រឿង ឪពុកក្មេក​រើស​កូនប្រសា

កាលពីព្រេងនាយ​មាន​តា​ចាស់​ម្នាក់ និង​ដូនចាស់​ម្នាក់​នៅ​ស្រុក​មួយ ។ តា​ចាស់​យាយ​ចាស់​នោះ គាត់​មាន​កូនក្រមុំ​ម្នាក់​រូប​ល្អ​ណាស់ អ្នកណា​ទៅ​ដណ្តឹង​ក៏​គាត់​មិន​ព្រមឲ្យ គាត់​ថា “​អ្នកណា​តម​មិន​ជេរ​ម្តាយ​គេ​បាន ទើប​គាត់​ឲ្យ​កូន​ជា​ប្រពន្ធ​អ្នកនោះ​” ។


ជួន​ជា​ថ្ងៃ​មួយ​នោះ​មាន​កម្លោះ​ម្នាក់​រូបរាង​ស្អាត​បាតចូល​ទៅ​ដណ្តឹង​ កូន​គាត់ៗ​ថា “​អើ​អញ​ឲ្យ​ឯងៗ កុំ​ព្រួយចិត្ត​ប៉ុន្តែ​ឯង​ត្រូវ​តម​កុំ​ជេរ​ម្តាយ​គេ​ហើយ​ទទួល​បំរើ​អញ តាម​ពាក្យ​អញ​បាន​អញ​ឲ្យ​ឯង បើ​តម​មិន​បាន​អញ​ផ្តាច់​មិន​ឲ្យ​ឯង​ទេ អញ​ប្រាប់​ឯង​មុន​ឲ្យដឹង​ក្រោយ​ឯង​កុំ​ថា​អញ​កាច​ណា​!” ។

កម្លោះ​នោះថា “​ខ្ញុំបាទ​តម​ជេរ​ម្តាយ​គេ​បាន ហើយ​ធ្វើការ​អ្វីៗ​បាន​ទាំងអស់ ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់ប្រកា​រ​តាម​ប្រសាសន៍​លោកឪពុក​” តា​នោះ​ថា “​អើបើ​ឯង​តម​ជេរ​ម្តាយ​គេ​បាន​មែន ឯង​ទៅ​សិន​ចុះ ព្រឹក​ឯង​មក​វិញ​ពី​ព្រលឹម​” ។ កម្លោះ​នោះ​ក៏លា​ទៅផ្ទះ​វិញ ។

ព្រឹក​ឡើង​កម្លោះ​នោះ​មក​វិញ​ចូល​ទៅ​បំរើ​ឪពុក​ម្តាយក្មេក តា​នោះ​ប្រើ​កូនក្រមុំ​គាត់​ឲ្យ​រៀប​បាយទឹក​ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ីៗ​ រួចហើយ តា​នោះ​ប្រាប់​ទៅ​កូនប្រសា​ថា “​កូន​ទៅ​ចាប់​ក្របី​ទៅ​ភ្ជួរស្រែ ដល់​កាលណា​ថ្ម​នៅ​ខាង​ស្រែ​នោះ​យំ​តេវៗ ច្រេ​ចៗ សឹម​ឯង​ដោះក្របី​លែង​” ។ 

អ្នក​កម្លោះ​ទៅ​ចាប់​ក្របីម​កទឹម ហើយ​ទៅ​ភ្ជួរស្រែ​តាំងពី​ព្រលឹម​ដល់​ថ្ងៃត្រង់​ក៏​ថ្ម​ពុំ​យំ ក្របី​ដើរ​ពុំរួច​ក៏​ថ្ម​ចេះ​តែ​ឈឹង ពុំ​យំ​សោះ ។ អ្នក​កម្លោះ​ឃ្លានបាយ​ណាស់​ទ្រាំ​ពុំ​បាន​ជេរ​ម្តាយថា “​ម្តាយ​អា​ថ្ម​នេះ កាលណា​នឹង​យំ​ឡើង​” ។ កម្លោះ​នោះជេរ​តែប៉ុណ្ណោះ តា​នោះ​ស្ទុះ​ចេញ​ពី​ក្រោយ​ថ្ម​មក​ថា “​ណ្ហើយ​ចុះ ឯង​ដោះក្របី​លែង ហើយ​ទៅ​ផ្ទះ​ឯង​ចុះ​អញ​ផ្តាច់​កូន​ហើយ ដ្បិត​ឯង​តម​ជេរ​ម្តាយ​មិន​បាន​” កម្លោះ​នោះ​ដោះ​ក្របី​លែង ហើយ​ទៅ​ផ្ទះ​វិញ ។


