រឿង ​សុភាសិត​តម្លៃ ៣០ តម្លឹង

កាលពីព្រេងនាយ​មាន​ជន​ពីរ​នាក់​ប្តី​ប្រពន្ធ បុរស​ជា​ប្តី​បាន​ឃើញ​គេ​រៀន​របៀន​ពូកែ ចង់​រៀន​ណាស់​យកប្រាក់ ៣០ តម្លឹង​លា​ប្រពន្ធ​ដើរទៅ​រៀន ដើរ​ពី​ស្រុក​មួយ​ដល់​ខេត្ត​មួយ ឮ​គេ​ថា​ត្រង់ណា​មាន​អ្នក​ចេះ​របៀប​អាគម​គាថា​ពូកែ ក៏​ទៅ​រក​ត្រង់​នោះ ដល់​ទៅ​ជូ​ប​គ្រូ​ណា​ពូកែ​គេ​សូត្រ​ឲ្យស្តាប់ គេ​ធ្វើឲ្យ​មើល​ដូចម្តេចៗ​ក៏​ចេះតែ​មិន​ចូល​ចិត្ត លុះ​ដើរ​ឆ្ងាយ​ទៅ​ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។ តា​ចាស់​សួរថា “​អ្នក​ឯង​ទៅ​ណា​ដើរ​មក​តែ​ម្នាក់ឯង​ស្វះស្វែង​រក​អ្វី​?” ។ បុរស​នោះ​ឆ្លើយថា “​ឱ​! តា​អើយ​! ខ្ញុំ​មក​នេះ​ដ្បិត​ឮ​គេ​ថា នៅ​ទីនេះ​មាន​គ្រូ​ចេះ​របៀន​ពូកែ បានជា​ខ្ញុំ​ខំ​សង្វាត​មក ក្រែង​តា​ចេះដឹង​ប្រដៅ​ចៅ​ផង​” ។ តា​ចាស់​ ឆ្លើយថា “​តា​មាន​របៀន​បី​បទ​តំលៃ ៣០ តម្លឹង បើ​អ្នកឯង​កាន់​ជាប់ អ្នក​ឯង​មិន​ច្បុត​ទេ គង់​បាន​ដូច​ចិត្ត បើ​មាន​កិច្ច​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ​ពូកែ​ណាស់​” ។ បុរស​នោះ​ថា “​តា​សូត្រ​ឲ្យ​ខ្ញុំ​ស្តាប់​មើល​! បើ​ចូល​ចិត្ត​ខ្ញុំ​យក​” ។ តា​នោះ​សូត្រ​ឲ្យស្តាប់​ថា “​រពឹសដៃផ្ទៃឆ្អែត ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំអាល​ស៊ី​” ។ បុរស​នោះ​ស្តាប់​បាន​ចូលចិត្ត​ក៏​ប្រគល់​ប្រាក់ ៣០ តម្លឹង​ឲ្យ​តានោះ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ចាំ​ស្ទាត់​រត់មាត់ ។ ឯ​តា​ចាស់​ប្រាប់ថា “​បើ​ចៅ​កាន់​របៀន​ទាំងបី​ម៉ាត់​នេះ តា​ឲ្យ​ទទេ​មិន​យក​តម្លៃ​ទេ​” ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ ។ បុរស​នោះ​លា​តា​ចាស់​នោះ​វិល​មក​ស្រុក​វិញ ។ មាត់​បុរស​នោះ​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ចប់​តែ​ផ្លូវ​មក​ពុំ​មាន​ភ្លេច ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​មក​ជួប​នឹង​សំពៅ​ឈ្មួញ​មួយ បុរស​នោះ​ក៏​សួរ​សុំ​ដោយសារ​សំពៅ​មក​ស្រុក ដង្ខៅ​សំពៅ​ក៏​ឲ្យ​ដោយសារ បុរស​នោះ​តាំង​ពី​ចុះ​មក​នៅក្នុង​សំពៅ​ថ្ងៃ​ណា ក៏​ចេះតែ​ទន្ទេញ​ពាក្យ​របៀន​បី​បទ​នោះ ហើយ​ចេះតែ​ជួយ​លាង​ជួយ​ថែទាំ ជួយ​ជួសជុល​សំពៅ​ដូច​ជា​របស់​ខ្លួន ។ នាយសំពៅ​នឹក​ក្នុង​ចិត្ត​ថា “​អ្នក​នេះ​តាំងតែ​ពី​ចុះ​មក​ដោយសារ​សំពៅ​អញ​កាលណា គាត់​ចេះ​តែ​ធ្វើការ​ដូច​ជា​របស់​គាត់​” នឹក​ហើយក៏ស្រឡាញ់​បុរស​នោះ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀងមក ។ ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ ចេះ​តែ​ខំធ្វើការ​ក្នុង​សំពៅ​ដូចជា​កូនឈ្នួល​ឯទៀតៗ ។ នាយសំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា “​បើកាលណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នោះ​រកស៊ី​តទៅ​” ។
លុះ​បើក​សំពៅ​មក​ដល់​កណ្តាល​ស្រុក​មួយ បានឃើញ​វិហារ​មួយ​គេ​រៀប​អណ្តាប់​ពោរ​ពាស​សុទ្ធតែ​ចំណី​ស្រា បាយ​ទុក​ឲ្យ​យក្សវា​ស៊ី ។
ឯ​អ្នក​សំពៅ​កាល​ដល់​វិហារ​នោះ ក៏​ចត​សំពៅ​ឡើង​លេង ឃើញ​ចំណី​ទាំងនោះ ពុំ​មាន​មនុស្ស​ក៏​នាំគ្នា​ស៊ី​ផឹកស្រា​ស្រវឹង ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំងអស់​គ្នា ខាន​តែ​បុរស​ម្នាក់​នោះ​មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា “​រពឹសដៃផ្ទៃឆ្អែត ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំអាល​ស៊ី​” ដោយ​គិត​ថា “​ចំណី​ទាំងអស់នេះ​មាន​ស៊ី​គង់តែ​មាន​ភ័យ​ពុំខាន​” គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ានស៊ី​ឡើងទៅ​ពួន​លើ​ធ្នឹម​វិហារ​ដោយ​ស្ងៀមស្ងាត់​ លបមើល ។
លុះដល់​ថ្ងៃ​ត្រង់ យក្ស​មក​ដល់​ហើយ​វា​ខឹង​ណាស់​ថា “​នរណា​ក៏​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ គេ​រៀប​ទុក​ឲ្យ​អញស៊ី​ទេ ឥឡូវ​វា​ស៊ី​អស់ហើយ វា​ដេក​នៅ​ទីនោះ​” ។ យក្ស​ថា​ហើយ​ក៏​បោះ​ដំបង​ទៅ​វាយ​មនុស្ស​ដែល​ដេក​នោះ​ស្លាប់​ទាំងអស់​ទៅ ។ ឯ​ដំបង​ក៏​វិល​មក​ខាង យក្ស​វិញ ហើយ​យក្ស​ក៏​កាច់ក​មនុស្ស​ទាំងអស់​នោះ​ស៊ី​ទៅ រួច​ក្រឡេក​មើល​ក្រឡេម​ក្រឡឺម ។ បុរស​ឃើញ​យក្ស​ភ័យ​ណាស់ មាត់​ចេះតែ​ទន្ទេញ​របៀន​បី​បទ ហើយ​គិត​ថា “​បើ​អញ​ស្រែក​ក្រែង​យក្ខ​វា​ឮ វា​ឃើញ​អញ​ហើយ​វា​នឹង​ស៊ី​អញ​ទៀត​” ។ គិត​ហើយ​ក៏​លោត​ពីលើ​ធ្នឹម​ស្រែក​វ៉ាស​ឡើង ។ យក្ស​ភ័យ​ណាស់ក៏រត់​ចោល​ដំបង​ទៅ​បាត់​ទៅ​។ បុរស​នោះ​បាន​ដំបង​វាយ​ឯង​ហើយ ក៏​ដើរ​ត្រឡប់​មក​ស្រុក​ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះឯង ។
