រដាប់​ប្រើប្រាស់​សង់ផ្ទះ​ថ្មី ល្បី​មាន​ដាច់​គេ​ក្នុងភូមិ​នោះ ។
ឯ​អា​សុខ​កាច​ឃើញ​អា​សុខ​ស្លូត​ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា “​អញ​ចាក់​ភ្នែក​វា​ទាំងពីរ​ខាង ធាក់​ទម្លាក់​ទឹក ស្មានថា​វា​ស្លាប់ ឥឡូវ​វា​រស់​ឡើងវិញ ភ្នែក​ក៏​ដូច​ដើម​មាន​ទាំង​សម្បត្តិ​សំបូរ​ប្រើប្រាស់ គ្មាន​ខ្វះ​អ្វី​ប្លែក​អំពី​ដើម​” ។ លុះដល់​វេលា​ស្ងាត់​ជួបនឹង​អា​សុខ​ស្លូត​សួរថា “​កាល​ឯង​នឹង​អញ​ទៅ​កាប់​ឫស្សី​លួសរនាប​នោះ បិសាច​មក​បណ្តាល​ចិត្ត​អញ​ឲ្យ​ចាក់​ភ្នែក​ឯង​ទាំង​ពីរ​ខាង​ធាក់​ទម្លាក់​ទៅ​ ក្នុង​ទឹក​ស្ទឹង អញ​ស្មានថា​ឯង​ស្លាប់ ហេតុដូចម្តេច​ក៏​ឯង​រស់​ឡើងវិញ ហើយ​មាន​ទាំង​ទ្រព្យ​ច្រើន​ជាង​គេ​ផង​?” ។
អា​សុខ​ស្លូត​ឆ្លើយថា “​បាន​គុណ​បង​កុំ​អី​ខ្ញុំ​ក្រីក្រ​លំបាក​តោកយ៉ាក​ដូច​បង​ឯង​ដឹង​ស្រាប់​” ហើយ​និយាយ​ត្រង់​ប្រាប់​អា​សុខ​កាច​ថា “​កាល​ដែល​បង​ចាក់​ភ្នែក​ខ្ញុំ​ទាំង​ពីរ​ខាង​ធា្ល​ក់​ក្នុង​ស្ទឹង ខ្ញុំ​ភាវនា​តែ​ពុទ្ធោៗ បាន​ជួប​នឹង​ក្រពើៗ​នាំ​ទៅ​ថ្វាយ​អ្នកតាៗ​ជប់​ភ្នែក ជប់​ដីខ្សាច់ មកដល់​ផ្ទះ​ចាក់​ដីខ្សាច់​កើត​ជា​មាស​ប្រាក់ បានជា​ខ្ញុំ​មាន​សព្វថ្ងៃនេះ​” ។
ឯ​អា​សុខា​កាច​ឮអា​សុខ​ស្លូត​រាយ​រឿង​ដូច្នោះ ក៏​បណ្តាល​ចិត្ត​លោភលន់​ពន់ប្រមាណ​គិតថា “​អញ​ឲ្យបាន​ដូចអា​សុខ​ស្លូត​” ថ្ងៃក្រោយ​ជួប​អា​សុខ​ស្លូត​និយាយថា “​អាសំឡាញ់​អើយ​! អញចង់​ទៅ​កាប់​ឫស្សី​លួសរនាប​នៅ​ព្រៃ​ដែល​យើង​ដែល​ទៅ​កាប់​នៅ​កន្លែង​មុន​ នោះ ឯ​បាយទឹក​អាហារ​ភោជន ថ្នាំជក់ កាំបិត​តូចធំ ប្រដាប់​កាប់​ឫស្សី​លួសរនាប​នៅលើ​អញ​ទាំងអស់ ឯង​មាន​តែ​ខ្លួន​ទៅ​បាន​ហើយ​” ។ អា​សុខ​ស្លូត​ថា “​ក្រែង​សម្លាប់​អញ​ទៀត​” ។ អា​សុខ​កាច​ថា “​មុន​នោះ​ខ្មោច​កំរើ​សវា​ចូល​ឲ្យ​អញ​ងងឹតមុខ អញ​ចាក់​ឯង​ដោយ​មិន​ដឹង​ខ្លួន​សោះ ឯង​កុំ​ប្រកាន់​នឹង​អញ​” ។ អា​សុខ​ស្លូត​ថា “​ចាំ​ខ្ញុំ​ជូន​ទៅ​ដ្បិត​បង​សុខ​ឯង​មាន​គុណ​នឹង​ខ្ញុំ​ច្រើន ខ្ញុំ​មានសម្បត្តិ​ទ្រព្យ​” ។ លុះ​ព្រឹក​ឡើង​អា​សុខ​កាច​ស្ពាយ​បាយ​សំណុំ​មាន​គ្រប់​ប្រដាប់​ដូច​មុន ហើយ​បណ្តើរគ្នា​ដល់​ព្រៃ​ឫស្សី លុះ​កាប់​បាន​ពុះ​លួសរនាប​ហើយ​អង្គុយ​ស៊ី​បាយ ហើយ​បណ្តើរគ្នា​ដល់​ព្រៃ​ឫស្សី លុះ​កាប់​បាន​ពុះ​លួសរនាប​ហើយ​អង្គុយ​ស៊ី​បាយ អា​សុខ​កាច​ហុច​កាំបិតបន្ទោះ​ទៅ​អា​សុខ​ស្លូត​ថា “​ឯង​ចាក់​ភ្នែក​អញ​ម្ខាង​” ។ អា​សុខ​ស្លូត​ប្រកែក​ពុំ​ព្រម​ចាក់ អា​សុខ​កាច​ថា “​ចាក់​មកៗ​បើ​មិន​អាណិត​គ្នា​ផង​សោះ​” អា​សុខ​ស្លូត​ក៏​ចាក់​ឆ្កៀល​ដូច​គេ​ឆ្កៀល​ក្រសាំង​ឲ្យ​ខ្វាក់ភ្នែក​ម្ខាង​ទៅ ។ អា​សុខ​កាច​ឈឺ​ពើត​ខ្លាំងណាស់ តែ​ចិត្ត​ចង់​ប្រញាប់​បាន​ប្រាក់​ដូចេនេះ​អាសុខ​ស្លូត ក៏​ឲ្យ​អាសុខ​ស្លូត​ចាក់​ភ្នែក​ម្ខាង​ទៀត ហើយ​បង្កាប់​ឲ្យ​អាសុខ​ស្លូត​ច្រាន​ទៅ​ជិត​មាត់​ស្ទឹង​បង្គាប់​ឲ្យ​ធាក់ ។ អា​សុខ​ស្លូត​ក៏​ធាក់​ទម្លាក់​ក្នុង​ទឹក​ទៅ អា​សុខ​កាច​សួរថា “​កាល​ដែល​អញ​ចាក់​ឯង​មុន​នោះ ឯង​ធ្វើ​ម្តេច​ខ្លះ​?” ។ អា​សុខ​ស្លូត​ថា “​អញ​រក​តែ​ពុទ្ធោ​ជាប់​នៅ​មាត់​” ។ អា​សុខ​កាច​ប្រឹង​ស្រែក​រកពុទ្ធោ​មិន​ឈប់​ឮ​រំពង​ព្រៃ​មាត់​ស្ទឹង​ទន្ទឹង​រក ​ក្រពើ​ពុំ​ជួប​សោះ ណា​វា​ឈឺចាប់ ហែល​បណ្តែត​ខ្លួន​យូរៗ​ទៅ​អស់កម្លាំង​ឈ្លក់ទឹក​ស្លាប់ទៅ ហើមរលួយ​រលះ​ត្រី​នៅ​ស៊ី​លលាដ៍ក្បាល ខ្មោច​អា​សុខ​កាច​ក៏​អណ្តែត​តាម​ខ្សែ​ទឹកស្ទឹង​លង​គេ​ឮ​តែ​ពុទ្ធោៗ ដរាប​ដល់​កំពង់ទឹក​មហាសេដ្ឋី វេលា​នោះ​កូនក្រមុំ​មហាសេដ្ឋី​នាំ​ខ្ញុំប្រុស​ស្រី​ចុះទៅ​មុជទឹក​កំពង់ កំពុងតែ​បញ្ជ្រោ​កទឹក​លេង​សប្បាយ ស្រាប់តែ​ឃើញ​លលាដ៍ក្បាល​អា​សុខ​កាច​នោះ​អណ្តែត​មក​ជិត​លង​គេ​ស្រែក​ រកពុទ្ធោ កូនក្រមុំ​មហាសេដ្ឋី​ឈប់​លេង​ទាំងអស់​គ្នា​នឹក​សង្ស័យ ក៏​ប្រើ​ខ្ញុំ​ប្រុស​ម្នាក់​ឲ្យ​ស្រង់​យក​លលាដ៍ក្បាល​ខ្មោច​នោះ​មក​ដាក់​លើ​ គោក​នៅ​មាត់កំពង់​នោះ លលាដ៍ក្បាល​ខ្មោច​នោះ​មិន​បាត់​ស្ងាត់​សោះ ចេះ​តែ​លង​គេ​រក​តែ​ពុទ្ធោៗ ។
កូនក្រមុំ​មហាសេដ្ឋី​ក៏​នាំ​ខ្ញុំ​ប្រុស​ស្រី​ឡើង​ពី​ទឹក​មក ប្រើ​ឲ្យ​ខ្ញុំប្រុ​សកាន់​ក្បាល​ខ្មោច​អា​សុខ​កាច​នោះ​មក​ផ្ទះ កូនក្រមុំ​នោះ​ជម្រាប​មហាសេដ្ឋី​ថា “​លោកឪពុក​! ខ្ញុំ​រើស​លលាដ៍ក្បាល​ខ្មោច​មួយ​អណ្តែត​ទឹក​តាម​កំពង់​យើង វា​លង​ស្រែក​តែ​ពុទ្ធោៗ​” ។ សេដ្ឋី​ជា​មាតា​ស្តាប់​ហើយ ក៏​ស្ទុះ​មក​មើល​ឃើញ​រកពុទ្ធោៗ​មែន អស្ចារ្យ​ណាស់ ក៏​ឲ្យ​លាង​ដុសខាត់​ដាក់​លើ​គោក លលាដ៍ក្បាល​នោះ​ក៏​នៅ​រកពុទ្ធោៗ​ជានិច្ច​គ្មាន​ឈប់ ។
សេដ្ឋី​នោះ ព្រឹកៗ​តែង​ទៅ​គាល់​មហាក្សត្រ​នៅ​ទី​ចុង​ព្រះ​រាជរោង ជួបជុំ​អស់​មន្ត្រី​ចតុស្តម្ភ​រាល់ពេល​ពុំដែល​ខាន សេដ្ឋី​ជម្រាប​ដល់​អស់លោក​ម្ចាស់​ថា “​ខ្ញុំ​បាន​លលាដ៍ក្បាល​ខ្មោច​មួយ​ចេះ​រកពុទ្ធោៗ​ជានិច្ច​” អស់លោក​ចតុស្តម្ភ​ស្តាប់ ហើយ​ឆ្លើយ​ថា “​សេដ្ឋី​កុហក​ទេ​មិន​ដែល​មាន​លលាដ៍ក្បាល​ខ្មោច​ណា​ចេះ​ស្រែក​រកពុទ្ធោៗ យើង​មិន​ជឿ​ឡើយ​” ។ សេដ្ឋី​ថា “​ពិត​ប្រាកដ​ណាស់ បើ​អស់លោក​មិន​ជឿ​ខ្ញុំៗ​ហ៊ាន​ភ្នាល់​ដាក់​មាស​មួ​យរយ​តម្លឹង​” ។ អស់លោក​ចតុស្តម្ភ​ទាំង ៤ ថា “​យើង​ហ៊ាន​ភ្នាល់ ហើយ​ធ្វើ​សំបុត្រ​ចុះកិច្ចសន្យា​” ។ សេដ្ឋី​ដល់ផ្ទះ​ឮ​លលាដ៍ក្បាល​ខ្មោច​ស្រែក​រកពុទ្ធោៗ​កោ​កៗ​ក៏​នឹកថា “​អស់លោក​មុខ​ជា​ចាញ់​អញ​ហើយ​” ។ សេដ្ឋី​យក​មាស​មួយរយ​តម្លឹង ឲ្យ​កូន​ក្មួ​យកាន់​តោក​ដែល​ដាក់​លលាដ៍ក្បាល​ខ្មោច​នោះ​ទៅ​យ៉ាង​រហ័ស លុះ​ចូល​ទៅ​ដល់​ទ្វារ​កំផែង​ខាងក្រៅ លលាដ៍ក្បាល​ខ្មោច​បាត់​ឈឹង​ពុំ​ឮ​ពុទ្ធោ ដល់​ចូលដល់​ចុង​ព្រះ​រាជរោង ដាក់​លលាដ៍ក្បាល​ខ្មោច​ចំពោះ​មុខ​អស់​លោកចតុ​ស្តម្ភ​ទាំង ៤ នោះ​សេដ្ឋី​បង្គាប់​ថា “​ចាំ​អី​ទៀត​ក៏​មិន​ស្រែក​រកពុទ្ធោ​សោះ​” មហាសេដ្ឋី​ចាញ់​ក៏​ជូន​មាស​មួយ​រយ​តម្លឹង​ទៅ​អស់លោក អស់លោក​ចំអក​ថា “​សេដ្ឋី​យក​លលាដ៍ក្បាល​ខ្មោច​មកវា​រកពុទ្ធោ​ថ្លង់​យើង​រាល់គ្នា​” ហើយ​ទះដៃ​សើច​លាន់មាត់​នៅ​ទី​ព្រះ​រាជរោង ។ សេដ្ឋី​ខឹង​ក្បាល​ខ្មោច​ណាស់ លា​អស់លោក​ចេញ​មក​ដល់​ក្រៅ​កំផែង ស្រាប់តែ​លលាដ៍ក្បាល​ខ្មោច​រកពុទ្ធោៗ សេដ្ឋី​រឹត​ខឹង​ណាស់ ដល់​ផ្ទះ​ប្រើ​បាវ​ឲ្យ​យក​ពូថៅ​យក​លលាដ៍ក្បាល​ខ្មោច​ទៅ​សំពង​ចោល​កំពង់ទឹក ។ បាវ​យក​ទៅ​មិន​សំពង​ឲ្យ​ល្អិ​ត ត្រឡប់​ជា​បោះ​លលាដ៍ក្បាល​ខ្មោច​ទាំងមូល​ទៅក្នុង​ទឹក ។ ឯ​លលាដ៍ក្បាល​ខ្មោច​អា​សុច​កាច​នោះ អណ្តែត​តាម​ទឹកស្ទឹង​ហូរ​រសាត់​ទៅ​ក្រោម វា​លង​រកពុទ្ធោៗ​រៀង​ទៅ​ដល់​កំពង់​វត្ត ។ វេលា​នោះ​លោកសង្ឃ​និមន្ត​ទៅ​ស្រង់​ទឹក​បាន​ឃើញ​លលាដ៍​ក្បាល​ខ្មោចលង​ រកពុទ្ធោៗ លោក​ស្រង់យក​ទៅ​កុដិ និមន្ត​លោកសង្ឃ​ផង​គ្នា​បង្សកូល