ថ្ងៃ​ក្រោយមក មាន​កម្លោះ​ម្នាក់​ចូល​ទៅ​ដណ្តឹង​កូន​តា​នោះ​ទៀត គាត់​បង្គាប់​ដូច​កម្លោះ​មុន តែ​អ្នក​កម្លោះ​ក្រោយ​គេ​មាន​ប្រាជ្ញា គេ​ទៅ​ភ្ជួរស្រែ​វេចបាយ​ទៅ​ស៊ី​ផង លុះ​ភ្ជួរ​ដល់​ថ្ងៃ​ខ្ពស់​ឃ្លាន​បាយ ក៏​បញ្ឈប់​ក្របី​ស៊ី​បាយ​ភ្ជួរ​ដល់​ថ្ងៃ​ជ្រេ​ពី​ត្រង់ ក៏​ថ្ម​ពុំ​យំ ក្របី​អស់ជើង​ដើរ​ពុំរួច អ្នក​កម្លោះ​នោះ​កាលណា​បើ​បរក្របី​ទៅជិត​ថ្ម​នោះ ធ្វើ​ជា​ស្តីថា “​ឱ​លោក​ថ្ម​អើយ យំ​ឡើង​ក្របី​ដើរ​ពុំរួច​ទេ អាណិត​ក្របី​ផង​ទៅ ខ្លួន​ខ្ញុំ​ឥត​បើ​អី​ទេ ខ្ញុំ​មាន​បាយ​ស៊ី​ហើយ​ភ្ជួរ​ដល់​យប់​ក៏​បាន​ដែរ អាណិត​តែ​ក្របី​ទៅ​ចុះ​ដ្បិត​វា​ជា​សត្វ​” ។ 

កម្លោះ​នោះ​អង្វរ​ដូចម្តេចក៏​ថ្ម​ពុំ​យំ អ្នក​កម្លោះ​នោះ​ក៏​ពុំជេរ ដ្បិត​វា​ដឹងថា តា​នោះ​នៅ​ពួន​ក្រោយ​ថ្ម លុះ​និយាយ​អង្វរ​យូរ​ទៅ តា​នោះ​មើល​មក​ឃើញ​ក្របី​ដើរ​ពុំរួច​មែន​ក៏​គាត់​នឹក​អាណិត​ក្របី​គាត់ៗ យំ​ក្រោយ​ថ្ម​នោះ​ឮ​តែ​តេវៗ អ្នក​កម្លោះ​នោះ​ក៏​ដោះក្របី​ឲ្យ​ស៊ី​ស្មៅ ហើយ​មក​ផ្ទះ​ឪពុកក្មេក​វិញ ។ 

តា​នោះ​ក៏​ឲ្យ​កូនគាត់​លើកបាយ​មក​ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ី ។ លុះ​ល្ងាច​តា​នោះ​ប្រាប់ថា “​កូន​អើយ​ទៅ​ផ្ទះ​ឯង​ចុះ ព្រឹក​សឹម​ឯង​មក​វិញ​” ។ កម្លោះ​នោះ​ក៏លា​ទៅផ្ទះ លុះ​យប់​មក​លបចាំ​ស្តាប់​នៅក្រោម​ដំណេក​តា​នោះ​យក​ការណ៍ ព្រោះ​គាត់​និយាយ​គិតគូ​រនឹង​ប្រពន្ធ​គាត់​ទាល់តែ​ដេកលក់ ។


វេលាយប់ តា​ចាស់​ចូលដេក​ក៏​និយាយ​នឹង​យាយ​ថា “​ដូន​! អា​នេះ​វា​តប​ជេរ​ម្តាយ​បាន ដូច្នេះ​យើង​រក​ឧបាយ​យ៉ាងណា​? ឲ្យ​វា​ខឹង​ជេរ​ម្តាយ​យើង​នឹង​ផ្តាច់​វា​ទៅ​” ។ ដូន​ឆ្លើយថា “​ងាយ​ទេ​បើ​ដូច្នេះ តា​ឯង​ចូល​ក្នុង​ការុង​មួយ ការុង​មួយទៀត​ដាក់​អង្ករ​ព្រឹក​ឡើង​វា​មក ខ្ញុំ​ប្រាប់​វា​ថា “​តា​ទៅ​កាប់​អុស​លើ​ភ្នំ​មុន​ហើយ​” ខ្ញុំ​ឲ្យ​វា​រែក​តា​ឯង និង​អង្ករ​ទៅ​លើ​ភ្នំ បើ​វា​ធ្ងន់​វា​ខឹង វា​ជេរ​នោះ​តា​ឯង​នៅ​ក្នុង​ការុង​ឮ​ហើយ​មក​វិញ​ផ្តាច់​វា​បាន​ដោយ​ងាយ​” ។ តា​យាយ​គិត​គ្នា​ដូច្នេះ​ហើយ​ក៏​ដេក​ទៅ ឯ​អ្នក​កម្លោះ​លបស្តាប់​ក្រោយ​ផ្ទះ​ដឹង​ការ​ហើយ ក៏វិល​ទៅ​ដេកឯ​ផ្ទះ ។ 