លុះ​ដើរ​មក​ដល់​ផ្ទះ​ក្នុង​វេលា​យប់ បុរស​នោះ​យក​ដំបង​ទៅ​លាក់​ក្រោម​ជណ្តើរ​យក​ថ្ម​សង្កត់​លើ​ហើយ​ឡើង​ទៅ​ដេក​លើ ​ផ្ទះ ។ ប្រពន្ធ​សួរ​ប្រាប់​ប្រពន្ធ​ថា “​ចាំ​ព្រឹក​សឹម​និយាយប្រាប់​” ។​ ​ក្រោយ​ពេល​ប្តី​ទៅ ប្រពន្ធ​នៅ​ផ្ទះ​វា​មាន​សា​ហាយ វេលា​យប់​ដែល​ប្តី​មកដល់​ផ្ទះ សា​ហាយ​នោះ​វា​មក​ស្តាប់​នៅ​ក្រោមផ្ទះ វា​ចង់​ដឹង​រឿង​ឆាប់​ឲ្យ​មេ​ស្រី​ស​ហាយ​វា​សួរថា “​ដំណើរ​ដូច​ម្តេច​ក៏​ចាំ​ព្រឹក​បាន​និយាយ​?” ។ ប្រពន្ធ​ចេះតែ​អោប​អង្អែលៗ​ទ្រាំ​ពុំ​បាន​ប្តី​ក៏​និយាយ​ប្រាប់​ថា “​អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ ដ្បិត​គ្រូ​ផ្តាំ​ថា : ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឥឡូវនេះ​អញ​និយាយ​ខុស​បណ្តាំគ្រូ​ហើយ​” ។ ប្រពន្ធ​សួរថា “​អ្នក​ទៅ​បានរ​បស់​អ្វី​មក​ខ្លះ​?” ។ ប្តី​ថា “​បាន​តែ​របៀន​បី​បទ ហើយ​ត្រឡប់​មក​វិញ ដល់​ពាក់កណ្តាល​ផ្លូវ​បាន​ដំបង​វាយ​ឯង​” ។ ប្រពន្ធ​សួរថា “​ដំបង​នោះ​ទុក​នៅ​ឯ​ណា​ឥឡូវនេះ​?​ខ្ញុំ​ចង់​ឃើញ​” ។ ប្តី​ថា “​អញ​ទុក​ក្រោម​ជណ្តើរ​យក​ថ្ម​គ្រប​” ថា​ហើយ​ក៏​ដេក​លក់​ទៅ ។
សហយ​លប​ស្តាប់ឮ​ហើយ ក៏​ទៅ​ក្រោម​ជណ្តើរ​រើស​យក​ដំបង​នោះ​ទៅ​បាត់ទៅ ។
លុះ​ព្រឹក​ព្រហាម​ស្រាងៗ​ឡើង បុរស​នោះ​រឭក​ពី​ដេក​ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ ក៏​ប្រាប់​ប្រពន្ធ​ថា “​អញ​ប្រាប់​ឯង​មិន​ជឿ អញ​ថា ខុស​គ្រូ​ហើយ ឯង​ចេះតែ​លួង​អញ ទាល់តែអ​ញ​ប្រាប់​ឥឡូវនេះ មនុស្ស​វា​ឮ​វា​លួច​យក​ដំបង​បាត់​ហើយ ” ។ ប្រពន្ធ​ឮ​ហើយ​ដឹងថា ស​ហាយ​លួច​ក៏​មិន​ស្តី​ដណ្តាំបាយ​ឲ្យ​ប្តីស៊ីៗ​រួចហើយ បុរស​នោះ​ក៏​យក​ខ្សែ​ចង​ដុំ​ថ្ម​ដែល​គ្រប​លើ​ដុំថ្ម​នោះ នាំ​ទៅ​ប្តឹង​មេស្រុ​កឲ្យជំនុំជម្រះ​រក​ចោរ​ឲ្យ មេស្រុក​បើ​ជំនុំជម្រះ​ដូចម្តេច ពីព្រោះ​ថ្ម​ពុំ​ស្តី​គេ​ជេ​រថា “​អា​កំព្រើល​! តាំងពី​ដូនតា​មក​នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង​” គេ​គម្រាម​ហើយ​គេ​ដេញ​ចេញ​ទៅ ។ បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅប្តឹង​តាំងតែ​ពី​ស្រុក​ទៅ​ដល់​លោក​យមរាជ អ្នករាជការ គ្រប់​ក្រសួង​គេ​ចេះតែ​ដេញចេញ គេ​ថា​មនុស្ស​ឆ្កួត គេ​មិន​ឲ្យចូល ។ បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្តេចៗ​ទ្រង់​សួរ​សព្វគ្រប់​ហើយ ទ្រង់​ប្រាប់​អស់​នាហ្មឺន​ថា “​មែន​បាន​គេ​ថា