រួច​ដុត​ក្បាល​ខ្មោច​នោះ​សុះ ហើយ​លោកសង្ឃ​ពិចារណា​ថា “​គួរ​យក​កំទេច ឆ្អឹង​នេះ​លាយ​និង​ម្រក្ស័ន៍​ខ្មុក​សសរ​ព្រះវិហារប​ញ្ជូ​ន​ឲ្យ​បាន​ផល​អ្នក​ ដែល​ស្លាប់​នោះ​” ហើយ​លោក​ក៏​ខ្មុក​លាយ​សល់​បន្តិច​បន្ត​ច លោក​យក​ទៅ​លាបលន​រទេះ លោក​ដល់​ស្ងួត ម្រក្ស័​ខ្មុក​រទេះ​នោះ លោក​ភ្នក​ព្រះទ័យ​ចង់​ទឹមរ​ទេះ​បរ​ទៅ​សួរ​ញាតិ​ញោម លោក​ក៏​ឲ្យ​សិស្ស​ដឹក​គោ​មក​ទឹម​រទេះ​បរ​ចេញពី​កុដិ​ឡើង​គង់​បរ​ទៅ ។ វេលា​ស្ងាត់​ពី​មនុស្ស​រទេះ​នោះ​លាន់​ភ្លៅ និង​ដុំ​សង្កៀត​គ្នា​ដូចរ​ទេះ​ធម្មតា តែ​ជួប​នឹង​ឧបាសក​ឧបាសិកា រទេះ​នោះ​ឮសូរ​ដូច​លោក​ជេរ​បញ្ជោរ​គេ​ថា “​មេចោរៗ​” ញាប់​ស្ទិញ ។ ឧបាសក​ឧបាសិកា​ឮ​ខឹង​នឹង​លោក​ថា ជេរ​បញ្ជោរ​ប្រពន្ធ​ខ្លួន​ក៏​ដៀលត្មេះ​ជា​ពាក្យ​ទម្ងន់ៗ លោក​ប្រកែក​ដូច​ម្តេច​ក៏​ពុំ​ស្តាប់​រឹតតែ​ប្រមាថ​លោក​ឥត​កោត​ឥត​ញញើត លោក​បរ​ហួស​ទៅ​ទៀត​ជួប​នឹង​នាហ្មឺន​គេ​ដើរ​គ្នា​ច្រើនរ​ទេះ​លាន់​ឮ​ទៀត​ ដូចជា លោក​ជេរ​ម្តាយ​នាហ្មឺន​ថា “​ចោរ​ម្តាយ​នាហ្មឺន​” នាហ្មឺន​ខឹង​នឹង​លោក គេ​ដេញ​វាយ​លោកៗ​ភ័យ​វាយ​គោ​បំបោល​រួច​ទៅ ។
លោក​នោះ​គិតថា “​រទេះ​អញ​ពី​ដើម​មក​មិន​ដែល​ឮសូរ​ជេរ​បញ្ជោរ​គេ​ទេ រឿង​នេះ​ឃើញតែ​កំទេច​ឆ្អឹង​ក្បាល​ខ្មោច ដែល​ខ្មុក​បិទ​សសរ​ព្រះវិហា​រស​ល់ពី​នោះ​អញ​យក​មក​លាបលន​រទេះនេះ​” ។ លុះ​ត្រឡប់​ពី​សួរ​ញាតិ​ញោម​មកដល់​វត្ត​វិញ លោក​កាប់រទេះ​ដុត​នៅ​ទី​កន្លែង​ដែ​លលាដ៍ក្បាល​ខ្មោច​អា​សុខ​កាច​មុន​នោះ ឆេះ​ជា​ផេះ​កន្លែង​នោះ​ដោយ​មាន​ជាតិ​អា​សុខ​កាច ក៏​ដុះ​កើត​ជា​ស្មៅ​កន្ត្រើយ ដែល​ជាប់​សំពត់​ខោ​មនុស្ស​សព្វថ្ងៃ​នេះ​ឯង ៕