ព្រឹក​ឡើង​អ្នក​កម្លោះ​នោះ​ទៅ​បំរើ​ម្តាយ​ឪពុកក្មេក ក៏​ស្រាប់តែ​ឃើញ​យាយ​ចាស់ បង្ហាញ​អំ​រែក​ហើយ​ប្រាប់ថា “​កូន​អើយ​! ឪ​ឯង​ទៅ​កាប់​ឧស​លើ​ភ្នំ​ហើយ គាត់​ផ្តាំ​ថា​ឲ្យ​កូន​ឯង​រែក​អង្ករ​នេះ​ឡើង​ទៅ​តាម​គាត់​ឲ្យ​ឆាប់ ដ្បិត​គាត់​ទៅ​ពី​ព្រឹក​មិនទាន់​ហូបបាយ មាន​តែ​កូន​ឯង​រែក​ទៅ​ឆាប់ វា​នឹង​អាល​ដណ្តាំបាយ​ឲ្យ​ឪ​ឯង​ហូប​” ។ កម្លោះ​នោះ​ទទួល​អំ​រែក​ហើយ ក៏​រែក​ទៅ​តាម​ជើងភ្នំ ដល់​រែក​ឡើង​បនិ្ត​ច​ទៅ​ធ្ងន់​ណាស់​ក៏រែក​ចុះ​មក​វិញ ហើយ​ស្តីថា “​ឱ​ឪ​អើយ​! ខ្ញុំ​ឃ្លាន​បាន​ណាស់​ខ្ញុំ​រែក​ឡើងជា​ឆាប់​មិន​បាន​ទេ វា​ធ្ងន់​ម្លឹង នរណា​នឹង​រែក​ឡើង​ទៅ​វិញ​រួច បើ​ឪ​មិន​អាណិត​គាត់​ជេរ​បន្ទោស​ដូច​ម្តេច​ក៏​ទទួល​” ។ 
 និយាយ​ហើយ រែក​ចុះ​មក​វិញ លុះ​រែក​ទៅដល់​កន្លែង​មួយ​ឃើញ​ស្បូវ​ស្ងួត​ល្អ ក៏​រែក​ទៅ​ដាក់​ឈប់​កណ្តាល​ស្បូវ​នោះ ហើយ​ដើរ​ទៅ​បាត់​មួយ​ស្របក់​ទើប​ដើរ​ត្រឡប់​មក​វិញ​យក​ភ្លើង​ដុត​ជុំ​អំ​រែក លុះ​ភ្លើង​ឆេះ​ស្បូវ​ជុំវិញ ហើយ​ក្តៅ​ដល់តា​ចាស់ដែល​នៅក្នុង​អំរែ​កនោះ គាត់​ក៏​បំរាស់​ញ័រ​រង្គើ​រទាំង​ការុង ភ័យ​ក្រែង​ភ្លើង​ឆេះ​ស្លាប់ ប៉ុន្តែ​ចេញ​មិន​រួច ។ 

អ្នក​កម្លោះ​ធ្វើ​ជា​រត់​មក​ពី​ណា​ក៏​ស្រែកថា “​ជើ​! នរណា​ដុត​ភ្លើង​ឆេះ​អំ​រែក​អញ​អស់ ធ្វើ​ដូចម្តេច​អញ​នឹង​ចូល​ទៅ​បាន ភ្លើង​ឆេះ​ជុំវិញ​ចូល​មិន​រួច​ទេ​” ថា​ហើយ​ស្រែក​ឈរ​នៅក្រៅ លុះ​ភ្លើង​ឆេះដល់​ការុង​ក្តៅ​តា​ចាស់​ណាស់ ទើប​ស្ទុះ​ចូល​ទៅ​អូស​អំ​រែក​ចេញពី​ភ្លើង រួច​ហើយ​ភ្លើង​ឆេះ​ដាច់​ខ្សែ​ការុង រលាក​តា​ចាស់​បំរះ​ញ័រៗ ទើប​អ្នក​កម្លោះ​ស្រាយ​ការុងចេញ​ឃើញតា​ឪពុកក្មេ​ករលា​ក​ភ្លើង​ឆេះ​ទាំង​សក់​ ក្បាល​ផង ក៏​ជម្រាប​ថា “​ជើ​លោ​ឪ​! ម្តេច​ក៏​មិន​ប្រាប់​កូន កុំ​អី​ភ្លើង​ឆេះ​ស្លាប់ចោល​ម៉ែ​ឲ្យនៅ​មេម៉ាយ ។ 