មាន​ប្រឡាយ​បាន​ទឹក​ហូរ មាន​សម្រាម​បាន​ឆ្កែ​វា​ជុះ អស់​នាហ្មឺន​កុំ​ថា វា​ឆ្កួត​សេចក្តី​នេះ​មែន​ហើយ បានជា​វា​ហ៊ាន​ថា​” ស្តេច​មាន​ព្រះ​បន្តូល​ប្រាប់​បុរស​ថា “​ណ្ហើយ​វិល​ទៅ​ផ្ទះ​ចុះ កាលណា​អញ​ឲ្យគេ​ទៅ​ហៅ​ចាំមក​” ។ បុរស​នោះ​ទូល​ថា “​ព្រះករុណា​ថ្លៃ​វិសេស​” ហើយ​ក្រាបថ្វាយបង្គំ​លា​ទៅផ្ទះ​វិញ ។
ក្រោយពេល​បុរស​នោះ​ទៅ​ស្តេច​ទ្រង់​ព្រះរាជ​បញ្ជ​ឲ្យ​ប្រាប់ បណ្តា​ប្រជារាស្ត្រ​ថា “​ដ្បិត​ស្តេច​ឲ្យអស់​ព្រះ​ស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​យប់ ឲ្យ​បណ្តា​រាស្ត្រមើល​តាម​ចិត្ត ពុំ​មាន​ឃាត់ឃាំង​ឡើយ​” ហើយ​ទ្រង់​រៀប​លេងល្ខោន ។ កាល​នោះ​អស់​រាស្ត្រ​សឹងតែ​ចូលទៅ​មើល​គ្រប់​គ្នា ។ ស្តេច​ទ្រង់​យាង​ចូល​ទៅក្នុង​ព្រះរាជដំណាក់​ជ្រើសរើស​ប្រេង ក្រអូប​យ៉ាង​ចំឡែក​មួយ​ដប ដែល​សំរាប់តែ​ស្តេច អស់​រាស្ត្រ​នាហ្មឺន​ពុំដែល​មាន ទ្រង់​ប្រើ​អាមាត្យ​ម្នាក់​យក​ទៅ​ឲ្យ​បុរស​នោះ ហើយ​ប្រាប់​ថា “​ស្តេច​ទ្រង់​ព្រះរាជទាន​ឲ្យ​អ្នកឯង និង​ប្រពន្ធ​អ្នកឯង​លាប ប៉ុន្តែ​ឲ្យ​អ្នក​ឯង​នៅ​ផ្ទះ​កុំ​ទៅ​មើលល្ខោន ឲ្យតែ​ប្រពន្ធ​ទៅ​បាន​ហើយ​” ។ អាមាត្យ​អ្នក​យក​ទៅឲ្យ​ប្រាប់ស​ព្វ​គ្រប់ វិល​ទៅ​ក្រាបបង្គំ​ទូល​ស្តេច​វិញ ។ បុរស​នោះ​បាន​ប្រេង​ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅឲ្យ​ប្រាប់ថា “​ព្រះករុណា​ជា​ម្ចាស់​ជីវិត​ទ្រង់​ព្រះរាជទាន​ប្រេង​នេះ​មក ព្រោះ​ទ្រង់​អាណិត​ស្រលាញ់​ឲ្យ​យើង​លាប​ទៅ​មើលល្ខោន​នឹង​គេ តែ​ឥឡូវនេះ​អញ​ឈឺក្បាល ឯង​យក​ទៅ​លាប ហើយ​ទៅ​មើលល្ខោន​នឹង​គេ​ចុះ​” ។ ឯ​ប្រពន្ធ​ឮ​ប្តី​បើក​ឲ្យ​ទៅ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នេះ អរ​ពន់ពេក ដោយ​ពុំបាន​ដឹង​កល​ជា​គេ​នឹង​ចាប់ ក៏​យក​ប្រេង​ទៅឲ្យ​សហាយ​លាប​ផង ហើយ​បណ្តើរគ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹមគ្នា ។ លុះ​បន្តិច​ទៅ ស្តេច​ទ្រង់​ធុំក្លិន​ក្រអូប​ប្រេង​នោះ ទ្រង់​ខ្សឹប​ប្រាប់​នាហ្មឺន​ម្នាក់​ថា “​ចូរ​អ្នក​ទៅ​ហិតក្លិន​ប្រេង​ក្រអូប​យ៉ាងនោះ ប៉ុន្មាន​នាក់​ចូរ​អ្នក​នាំយក​មក​ឲ្យ​អញ​ជា​ឆាប់​” ។
