រឿង បុរស​ចេះ​ថ្នាំ​ពិសពស់

មាន​ថ្ងៃមួយ​បុរស​ឈ្មោះ សុខ ធ្វើដំណើរ​ទៅ​កាប់​អុស​ក្នុងព្រៃ ។ លុះ​ទៅដល់​ឃើញ​ខ្លាធំ​មួយ​ស្លាប់ នៅ​ជើង​ដ​ម្បូក​ក្បែរ​ច្រក​ផ្លូវ ។ ចៅ​សុខ​ពិនិត្យមើល​ហេតុ​សព្វគ្រប់​ទៅ​ឃើញ​ថា ខ្លា​នេះ​ស្លាប់​ដាយ​ពស់​ចឹក ព្រោះ​នៅ​ខាងក្រោម​ខ្លា​មាន​រន្ធ​ពស់​មួយ ។ បុរស​នោះ​មានចិត្ត​សប្បុរស​ដល់​សាកសព​សត្វ​នោះ​ណាស់ ក៏​ស្រាយ​ថង់​ឈាម យក​ថ្នាំ​ដុស​លាប​ស្រឡាប​ឲ្យ ។ លុះ​បាន ១ ស្របក់​ខ្លា​ដឹងខ្លួន​ឡើង ឃើញ​ខ្លួនប្រាណ​ប្រឡាក់​សុទ្ធតែ​ថ្នាំ​ដែល​លាប ក៏​មាន​សេចក្តីទោ​មន​ស្សនឹង​បុរស​ដែល​លាបថ្នាំ​ឲ្យ ហើយ​ស្តីឲ្យ​ថា “​ហេតុ​ដូច​ម្តេច​បាន​ជា​អ្នកឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាងនេះ​ ?” ។ បុរស​
នោះ​ឆ្លើយថា “​យើង​ដើរ​មក​បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក ហើយ​យើង​ដុស​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បងរស់​ទេតើ​!” ។ ខ្លា​ថា “​អញ​មាន​ស្លាប់​អី ពស់​មាន​ចឹក​អញ​ពី​កាលណា​? អញ​កំពុងតែ​ដេក​លក់​ស្រួល​ទេតើ​! បើដូច្នេះ​អញ​ត្រូវ​ប្រហារជីវិត​ឯង​ធ្វើ​ជា​អាហារ​” ។ ចៅ​សុខ មាន​សេចក្តី​តក់ស្លុត​នឹង​សេចក្តីស្លាប់​ជាខ្លាំង ក៏​អង្វរ​ខ្លា​ថា “​បង​អើយ​! អាណិត​យើង​ផង​បង​កុំអាល​ពិឃាត​យើង​ក្នុង​គ្រា​នេះ ចាំ​យើង​ទៅរក​អ្នកប្រាជ្ញ​ណា​ឲ្យគេ​ជំនុំ​ជម្រះ​ឲ្យ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស សឹម​បង​ប្រហារជីវិត​យើង បើ​​យើង​ត្រូវ ត្រូវ​ទុក​ជីវិត​យើង​” ។ ខ្លា​ក៏​ព្រម​តាម​សេចក្តី​អង្វរ​ចៅ​សុខៗ​វិល​មក​វិញ​ប្រទះ​សេះ និង​ក្របី នៅក្បែរ​ផ្លូវ​ក៏​និយាយថា “​បង​ទាំង​ពីរ​អាណិត​ទៅ​ជួយ​យកអាយុ​យើង​ផង ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង ដោយ​យើង​ដាក់​ថ្នាំ​ឲ្យ តែ​វា​ប្រាថ្នា​ប្រហារជីវិត​យើង ថា​យើង​ធ្វើ​វាឲ្យ​ភ្ញាក់ ហើយ​ធ្វើឲ្យ​ប្រឡាក់ខ្លួន​វា​អស់​” “​តាមពិត​ត្រូវតែទៅ​កាត់សេចក្តី​ឲ្យ​បុរស​នោះ​ឈ្នះ​ខ្លា ប៉ុន្តែ​បើ​អញ​ឲ្យ​បុរស​នេះ​ឈ្នះ​ទៅ​មុខជា​ខ្លា​គុំគួន​នឹង​អញ ស៊ី​អញ​ជា​អាហារ​លែង​” ក៏​ប្រាប់​ចៅ​សុខ​ថា “​បង​ឯង​ខុស​មែនហើយ ត្រូវ​ឲ្យ​ខ្លា​ស៊ី​ទៅ​” ។ ចៅ​សុខ​ក៏​រិត​តែ​ភ័យ​ខ្លាំង​ឡើង ក៏​លា​សេះ​និង​ក្របី​ដើរ​យ៉ាង​លឿន​ទៅ​ទៀត លុះ​ប្រទះ​នឹង​សុភា​ទន្សាយ ចៅ​សុខ​ក៏​ប្តឹង​តាម​ដំណើរ ។ សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា “​ឲ្យទៅ​និយាយអង្វរ​ខ្លាទៀត​ទៅ​សឹម​យើង​ទៅ​ជួយ​” ។
គ្រា​ដែល​បុរស​នោះ​កំពុង​ជជែក​នឹង​ខ្លា សុភា​ទន្សាយ​ទៅដល់​ក៏​ធ្វើ​ជា​សួរថា “​បង​ឯង​ទាំង​ពីរ​នាក់​ទាស់​គ្នា​រឿង​អ្វី​?” ។ ខ្លា​នឹង​ចៅ​សុខ​ក៏​បាន​ប្តឹង​តាម​ដំណើរ​រៀងៗ​ខ្លួន ។
សុភា​ទន្សាយ​កាត់សេចក្តី​ថា “​បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​ត្រង់​កន្លែង​ដដែល​ឲ្យ​យូរ​ដូច​មុន បើ​ដល់​ពេល​ត្រូវ​ភ្ញាក់​ហើយ​ពុំ​ស្លាប់​ទេ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​ធ្វើ​ជា​អាហារ​ចុះ​” ។
ខ្លា​ទៅ​ដេក​តាម​បង្គាប់ ពស់​ក៏​ចេញពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ ។ សុភា​ទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា “​បង​ឯង​កុំ​លាបថ្នាំ​ឲ្យ​វា​រស់​ទៀត​” ប្រាប់​ហើយ​ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ៕