តា​ចាស់​ខឹង​ណាស់​តែ​ពុំ​ដឹង​ជា​ធ្វើ​ដូចម្តេច ឡើង​ដើរ​តយង៉យ​មក​ផ្ទះ​វិញ​ទ្រម​ខ្លួន​មួយ​ថ្ងៃ ណាមួយ​ដោយ​វា​អូស​ចេញ​ពី​ភ្លើង​ណាមួយ​រលាកភ្លើង មកដល់​ផ្ទះ​វិញ​គ្មាន​ស្តី​មួយ​មាត់ ដល់​ផ្ទះ​ហើយ​ប្រាប់​កូនប្រសា​ថា “​ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មក​” ។ ឯ​កូនប្រសា​លា​ទៅ​ផ្ទះ​ដល់​យប់​លប​ពួន​ក្រោមផ្ទះ​ស្តាប់​ទៀត ។


លុះ​យប់​តា​ចាស់​ដូនចាស់​ចូលដេក​ក៏​និយាយ​គិត​គ្នា​ទៀត តា​ថា “​គិត​ដូច​ម្តេច​នឹង​ផ្តាច់​វា​បាន​? អា​នេះ​មាន​ប្រាជា្ញ​ណាស់ តែ​នឹង​ឲ្យ​កូន​យើង​ទៅ​វា វា​មិន​សម​នឹង​កូន​យើង ពី​ថ្ងៃមិញ​វា​ដឹងថា ឯង​នៅ​ក្នុង​ការុង វា​រែក​ទៅដល់​កណ្តាលផ្លូវ វា​ថា​ធ្ងន់​ណាស់ តែ​វា​មិន​ជេរម្តាយ​ វា​រក​ទីណា​មាន​ស្បូវ​ស្ងួត​វា​រែក​អំ​រែក​ទៅ​ដាក់​កណ្តាល​ស្បូវ ហើយ​វា​ដើរ​ទៅ​រក​ភ្លើង​មក​ដុត​ជុំវិញ ។


ដល់​ភ្លើង​ឆេះ​វា​ធ្វើ​ជា​ស្រែកថា នរណា​ដុត​ភ្លើង​នេះ ឆេះ​អំ​រែក​វា​អស់ ហើយ​វា​ឈរ​តែ​ស្រែក​មិន​ចូល​យក ទុក​ទាល់តែ​ភ្លើង​ឆេះ​ដល់​ក្តៅ ទើប​បាន​វា​រត់​ចូល​ទៅ​អូស​ចេញមក អញ​ភ័យ​ណាស់ ប៉ុន្តែ​ចេញមិនរួច ព្រោះវាចងមាត់ការ៉ុងជាប់ អញរលាកអស់ទាំងខ្លួន ឥឡូវនេះ​យើង​គិត​ដូចម្តេច នឹង​ផ្តាច់​វា​បាន​” ។ យាយ​ថា “​ឥឡូវនេះ​យើង​គិតថា ឲ្យ​តាឯង​ធ្វើ​ម្ចាស់​ឲ្យ​វា​ធ្វើ​ឆ្កែ​នាំទៅ​បណ្តើរ​អណ្តើក ឲ្យ​វាវារ​ដូច​ឆ្កែ បើ​វា​រក​អណ្តើក​មិនបាន ឬ​វា​បោល​មិន​រួច នោះ​យើង​ផ្តាច់​វា​បាន​” ។ តា​ចាស់​ថា “​អើ​! ដូន​គិត​ដូច្នេះ​ត្រូវ ព្រឹក​អញ​ធ្វើ​ដូច​ឯង​ថា​” ។ តា​យាយ​គិត​គ្នា​ហើយ​ដេក​ទៅ ។


ឯ​អ្នក​កម្លោះ​នោះ​ស្តាប់​ដឹង​អស់​ការហើយ វិល​ទៅ​ផ្ទះ​វិញ​ដេក​លក់​មាន់រងាវ ទើប​ពុន​អណ្តើក​យកទៅ​ចងទុក​ក្នុង​គម្ពោត​ស្មៅ​ឯ​វាល ឯនេះ​ឯនោះ​ពាសពេញ​តែ​វាល ដែល​តា​ចាស់​គាត់​គិត​ទៅ​រក​អណ្តើក​នោះ ហើយ​វិល​មក​ផ្ទះ​ដេក​ធ្វើ​ព្រងើយ ។