នាហ្មឺន​នោះ​ក្រាបថ្វាយបង្គំ​ហើយ​ទៅ​ហិត​មនុស្ស​ឯទៀត​មិនធំ​សោះ តែ​ប្រុស​ម្នាក់ ស្រី​ម្នាក់ ដែល​ឈរ​ទន្ទឹមគ្នា​លាប​ប្រេង​ក្រអូប​ទាំង​ពីរ​នាក់​នេះ ក៏​នាំ​យក​ទាំងប្រុស​ទាំងស្រី​យក​ទៅ​ថ្វាយ​ស្តេចៗ​ឲ្យ​លែង​រាំ​ទៅ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំងប្រុស​ទាំងស្រី មក​ដល់​ហើយ ទ្រង់​សួរថា “​នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែនឬ​?” ។ បុរស​នោះ​ក្រាបបង្គំ​ទូល​ថា “​មែន​” ។ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ទៅ​ប្រុស​ជា​ស​ហាយ​នោះ​ថា “​ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នោះ​មែន​ឬ​?” ។ សហាយ​នោះ​ក្រាបបង្គំ​ទូល​ថា “​លួច​មែន​” ។ ទ្រង់​ឲ្យទៅ​យក​ដំបង​នោះ​មកឲ្យ យកស​ហាយ​ទាំងប្រុស​ទាំងស្រី​នោះ​ទៅ​ដាក់​ច្រវាក់​ធ្វើ​ទោស ។ បុរស​ជា​ម្ចាស់​ដំបង​ថ្វាយ​ដំបង​បង្គំ​សូមទោស ហើយ​ក៏​ប្រគល់​ទាំង​ផ្ទះសំបែង​ទាំង​ប្រពន្ធ​ទៅ​ស​ហាយ​នោះ​ទាំងអស់​ដោយ​ពុំ​ មាន​ខឹង​អ្វី​ឡើយ ។ បុរស​សហាយ​នោះ​អ​រណាស់ សំពះ​សូមទោស​រួច​វិល​ទៅ​វិញ ។
ឯ​បុរស​ម្ចាស់​ដំបង​ថ្វាយ​ដំបង​ទៅ​ស្តេច ហើយ​ក្រាបលា​ទៅទៀត​ស្តេច​ឃាត់​ក៏​ពុំ​ព្រម ទ្រង់​មាន​ព្រះបន្ទូល​ថា “​ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់​” ទ្រង់​ព្រះ​រាជានុញ្ញាត​បី​ឃ្លាំង​មាសប្រាក់ ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត ។ បុរស​នោះ​រើស​អស់ទាំង​ឃ្លាំង​មាសប្រាក់​អម្បាល​នោះ ទៅ​ឃើញ​កាំបិត​បន្ទោះ ១ ចាស់​នៅ​ក្រោម​ខ្លាំង ក៏​យក​កាំបិត​នោះ និង​ប្រាក់​បន្តិចបន្តួច​គ្រាន់តែ​ចាយ​តាមផ្លូវ ហើយ​ចូល​ទៅ​ក្រាបថ្វាយបង្គំ​លា​ស្តេច​ដើរចេញ​ទៅ​ទៀត ។ ស្តេច​ពុំមាន​ព្រះ​​បន្ទូល​អ្វី​ទេ តែ​អស់​នាហ្មឺន​គេ​ត្មះតិះដៀល​បុរស​នោះ​ថា “​ជា​មនុស្ស​ឆោត មាស​ប្រាក់​មិន​យក ទៅ​យក​កាំបិត​ច្រេះ​ស៊ី​” ។
បុរស​នោះ​ដើរចេញ​ពី​នគរ​នោះ បាន​ទៅ​នគរ​មួយ​ដទៃទៀត ។ ជួន​ជា​ថ្ងៃ​មួយ​នោះ​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា “​ព្រឹកស្អែក​ទ្រង់​ទៅ​ក្រសាល​ព្រៃ ឲ្យ​មហាសេដ្ឋី​ធ្វើរ​ទះ​មួយ យ៉ាង​ល្អល្អះ​ឲ្យ​ឆ្លាក់ ក្បាច់​លាបលន​ឲ្យ​ហើយ ឲ្យទាន់​ក្នុងពេល​ព្រឹកស្អែ​កនេះ បើ​ធ្វើ​ពុំទាន់​នឹង​យក​ទៅ​កាត់ទោស​ស្លាប់​ខ្លួន​” ។ រីឯ​មហាសេដ្ឋី នោះ​ធ្វើ​ពុំទាន់ ហើយពុំ​ធ្វើ​រទេះ​បែរ​ជា​ទៅ​ធ្វើ​ឯ​ក្តារ​មឈូស​ទៅវិញ ។