លុះ​ព្រឹក​​ព្រហាម​ឡើង ចៅ​នោះ​ទៅដល់​ផ្ទះ​ឪពុកក្មេក​ម្តាយក្មេកៗ ក៏​ឲ្យ​កូន​ក្រមុំគាត់​រៀប​បាយ​លើកយក​មក​ឲ្យ​ចៅ​នោះ​ស៊ីៗ​រួចហើយ​ក៏​ ប្រាប់ថា
“​កូន​! ឥឡូវនេះ​យើង​ទៅ​បណ្តើរ​អណ្តើក ប៉ុន្តែ​យើង​គ្មាន​ឆ្កែ កូន​ឯង​ធ្វើ​ឆ្កែ ឪ​ធ្វើ​ម្ចាស់ យើង​ទៅ​រក​ក្រែង​បាន​មួយ​ពីរ​យកមក​ស៊ី​” ។ ចៅ​នោះ​ឆ្លើយ​បាទ ហើយ​តា​ចាស់​ពូន​បាយ​សំណុំ​ទឹក​បំពង់​ដើរ​ចេញពីផ្ទះ​ទៅ ។ ចៅ​នោះ​ក៏​បោល​ជើង​បួន​តាម​ក្រោយ​ទៅ ដល់​វា​កន្លែង​ចង​អណ្តើក​នោះ ក៏​វា​បោល​ទៅមុន​ចូល​គម្ពោធ​ស្មៅ​មួយ​វា​កេះ​ងុ​យៗ ។


តា​ចាស់រ​ត់​ទៅ​ដល់​វា​ខាំ​បាន​អណ្តើក​មួយ ហើយ​បោល​ទៅទៀត ខាំ​បាន​អណ្តើក ៦-៧ ដល់​ថ្ងៃ​ត្រង់ តា​ចាស់​ឃ្លាន​ពេក​ណាស់ ក៏​អង្គុយ​គិត​ស្រាយ​បាយ​ស៊ី ។ ឆ្កែ​មើល​ទៅ​ខាង​ឃើញ​ក្របី​មួយ​ហ្វូង​ក៏​បោល​ទៅ​ដេញ​ខាំ​ក្របី ក្របី​បោល​ចូល​ស៊ី​ស្រូវ​អ្នកស្រុក តា​ចាស់​ឃើញ​ហើយ​រត់​ទៅ​ដេញ​ឆ្កែ ដេញ​ក្របី​ចេញពី​ឆ្កែៗ​បោល​មក​ស៊ី​បាយ​អស់ ហើយ​បោល​ទៅ​បាត់ ។


ឪពុកក្មេក​ម្ចាស់​ឆ្កែ​វិល​មក​វិញរ​កបាយ​ស៊ី​គ្មាន​ឆ្កែ​ស៊ី​អស់ ខឹង​ណាស់​ដេញ​វាយ​ពុំទាន់ ណា​អស់កម្លាំង​ឃ្លាន​បាយ ណា​ផ្លូវ​ឆ្ងាយ​ក៏​ខំ​ដើរមក​ផ្ទះ​វិញ ទាំង​អត់បាយ​ដើរ​ពុំរួច បន្ទោស​ឆ្កែ​មិនបាន ពិត​ឆ្កែ​វា​ចំណាំតែ​អញ្ចឹង ។ ដល់​ផ្ទះ​ស៊ី​បាយ​រួច​ហើយ ប្រាប់​កូនប្រសា​ថា “​ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មកវិញ​” ។ ដល់​យប់​កូនប្រសាមក​លបស្តាប់​តា​យាយ​គិត​គ្នា​ទៀត ។


លុះដល់​យប់​តា​យាយ​ចូលដេក តា​ប្រាប់​យាយ​ពី​រឿង​ដែល​កូន​ប្រសាធ្វើ​សព្វគ្រប់​ហើយ តា​ឲ្យ​យាយ​ជួយ​គិត​ទៀត ។ ដូនចាស់​ប្រាប់ថា “​ពីមុខ​វា​ធ្វើ​ឆ្កែ តា​ឯង​ធ្វើ​ម្ចាស់ វា​ធ្វើ​បាប​តា​ឯង​បាន ដូច្នេះ​ព្រឹក​នេះ​តា​ឯង​ឲ្យ​វា​ធ្វើ​ម្ចាស់​តា​ឯង​ធ្វើ​ឆ្កែ​វិញ​” ។តា​យាយ​គិត​គ្នា​ហើយ​ដេក​ទៅ ។ ចៅ​នោះ​លបស្តាប់​បានកា​រហើយ ក៏​ទៅ​ដេក​ឯ​ផ្ទះ​ធ្វើ​វា​ហី ។


ព្រឹក​ឡើង​ចៅ​នោះ​ទៅ​បំរើ​ឪពុកក្មេក​ម្តាយក្មេក​ទៀត ។ តា​យាយ​ឲ្យ​កូនក្រមុំ​លើកបាយ​មក​ឲ្យ​ស៊ីៗ​រួចហើយ ក៏​តា​ប្រាប់ថា “​កូន​អើយ​! ពី​ម្សិលម៉ិញ​ឯង​ធ្វើ​ឆ្កែ ថ្ងៃ​នេះ​ឯង​ធ្វើ​ម្ចាស់​អញៗ​ធ្វើ​ឆ្កែ​វិញ​” ។ ចៅ​នោះ​ឆ្លើយ​បាទ ហើយ​ពូន​បាយ​ទឹក​ទៅ ឯ​តា​វារ​ធ្វើ​ឆ្កែ​បោល​តាម​ក្រោយ ។ លុះ​ហួស​ពី​ផ្ទះ​បន្តិច​វា​ខំ​ដើរ​លឿន កុំឲ្យ​ឪពុកក្មេ​ក​វាបោ​លទាន់ ។


តា​បោល​ពុំ​ទាន់​ដ្បិត​ខ្លួន​ចាស់​ដើរ​ត្រុកៗ​តាម​ក្រោយ​វា ក៏​វា​បែរ​មក​ថា
“​ឆ្កែ​អី​ស៊ី​តែ​បាយ​បង្អស់​ទៅ​មុខ​មិន​ទៅ​ដើរ​តែ​ក្រោយ​ម្ចាស់ រក​អណ្តើក​ម្តេច​បាន​?” ថា​ហើយ​វាយ​ឆ្កែ​ឲ្យ​បោល​ទៅមុខ ។ តា​បោល​ក្នុង​ស្មៅ​មិន​រួច​ចេះ​តែ​ដើរ​តាម​ក្រោយ អណ្តើក​ក៏​រក​មិនបាន កូនប្រសា​វាយ​ស្ទើរ​ស្លាប់ ហត់​ស្ទើរ​ដាច់ខ្យល់ តែ​ពុំ​ហ៊ានស្តី​ព្រោះ​ខ្មាស​កូនប្រសា ។


លុះ​ទៅ​ឆ្ងាយ​ដល់​ថ្ងៃត្រង់ វា​ស្រាយ​បាយ​ស៊ី​ហើយ​វា​ថា “​ឆ្កែ​អី​រក​អណ្តើក​មិនបាន ដើរ​តែ​ក្រោយ​មនុស្ស ស៊ី​តែ​បាយ​បង្អស់​” ហើយ​វា​មិន​ឲ្យ​បាយស៊ី វា​ឲ្យតែ​ឆ្អឹងឆ្អែង​អង្គៀ​មក៏​មិន​បែក ដ្បិត​គ្មាន​ធ្មេញ​ឃ្លាន​ណាស់​អង្គុយតែ​មើលមុខ​វា ទាល់តែ​វា​ស៊ី​អស់ វា​វាយ​មួយ​ព្រនង់​ទៀត វា​ថា “​ណ្ហើយ​ទៅផ្ទះ​ចុះ​បើ​មិន​ផេះ​ទេ ឆ្កែ​អី​ឆ្នែង​យ៉ាងហ្នឹង​” ហើយ​វា​ឡើង​ដើរ​វិល​ទៅផ្ទះ​វិញ ។


តា​ចាស់​ហត់​ណា​ស់វារ​មិន​រួច ឡើង​ដើរ​ទៅ​តាម​ក្រោយ ចៅ​កម្លោះ​ទៅដល់​ផ្ទះ​ប្រាប់ម្តាយក្មេ​កថា “​ម៉ែ​! រក​អណ្តើក​មិន​បាន​ទេ ព្រោះ​ឆ្កែ​មិន​ស្វាក់​” ។


តា​ចាស់​ខឹង​ណាស់​ប្រាប់​កូនប្រសាថា “​ឯង​ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មក​វិញ​” ។ ចៅ​នោះ​ក៏​លា​ទៅ ដល់​យប់​មក​ពួន​លប​ស្តាប់​ក្រោមផ្ទះ​ទៀត ។