ថ្ងៃ​នោះ​ជួន​ជា​បុរស​នោះ​ដើរ​ទៅ​ឃើញ​មហាសេដ្ឋី​នោះកំពុងតែ​ធ្វើបុណ្យ​ក៏ ​សួរថា “​ចុះ​លោក​មាន​ការ​អ្វី​បានជា​ធ្វើបុណ្យ​មាន​ក្តារ​មឈូស​ផង​ដូច្នេះ​?” ។ គេ​ប្រាប់ថា “​ស្តេច​ឲ្យធ្វើ​រទេះ​មួយ​យ៉ាង​ល្អ ឲ្យទាន់ពេល​ព្រឹកស្អែ​កនេះ ស្តេច​នឹង​ទៅ​ក្រសាល​ព្រៃ បើ​ធ្វើ​ពុំទាន់ ស្តេច​នឹង​យកទោស​ឥឡូវនេះ មហាសេដ្ឋី​ធ្វើ​ពុំទាន់ ដឹងខ្លួន​ថា ស្លាប់ បានជា​ធ្វើ​មឈូស​ធ្វើបុណ្យ​វិញ​” ។
បុរស​នោះ​ឆ្លើយថា “​ក្រ​អ្វី​ប៉ុណ្ណឹង ឲ្យតែ​បាយ​ខ្ញុំស៊ី ខ្ញុំ​នឹង​ធ្វើឲ្យ​ទាន់​ព្រឹក​នេះ​” ។ មហាសេដ្ឋី​បាន​ឮ​ដូច្នេះ អ​រណាស់ ហើយ​ឲ្យ​រៀប​បាយទឹក​ស៊ី​ឲ្យ​ឆ្អែត​រួច​ប្រគល់​ឈើ​ឲ្យធ្វើ​រទេះ ។ បុរស​នេះ​ក៏​ធ្វើ​តែ​នឹង​កាំបិត​មួយ ដែល​យក​ក្រោម​បាត​ឃ្លាំង​នោះ​បាន​រួចស្រេច​ក្នុង​យប់​នោះ ហើយ​លាប​លន់​យ៉ាង​ល្អ ព្រឹក​ឡើង​ក៏​អូស​ទៅ​ថ្វាយ​ស្តេចៗ​ទ្រង់​ទត​ឃើញ ទ្រង់​ឲ្យ​រៀប​ប្រដាប់ប្រដា​ទៅ​ក្រសាល​ព្រៃ ។ ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ ក៏​នឹក​ក្នុង​ចិត្ត​ថា “​អ្នក​នេះ​មានគុណ​ធ្ងន់​ណាស់ ឥឡូវនេះ​នឹង​រក​អ្វី​ឲ្យ​សង​ឲ្យ​ស្មើ​គ្មាន មានតែ​កូនក្រមុំ ១ ល្មម​ឲ្យមាន​ប្តី ដូច្នេះ​មានតែ​អញ​ការ​ឲ្យ​អ្នក​នោះ​” គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យទៅ ។ លុះ​កា​រហើយ​ក្នុង​យប់​នោះ​ពេល​ផ្សំ​ដំណេក បុរស​នោះ​គិត​ល្បង​ចិត្ត​ប្រពន្ធ ហើយ​ធ្វើ​ជា​ផឹកស្រា​ស្រវឹង​ដេក​ទៅ យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់ ។ កូន​សេដ្ឋី​ឃើញ​ក្អូត​ប្រឡាក់ខ្លួន​ដូច្នេះ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា “​ឱ​លោក​ឪពុក​រក​ប្តី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក ក្អូត​ប្រឡាក់​ខ្ញុំ​អស់​ហើយ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ​” ។​មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នេះ​ក៏​ឃាត់​ទៅ​ថា “​កូន​ដេក​ទៅ កុំ​និយាយ​ដ្បិត​ប្តី​កំពុង​ស្រវឹង ហើយ​គេ​មានគុណ​ផង​” ឃាត់​ដូច​ម្តេច​ក៏​មិន​ស្តាប់​ថា “​ឲ្យទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន ឯ​មនុស្ស​ប្រមឹក​ខ្ញុំ​ទ្រាំ​មិន​បាន​ទេ​” ។