លុះដល់​យប់​តា​យាយ​ចូលដេក តា​និយាយ​ប្រាប់​យាយ​ពី​រឿង​កូនប្រសា​ធ្វើបាប ហើយ​បង្អត់​ទាំង​បាយ​ផង ។ ដូន​ថា “​ណ្ហើយ​ឲ្យ​កូន​ទៅវា​ទៅ​ផ្តាច់​វា​មិន​បាន​ទេ​អា​នេះ មាន​ប្រាជ្ញ​ណាស់ ឯង​គិត​អី​វា​ដឹង​មុន​ទាំងអស់ វា​ធ្វើ​បាប​ស្ទើរតែ​នឹង​ស្លាប់​ម្តេចក៏​មិន​រៀង​” ។


តា​ចាស់​ឆ្លើយថា “​នឹង​ឲ្យទៅ​វា មើល​ទៅ​រូបរាង​មិន​សម​នឹង​កូន​យើង​សោះ ប៉ុន្តែ​យើង​ធ្វើ​កល​ឲ្យ​វា​ខឹង ឲ្យ​វា​ជេរ​ម្តាយ វា​មិន​ជេរ ដូច្នេះ​ដូន​ជួយ​គិត​អញ​ម្តងទៀត បើ​វា​ធ្វើ​តាម​មិន​បាន​សឹម​ផ្តាច់​វា​” ។ ដូនចាស់​ថា “​អើ​! ឥឡូវនេះ​មាន​តែ​ពេល​មាន់រងាវ​ឡើង តា​ឯង​លប់មុខ​ស៊ី​ស្លា ហូបបាយ ហើយ​ចូល​ទៅ​ក្នុង​ការុង​មួយ ការុង​មួយទៀត​ច្រក​អង្ករ បើ​ព្រឹក​ឡើង​វា​មក​ខ្ញុំ​ប្រាប់​ថា តា​ឯង​ទៅ​ផ្សារ​ទិញ​អីវ៉ាន់ ហើយ​ខ្ញុំ​ប្រាប់​វាឲ្យ​រែក​ទៅ ទៅឲ្យ​ទាន់វេលា​ស៊ីបា​យព្រឹក ដ្បិត​ផ្លូវ​ទៅ​ផ្សារ​ក៏​ឆ្ងាយ​ដែរ បើ​វា​រែក​ទៅ​មិនទាន់ ម​ក​វិញ​ផ្តាច់​វា​យ៉ាង​ងាយ មួយ​ទៀត​ដល់​ពាក់កណ្តាល​ផ្លូវ​វា​ធ្ងន់ វា​ប្រហែស​វា​ឃើញ​ថា​ស្ងាត់​ហើយ​វា​ជេរ​មិន​ខាន​” ។ តា​ចាស់​និយាយ​គិត​គ្នា ហើយ​ដេក​ទៅ ។ ឯ​កូនប្រសា​លបស្តាប់​នៅ​ក្រោមផ្ទះ ដឹង​ការណ៍​ហើយ​ក៏​ទៅ​ដេក​ឯ​ផ្ទះ ។


លុះ​ព្រឹក​ឡើង​ចៅ​នោះ​រៀប​ខ្លួន ដើរចេញ​ទៅ​បំរើ​ឪពុកក្មេក​ទៀត ដល់​ហើយ​ម្តាយ​ឲ្យ​កូនក្រមុំ​លើកបាយ​មក​ឲ្យ​ចៅ​នោះ​ស៊ី​ទៀត ស៊ី​ហើយក៏​ប្រគល់​អំ​រែក​ឲ្យ​កូនប្រសា​រែក​ទៅតាម​ឪពុកក្មេក​ឯ​ផ្សារ ដូច​គិត​គ្នា​ពី​ល្ងាច​នោះ ។ ចៅ​នោះ​រែក​ដើរ​ទៅ​ហើយ​គិតថា “​ម្តងនេះ​អញ​ធ្វើឲ្យ​ឪពុកក្មេ​ក​អញនេះ ឲ្យ​កូន​មក​អញ កុំឲ្យ​រកកល​ធ្វើ​បញ្ឆោត​អញ​ក្រោយ​ទៀត​” ហើយ​គិតតែ​រែក​ទៅ​ដល់​ពាក់កណ្តាល​ផ្លូវ ដាក់អម្រែក​ចុះ ហើយ​ថា ការុង​នេះ​ចង​មាត់​មិន​ជាប់ ក៏​យក​ខ្សែ​ចង​ថែម​ទៀត លុះ​រែក​ដើរ​ទៅ​ដល់​កណ្តាល​ផ្លូវ​មាន​ព្រែក​មាន​ស្ពាន ក៏​ដាក់អម្រែក​លើ​ស្ពាន​ត្រង់​ចុង​ក្តារ នៅ​តែ​បន្តិច​នឹង​ធ្លាក់​ពី​ស្ពាន​ហើយ​ថា “​អញ​អើយ​ថ្ងៃ​ណាស់​ហើយ ម្ល៉េះ​សម​ឪ​ជេរ​មិន​ខាន អម្រែក​ធ្ងន់​រែក​ម្តេច​ទាន់ ណ្ហើយ​! ឪ​ជេរ​ក៏​ជេរ​ចុះ អញ​ដាក់​នៅ​លើ​នេះ​ទៅ​វាល​សិន រួច​សឹម​ទៅទៀត​” និយាយ​បណ្តើរ​ដើរ​ទៅ​បណ្តើរ ។


មួយស្របក់​ក៏​កាន់​ឈើ​មួយ​ធំ ដើរ​មក​ពី​នាយ​បុក​ក្តារ​ស្ពាន​ឮ​គ្រាំងៗ ធ្វើ​ជា​ដំរី​ឆ្លងស្ពាន​ហើយ​ស្រែកថា “​នរណា​ដាក់អំរែក​នៅលើ​ស្ពាន ដំរី​អញ​វា​ជាន់​ខូច​អស់ហើយ យក​ចេញ​ឲ្យ​ឆាប់​” ស្រែក​ហើយ​បុក​ក្តារ​ដើរ​គ្រាំៗ​ចូលមក ។


ឯ​តា​ចាស់​នៅ​ក្នុង​ការុង​គិតស្មាន​ថា​ជា​ដំរី​មែន ភ័យ​ក្រែង​ជាន់​ស្លាប់​ក៏​បម្រះ​ជៀស​ផ្លូវ​ដំរី ហួស​ពី​ក្តារ​ធ្លាក់​ទៅក្នុង​ទឹកៗ ចូល​ការុង​ឈ្លក់ទឹក​ត្រដរ​ញ័រ​ទាំង​ការុង​ស្ទើរតែ​នឹង​ស្លាប់ ។ ឯ​កូនប្រសាឃើញ​ដូច្នោះ ក៏​ទុក​ឲ្យ​ផឹកទឹក​បន្តិច​កុំឲ្យ​អស់​ខូច​ទៀត ហើយ​ធ្វើ​ជា​ដើរ​មក​ពី​វាល​ស្រែកថា “​នរណា​ហ៊ាន​បរដំរី ឆាយ​អំ​រែក​អញ​ធ្លាក់​ក្នុង​ទឹក​ទទឹក​អង្ករ​អស់ ឱ​អញ​អើយ​! ឪ​ជេរ​ថែមទៀត​ហើយ ថ្ងៃ​ក៏​កាន់តែ​ខ្ពស់ ហើយ​អង្ករ​ក៏​ទទឹក​អស់​ថែមទៀត​” ។ អ្នក​កម្លោះ​ឃើញឪ​ក្មេក​បម្រះ​ញ័រ​ក្នុង​ការុង​ក៏​ថា “​ឱ​មាន​ទាំង​ត្រី​មក​ប​បេះ​ផង ណ្ហើយ​អញ​ចុះ​ទៅ​ស្រង់​ឡើង​មក​មើល​” ថា​ហើយ​ក៏​លោត​ទៅ​ស្រង់​ឡើង មក​មើល​ហើយ​ថា “​អើបើ​វាទ​ទឹកនឹង​ស្រាយ​ហាលថ្ងៃ ហើយ​រែក​យកទៅ ឲ្យ​ម៉ែ​ធ្វើ​នំ​បញ្ចុក​ឲ្យ​ឪ​” ។


ថា​ហើយ​ស្រាយ​មើលឃើញ​តា​នៅ​ក្នុង​ការុង​ក៏​ថា “​ឱ​ឪ​អើយ​ម្តេច​មិន​ស្រែកប្រាប់​ខ្ញុំ កុំ​អី​ស្លាប់​ទៅហើយ គេ​បរដំរី​មកពីណា មិនដឹង​គេ​ឲ្យ​ដំរី​ឆាយ​ធ្លាក់​ទៅក្នុង​ទឹក​” ។ តា​ឮ​ហើយ​ឡើងឈរ​ដើរ​វិល​មក​ផ្ទះ​វិញ មិន​មានស្តី​មួយម៉ាត់ ដល់​ទៅ​ផ្ទះ​អស់ចំណេះ​មិន​ហ៊ាន​គិត​ទៀត ក៏​រៀបការ​កូនក្រមុំ​ឲ្យទៅ​អ្នក​កម្លោះ​នោះទៅ ៕