លុះ​ព្រឹក​ឡើង​បុរស​នោះ​រលឹក​ពី​ដេកក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​ វិញ ប្រាប់ថា “​មិន​ព្រម​យក​ទេ​” ហើយ​ថា មិន​បាន​ប៉ះ​ដៃជើង​ឡើយ ។ មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូនក៏​បុរស​នោះ​ពុំ​ព្រម​នៅ ពុំ​ព្រម​យក​ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត ។ លុះ​ស្តេចយាង​មក​ពី​ព្រៃ​ទ្រង់​ឲ្យទៅ​រក​ជាង​ដែល​ធ្វើរ​ទេះនោះ​ពុំ​ឃើញ ទ្រង់​ស្តាយ​ណាស់​ទ្រង់​ឲ្យអស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត​ក៏​ពុំ ​ឃើញ ហើយ​ទ្រង់​នៅ​ស្ងៀម​ទៅ ។
ឯ​បុរស​នោះ​លា​សេដ្ឋី​ដើរទៅ​ឆ្ងាយ​ក៏​បាន​ទៅដល់​នគរ​មួយ​ដទៃទៀត ។ ស្តេច​នគរ​នោះ​ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់​ទៅ​ដេក​វេន​ចាំ​យាម​នៅ​ចុង​ព្រះរាជ ​រោង​រាល់​យប់ ។ ស្តេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់ ចាប់តាំងពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះ ស្លាប់​អស់​នាហ្មឺន​ជាច្រើន ។
ថ្ងៃ​បុរស​នោះ​ទៅ​ដល់ ជួន​ត្រូវ​លើ​វេន​ចៅ​ហ្វ៊ា​ទៅ​ដេក​ថ្វាយ​ស្តេច គាប់​ចៅ​ហ្វ៊ា​នោះ​ក៏​ធ្វើ​បុណ្យទាន​ថ្ងៃនោះ ។ បុរស​នោះ​ទៅដល់​សួរ​គេ​ថា “​លោក​មាន​ការ​អ្វី​បានជា​ធ្វើ​បុណ្យទាន ហើយ​ម្តេច​ក៏​កូន​ប្រពន្ធ​យំ​រាល់គ្នា​ដូច្នេះ​?” ។ គេ​ប្រាប់ថា “​លោក​ត្រូវ​ទៅ​ដេក​វេន ថ្វាយ​ស្តេច​កាប់​ល្ងាច​នេះ បានជា​លោក​ធ្វើបុណ្យ​មុន​ស្លាប់​” ។ បុរស​នោះ​ថា “​ឲ្យតែ​បាយខ្ញុំ​ស៊ីចុះ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្តេច​ជួស​” ។
គេ​ឮ​ដូច្នេះ​ក៏​ទៅ​ជំរាប​ចៅហ៊្វាៗ ឲ្យ​ហៅ​បុរស​នោះ​ទៅ ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ហើយ​សួរថា “​បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្តេច​ជួយ​ខ្ញុំៗ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក​” ។ បុរស​នោះ​ក៏​ទទួល​ដេក​ជួស ហើយ​សុំ​គ្រឿង​ប្រដាប់ ចៅ​ហ្វ៊ា​ពាក់​នោះ​យក​មក​ពាក់ ហើយ​ក៏​លី​កាំបិតបន្ទោះ​ចូលទៅ​ដេក​ចុង​ព្រះ​រាជរោង បុរស​នោះ​ពុំ​ដេក​ឡើយ ចាំ​ស្តេច​ចេញ​មក​កាប់ ។ ទៅ​ដល់​ចុង​ព្រះ​រាជរោង បុរស​នោះ​ពុំ​ដេក​ឡើយ ចាំ​ស្តេច​ពេលយប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​បើកទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះខ័ន​យាង​ចូល​មក​នឹង​កាប់​បុរស​ នោះ ។ បុរស​នោះ​ឃើញ​ស្តេចយាង​មក​ជិត​ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្តេច​ជាប់ ហើយ​ក៏​ចាក់​នឹង​កាំបិតបន្ទោះ​បង្ខុស​ពីរ​បី​ដង ហើយ​សួរថា “​នរណា​! ចូល​មក​ទាំង​យប់​? ស្តេច​ទ្រង់​ឲ្យ​អញ​មាន​ចាំ​យាម​ក្នុង​យប់​នេះ​” ថា​ហើយ​ក៏​ចាក់​បង្ខុស​ទៀត ។ ស្តេច​ទ្រង់មាន​ព្រះ​បន្ទូល​ថា “​ទេ​! អញ​ទេ​!” ។ “​នរណា​! អញ​ទេ​?” ។ “​អញ​ជា​ស្តេច​” ។ “​ស្តេច​អី​មក​ពេល​នេះ​? អញ​មិន​ដឹង​ទេ​! ដ្បិត​ស្តេច​ទ្រង់​ឲ្យ​អញ​ចាំ​ព្រះរាជ​រោង​ក្នុង​យប់​នេះ​” ។
សួរដេញដោល​ដូច្នេះហើយ​បុរស​នោះ​ក៏​លត់​ជង្គង់​ថ្វាយបង្គំ​ស្តេច​សូមទោស ។ ស្តេច​ត្រាស់​សួរថា “​ចៅ​នៅឯណា​?” ។ បុរស​នោះ​ថា “​ខ្ញុំ​នៅផ្ទះ​ចៅ​ហ្វ៊ា​” ។ ស្តេច​ទ្រង់​ជ្រាប​ទ្រង់​ញញឹម ហើយ​ទ្រង់​ចូលទៅ​ក្នុង​វិញ ។
លុះ​ព្រឹក​ឡើង​បុរស​នោះ​លី​កាំបិត​ចេញពី​ក្នុង​វាំង​មក​ផ្ទះ​ចៅ​ហ្វ៊ា ។ អ្នកផង​ឃើញ​ឆ្ងល់​ថា “​បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្តេច​កាប់​ម្តេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​ វិញ​?” ។ ចៅ​ហ្វ៊ា​សួរ បុរស​នោះ​ជំរាប​តាម​ដំណើរ​សព្វគ្រប់​ហើយ ជម្រាប​ថែម​ទៀត​ថា “​ស្តេច​សព្វថ្ងៃនេះ​មិនមែន​ជា​កាច​ទេ ដ្បិត​ទ្រង់​ពិសោធន៍​រក​មនុស្ស​ចេះដឹង​ក្នុង​នគរ ដើម្បី​រក្សា​ស្តេច បានជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម ទៅ​យាម​ចេះ​តែ​ដេក​លក់ ទើប​ស្តេច​ទ្រង់​កាប់ ចុះបើ​សត្រូវ​វា​ចូលទៅ​លុកលុយ​ស្តេច ហើយ​យើង​ដេក​លក់​នោះ តើ​នឹង​ជា​យ៉ាងណា​ទៅ​?” ។ បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់​ទើប​ភ្ញាក់ខ្លួន​រាល់គ្នា ។
ចៅ​ហ្វ៊ា​នោះ​មាន​កូនក្រមុំ​មួយ ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ ដោយ​គិត​ថា បុរស​នោះ​មានគុណ​ធ្ងន់​ណាស់ ។
លុះ​ព្រឹក​ឡើង​ស្តេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក ទ្រង់​ឲ្យធ្វើ​ជា​នាហ្មឺន​ធំ រក្សា​ព្រះ​នគរ បន្ទាប់ពី​ព្រះអង្គ ។
វេលា​ស្តេច​ទ្រង់​ព្រះ​ជរា​ទៅ ទ្រង់​ពុំមាន​ព្រះរាជបុត្រ នឹង​សោយរាជ្យ​ស្នង មានតែ​ព្រះ​រាជធីតា​មួយអង្គ ក៏​ទ្រង់​ព្រះរាជទាន ព្រះ​រាជធីតា និង​រាជសម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្តេច​ទៅ ៕